សម្ដី​ចាក់ដោត​៧​ឃ្លា អ្នក​ម្ដាយ​មិន​គួរ​និយាយ​ទៅ​កាន់​កូន​ស្រី បើ​មិន​ចង់​ឱ្យ​កូន​ខូច

  • 2017-09-26 06:18:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្វើ​ជា​ឪពុក​ម្ដាយ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​។ ការ​អប់​រំ​កូន​ គឺ​ជា​រឿង​ដ៏​ស្មុគស្មាញ និង​គួរ​ឱ្យ​ប្រុង​ប្រយ័ត្ន​បំផុត ព្រោះ​បើ​អប់​រំ​មិន​បាន​ល្អ កូន​របស់​អ្នក​នឹង​ទទួល​រង​ឥទ្ធិពល​អាក្រក់ មិន​មែន​តែ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ តែ​ពេល​ខ្លះ​ពី​ឪពុក​ម្ដាយ​ផ្ទាល់​តែ​ម្ដង​។ ជាពិសេស​សម្រាប់​កូន​ស្រី អ្នក​ម្ដាយ​គួរ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ស្ដី​ប្រដៅ​ទូន្មាន ដោយ​ចៀស​ឱ្យ​បាន​នូវ​ពាក្យ​សម្ដី​ដូច​ខាង​ក្រោម​នេះ ទើប​កូន​ស្រី​អាច​លូតលាស់​ក្នុង​បរិយាកាស​ល្អ​។

១- ឈប់​យំ​ភ្លាម!

អ្នក​ណា​ក៏​មាន​ពេល​ខូចចិត្ត និង​កើត​ទុក្ខ​ដូចគ្នា។ បើ​ពេល​ឃើញ​កូន​ស្រី​យំ ហើយ​អ្នក​បែរ​ជា​បង្ខំ​ពួក​គេ​ឱ្យ​ឈប់​យំ ​អ្នក​កំពុង​តែ​បង្ហាញ​ថា ការ​ឈឺចាប់​របស់​កូន​ស្រី​អ្នក​គឺ​ជា​ភាព​ទន់​ខ្សោយ​របស់​នាង ហើយ​អ្នក​ក៏​កំពុង​មិន​ខ្វល់ខ្វាយ​នឹង​ភាព​ឈឺចាប់​ទាំង​នោះ​ដែរ​។ ដំណោះ​ស្រាយ​ ពេល​ឃើញ​កូន​ស្រី​យំ អ្នក​គួរ​សួរ​នាំ​ ឬ​បើក​ឱកាស​ឱ្យ​នាង​បង្ហាញ​មូលហេតុ​ពី​ក្រោយ​រឿង​ទាំង​នេះ និង​ស្វែង​រក​ដំណោះ​ស្រាយ​ជាមួយ​គ្នា ដោយ​គ្មាន​ការ​ស្ដី​បន្ទោស​។ នេះ​បង្ហាញ​ថា​ អ្នក​ជា​ម្ដាយ​ដែល​ឱ្យ​តម្លៃ​លើ​ទុក្ខ​លំបាក និង​អារម្មណ៍​របស់​កូន ហើយ​ជា​ខ្នង​បង្អែក​ដែល​ពួក​គេ​អាច​ពឹង​ពាក់​បាន​រាល់​ពេល​មាន​ទុក្ខ​ព្រួយ។

២- កុំ​ធ្វើ​បែប​ហ្នឹង កូន​កំពុង​ធ្វើ​ឱ្យ​ប្រុសៗ​ខ្លាច​ហើយ​ណា៎!

