មនុស្ស​ស្រី​កុំ​ដោយ​សារ​តែ​ខ្លាច​អត់​គូ ហើយ​ប្រញាប់​រៀបការ ប្រយ័ត្ន!

  • 2017-07-31 02:16:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យុវភាព​របស់​មនុស្ស​ស្រី​ស្អាត​យ៉ាង​នេះ មាន​សិទ្ធិ​ស្រលាញ់ មាន​សិទ្ធ​រើស​ឲ្យ​ខ្លួន​ឯង​មនុស្ស​ម្នាក់​ដែល​អាច​ផ្ដល់​សុភមង្គល​ឲ្យ​ខ្លួន​ឯង​បាន។ ដូចនេះ​ហេតុ​អី​ចាំបាច់​ចង​ខ្លួន​ឯង​ជាមួយ​មនុស្ស​ម្នាក់​ដែល​ទើប​តែ​ស្គាល់​មិន​ទាន់​ទាំង​ច្បាស់​ទៀត​នោះ?

មាន​ហេតុផល​ច្រើន​សម្រាប់​មនុស្ស​ម្នាក់​ប្រញាប់​រៀបការ​ណាស់៖ ព្រោះ​ខ្លាច​អត់​គូ ព្រោះ​គិត​ថា​ខ្លួន​ដល់​អាយុ​ត្រូវ​រៀបការ​ហើយ ព្រោះ​ខ្លាច​ហួស​អាយុ​នេះ​នឹង​លែង​មាន​អ្នក​ស្រលាញ់...។

នៅ​ពេល​ដែល​ក្រុម​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​ចូល​រោងការ​អស់ ហើយ​ងាក​មក​ឃើញ​ថា​នៅ​តែ​ខ្លួន​ឯង​កណ្ដោចកណ្ដែង បូក​រួម​នឹង​ការ​ស្ដី​បន្ទោស ក៏​ដូច​តឿន​របស់​គ្រួសារ​ទៀត​នោះ នារី​មួយ​ចំនួន​អាច​នឹង​បាក់​ទឹក​ចិត្ត​ហើយ​ក៏​យល់​ព្រម​ប្រគល់​ជីវិត​របស់​ខ្លួន​ឲ្យ​ទៅ​បុរស​ណា​ម្នាក់​ដែល​ម៉ាក់​ណែនាំ​ឲ្យ​ស្គាល់។

តើ​ចាំ​បាច់​ត្រូវ​ធ្វើ​ដូច​នេះ​ទេ បើ​ពេល​នេះ​គឺ​ជា​ពេល​វេលា​ដ៏​ស្អាត​បំផុត​របស់​មនុស្ស​ស្រី​ម្នាក់​ទៅ​ហើយ។ អ្នក​កំពុង​តែ​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន​ទេ​តើ ម៉េច​ដោយ​សារ​តែ​មជ្ឈដ្ឋាន​ជុំ​វិញ​ហើយ​ធ្វើ​តាម​គេ​ដូច​នេះ?

មិន​មែន​ជីវិត​រៀបការ​ណា​ក៏​ស្រស់​ស្អាត​ដូច​នៅ​ពេល​កូន​ក្រមុំ​ស្លៀក​រ៉ូប​អាពាហ៍ពិពាហ៍​នោះ​ទេ។ កុំ​ប្រគល់​ជីវិត​ដែល​នៅ​សល់​របស់​ខ្លួន​ឲ្យ​ពាក្យ​ថា​ "ហេង​ស៊យ" ​ឲ្យ​សោះ។ វា​ស្ដាប់​ទៅ​ដូច​មាន​ន័យ​ថា​អ្នក​គ្មាន​ទំនួលខុសត្រូវ​នឹង​ជីវិត​របស់​ខ្លួន​អីចឹង។ អ្វី​ដែល​ត្រូវ​ដល់​គង់​តែ​មក​ដល់​នោះ​ទេ ហេតុ​អ្វី​ចាំ​បាច់​ទៅ​ហត់​ខ្លួន​ជីក​រក​ធ្វើ​អ្វី?

ត្រូវ​ចង​ចាំ​ថា​អ្នក​ជា​មនុស្ស​តែ​មួយ​គត់​ដែល​មាន​សិទ្ធិ​សម្រេច​សុភមង្គល​របស់​ខ្លួន​ឯង។ កុំ​ទុក​ឲ្យ​អ្នក​ដទៃ​ធ្វើ​ឲ្យ​រង្គោះរង្គើ​ការ​សម្រេច​ចិត្ត​របស់​យើង​ឲ្យ​សោះ​។ សូម​រៀបការ​នឹង​នរណា​ដែល​អ្នក​ជឿជាក់​ថា​នឹង​ពាំនាំ​ក្ដី​ស្រលាញ់​មក​ឲ្យ​អ្នក និង​ជា​មនុស្ស​ដែល​ជ្រើស​យក​ដោយ​ខ្លួន​ឯង៕

អត្ថបទ៖ Caramel