វា​ជា​រឿង​សំខាន់​ដែល​អ្នក​មិន​គួរ​ហាម​ឃាត់​កូន​ស្រី​មិន​ឱ្យ​ធ្វើ​សកម្មភាព ឬ​លេង​របស់​អ្វី​ដែល​ជា​ទម្លាប់​របស់​ក្មេង​ប្រុស​។ មិន​មែន​​បាន​ន័យ​ថា ការ​លេង​ដូច​ក្មេង​ប្រុស​នឹង​ធ្វើ​ឱ្យ​កូន​ស្រី​លែង​មាន​អ្នក​ស្រលាញ់​ទេ ប៉ុន្តែ​វា​គឺ​ជា​ចំណូល​ចិត្ត​របស់​មនុស្ស​ម្នាក់​ៗ ហើយ​ពេល​ខ្លះ​ការ​ប្រឈម​ឬ​លេង​របស់​ទាំង​នោះ​អាច​ជួយ​កូន​ស្រី​ឱ្យ​រឹង​មាំ ឯករាជ្យ អាច​ការពារ​ខ្លួន​ដូច​ក្មេង​ប្រុស​បាន​ផង​។

៣- កូន​ឯង​ធ្វើ​អ៊ីចឹង​ខុស​ហើយ ធ្វើ​តាម​ម៉ាក់​វិញ​!

កុំ​ចូល​ចិត្ត​បង្ខំ​កូន​ឱ្យ​ធ្វើ​តាម​អ្វី​ដែល​អ្នក​ធ្វើ ព្រោះ​មនុស្ស​ម្នាក់ៗ​មាន​វិធី​ដោះ​ស្រាយ​រៀង​ៗ​ខ្លួន​។ ឧទាហរណ៍​ថា កូន​ស្រី​អ្នក​ចំណាយ​ពេល​ចង​ខ្សែ​ស្បែក​ជើង​យូរ ឬ​ចង​មិន​ត្រូវ អ្នក​គ្រាន់​តែ​ប្រាប់​ពី​របៀប​នៃ​ការ​ចង ហើយ​ឱ្យ​គេ​សាក​ល្បង​ដោយ​ខ្លួន​ឯង​ចុះ ទោះ​ចំណាយ​ពេល​យូរ​យ៉ាង​ណា​ ក៏​ចុង​ក្រោយ​គេ​គង់​អាច​ធ្វើ​បាន​។ ការ​ដែល​ឱ្យ​គេ​រៀន​ធ្វើ​ខ្លួន​បែប​នេះ គេ​នឹង​ដឹង​ពី​បរាជ័យ និង​ជោគជ័យ ហើយ​ក៏​គ្មាន​សម្ពាធ​ថា ធ្វើ​បែប​នេះ​នឹង​ត្រូវ​មាត់​ម្ដាយ​ឬ​អត់​ដែរ​។

៤- ​នេះ​កូន​ឯង​ឡើង​ទម្ងន់​មែន?

ការ​បន្ទោស​កូន​ពេល​នាង​ធាត់​ជាង​មុន គឺ​ជា​រឿង​ដែល​អ្នក​ម្ដាយ​មិន​គួរ​ហា​មាត់​ធ្វើ​ឡើយ​។ នារី​អាច​ប្រែ​ប្រួល​ទម្ងន់​ខ្លួន​ទៅ​តាម​វ័យ ហើយ​វិធី​ដែល​អាច​ឱ្យ​កូន​រក្សា​ទម្ងន់​ខ្លួន​បាន​ល្អ​នោះ​ គឺ​ការ​បង្រៀន​ពួក​គេ​ឱ្យ​ដឹង​ថា អាហារ​បែប​ណា​ល្អ​សម្រាប់​រាងកាយ ឬ​ទម្លាប់​បែប​ណា​ដែល​មិន​បណ្ដាល​ឱ្យ​ខូច​រាង​ មិន​មែន​ការ​ហាម​មិន​ឱ្យ​ញ៉ាំ​អ្វី​ដែល​នាង​ចូល​ចិត្ត​សោះ​នោះ​ទេ​។ ម្យ៉ាង​ទៀត ការ​មាន​សុខភាព​ល្អ​ក៏​មិន​មែន​សុទ្ធ​តែ​ផ្ដោត​លើ​ទម្ងន់​លើ​ភ្នែក​ជញ្ជីង​ដែរ​។

៥- ធ្វើ​អី​មិន​យក​ប្រាជ្ញា​មក​គិត​សោះ​!

មួយ​ឃ្លា​នេះ​ឈឺ​ខ្លាំង​ណាស់! ព្រោះ​អ្នក​ណា​ក៏​ធ្លាប់​មាន​កំហុស​ដែរ ហើយ​បើ​គ្រាន់​តែ​គ្នា​ធ្វើ​ខុស ហើយ​ម្ដាយ​ប្រដៅ​ដោយ​ប្រើ​ឃ្លា​នេះ វា​ដូច​ជា​អ្នក​កំពុង​មើល​ងាយ​សមត្ថភាព​របស់​កូន និង​ជំរុញ​ឱ្យ​ពួក​គេ​លែង​ចង់​ធ្វើ​អ្វី​ផ្សេង​ទៀត​។ ម្យ៉ាង​ទៀត ការ​យក​ខ្លួន​ឯង​មក​ធ្វើ​ជា​គំរូ​ដល់​កូន​ ឧទាហរណ៍​ការ​និយាយ​ថា កាល​ម៉ាក់​នៅ​តូច​ ម៉ាក់​ឆ្លាត​ជាង​នេះ ឬ​បែប​នេះ​ បែប​នោះ នឹង​កាន់​តែ​ធ្វើ​ឱ្យ​កូន​បាក់​ទឹក​ចិត្ត​ជាង​មុន​មិន​ខាន​។

៦- កូន​ឯង​នេះ​នាំ​បញ្ហា​មិន​ឈប់​សោះ​!

ការ​ស្ដី​បន្ទោស​រាល់​​ពេល​កូន​មាន​បញ្ហា គឺ​ជា​រនាំង​មួយ​ដែល​ឃាត់​កូន​ស្រី​លែង​ហ៊ាន​មក​សុំ​ការ​ប្រឹក្សា ឬ​យោបល់​ពី​ម្ដាយ​ទៀត​នៅ​ពេល​ក្រោយ ព្រោះ​តែ​ខ្លាច​ត្រូវ​ម្ដាយ​ស្ដី​ឱ្យ​ដូច​មុន​។ សាកល្បង​ស្ដាប់​អ្វី​ដែល​បាន​កើត​ឡើង ហើយ​ទុក​ឱកាស​ឱ្យ​ពួក​គេ​និយាយ​ពី​អ្វី​ដែល​ពួក​ចង់​បាន​ពី​ឪពុក​ម្ដាយ​គួរ​តែ​ជា​អ្វី​ដែល​ប្រសើរ​ជាង​នេះ​។

៧- ម៉េច​មិន​ធ្វើ​ឱ្យ​ដូច​បង​ឯង ឬ​អ្នក​នេះ​អ្នក​នោះ?

ម្ដាយ​ឪពុក​អាស៊ី​មួយ​ចំនួន​នៅ​តែ​មាន​គំនិត​យក​កូន​ខ្លួន​​ឯង​ទៅ​ប្រៀបធៀប​អ្នក​ដទៃ ឬ​សូម្បី​បង​ប្អូន​របស់​គេ​។ ការ​ធ្វើ​បែប​នេះ សម្រាប់​ក្មេង​ស្រី​គឺ​ជា​សម្ពាធ​ដ៏​ធំ​មួយ​ ព្រោះ​មនុស្ស​ម្នាក់​ៗ​មាន​គោលដៅ មាន​អត្តចរិត និង​ការ​ប្រព្រឹត្ត​ខុស​គ្នា មិន​អាច​ធ្វើ​តាម​គ្នា​បាន​គ្រប់​បែប​យ៉ាង​នោះ​ទេ​។ ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឱ្យ​ពួក​គេ​បាត់​បង់​មហិច្ឆតា​ និង​លែង​មាន​អារម្មណ៍​ផ្ដោត​លើ​ការ​តាំង​ចិត្ត​របស់​ខ្លួន៕

ចុចអាន៖

ប្រភព៖ Happy Life Report ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម