ឈប់​រៀន​ហើយ​ ​ធ្វើ​​យ៉ាង​ណា​​អាច​រក្សា​មិត្តភាព​​ឲ្យ​នៅ​ដូច​ដើម? ៥​វិធី​នេះ​ជួយ​បាន!

  • 2017-07-28 01:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្វី​មួយ​ដែល​តែង​ផ្លាស់​ប្ដូរ​គ្រប់​ពេល​ ​ គឺ​មនុស្ស​ដែល​ចូល​មក​ក្នុង​ជីវិត​របស់​យើង​នោះ​ឯង។ នៅ​ពេល​យើង​កាន់​តែ​ធំ មុខ​នាទី​របស់​យើង​ក៏​កាន់​តែ​ច្រើន ពេល​ខ្លះ​ក៏​អាច​ត្រូវ​​ចូល​ធ្វើ​ការ ឬ​រៀបការ ដែល​មិន​អាច​ប្រើ​ជីវិត​​​សេរី​​ខ្លួន​មួយ​ដូច​មុន​ទេ។ មនុស្ស​ស្រី​ជា​ច្រើន​ប្រាកដ​ជា​ខ្លាច​ថា​ដល់​ដំណាក់កាល​នោះ​​ខ្លួន​នឹង​កាន់​តែ​លែង​ស្និទ្ធ​ជាមួយ​មិត្តភ័ក្ដិ​ដូច​មុន។ ដូច្នេះ​ហើយ​ថ្ងៃ​នេះ​ Kanha សូម​បង្ហាញ​រូបមន្ត​​ខ្លះ​​ៗ ក្នុង​ការ​រក្សា​ទំនាក់ទំនង​ជាមួយ​​មិត្ត​ជិត​ស្និទ្ធ​ មិន​ថា​ម្នាក់​នៅ​លីវ ម្នាក់​រៀប​ការ ធ្វើ​ការ​កន្លែង​ខុស​គ្នា​យ៉ាង​ណា​ក៏​មិត្តភាព​នៅ​ដូច​ដើម។

១. ចង​ចាំ​ទុក​​ថា​អ្វី​ដែល​​នាំ​ឲ្យ​យើង​​មក​ជួប​គ្នា

ជា​មិត្តភ័ក្ដិ​គ្នា​មិន​ចាំ​បាច់​ត្រូវ​តែ​ជួប​គ្នា​រាល់​ថ្ងៃ​ ឬ​បាន​និយាយ​គ្នា​រាល់​យប់​នោះ​ទេ។ គ្រាន់​តែ​ចាំ​ថា​យើង​ជិតស្និទ្ធ​នឹង​គ្នា​ដោយ​សារ​អ្វី បាន​ជួប​គ្នា​ដំបូង​នៅ​ឯ​ណា ឬអ្វី​ដែល​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មិត្ត​នឹង​គ្នា ប៉ុណ្ណឹង​ក៏​គ្រប់គ្រាន់​ហើយ។ យូរ​ៗម្ដង​អាច​ទូរសព្ទ​ទៅ​រំឭក​ការ​ចងចាំ​ល្អ​ៗ​នេះ​ជាមួយ​គ្នា​ខ្លះ និង​​អាប់ឌែត​រឿង​រ៉ាវ​ជីវិត​ឲ្យ​គ្នា​ស្ដាប់​ខ្លះ ឲ្យ​មិត្ត​ដឹង​ថា​យើង​យ៉ាង​ម៉េច​ហើយ​ឥលូវ​នេះ។

២. ស្វែង​រក​ពេល​វេលា​បង្កើត​ការ​ចងចាំ​ថ្មី​ៗ

ត្បិត​តែ​យើង​អាច​និយាយ​គ្នា​ពី​អតីតកាល​​បាន​ពេញ​មួយ​ថ្ងៃ​ពេញ​មួយ​យប់​ដោយ​មិន​ធុញ ប៉ុន្តែ​ពិត​ណាស់​ រាល់​ទំនាក់ទំនង​​ក៏​ត្រូវ​ការ​​​​ការ​ពង្រឹង​ទៅ​មុខ។ សាក​ល្បង​រក​ថ្ងៃ​ណា​មួយ​ទៅ​សម្រាក​កាយ​រំសាយ​ចិត្ត ​បបួល​មិត្ត​ជិត​ស្និទ្ធ​ទៅ​ដើរ​លេង​ជាមួយ​គ្នា​​ដូច​កាល​នៅ​ក្មេង​សាក​មើល៍។ បង្កើត​អនុស្សាវរីយ៍​ជាមួយ​គ្នា ធ្វើ​សកម្មភាព​ផ្សេង​ៗ​ជាមួយ​គ្នា ប្រើ​ពេល​វេលា​ជាមួយ​គ្នា នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​នឹង​មិត្ត​ភ័ក្ដិ​​មាន​ការ​ចងចាំ​ល្អ​ៗ​ដែល​អាច​រំឭក​ជាមួយ​គ្នា​បាន​យូរ​អង្វែង​ត​ទៀត។

៣. រក​ចំណុច​កណ្ដាល​ដែល​ងាយ​ស្រួល​សម្រាប់​គ្រប់​គ្នា

ពេល​រៀន​ចប់​ហើយ​ចែក​ជើង​គ្នា​ចេញ​ធ្វើ​ការ ការ​ណាត់​ជួប​គ្នា​ក៏​ក្លាយ​ជា​រឿង​កាន់​តែ​​លំបាក​។ គម្រោង​ណាត់​ជួប​គ្នា​ជា​ច្រើន​លើក​ត្រូវ​បរាជ័យ ដោយ​សារ​ម្នាក់​ៗ​មាន​ពេល​ទំនេរ​មិន​ដូច​គ្នា ខ្លះ​ក៏​គ្មាន​លុយ។ ចំណុច​នេះ​ហើយ​ដែល​យើង​ត្រូវ​និយាយ​គ្នា គឺ​ត្រូវ​រក​ពេល​វេលា​ដែល​ភាគ​ច្រើន​ទំនេរ និង​កំណត់​ការ​ចំណាយ​ឲ្យ​ច្បាស់​លាស់ ដើម្បី​ឲ្យ​ងាយ​ស្រួល​ទាំង​អស់​គ្នា។ វា​អាច​នឹង​លំបាក​ក្នុង​ការ​ជួបជុំ​បាន​គ្រប់​គ្នា បើ​មិត្ត​ក្នុង​ក្រុម​របស់​យើង​មាន​ចំនួន​ច្រើន ដូច្នេះ​ត្រូវ​ត្រៀម​ចិត្ត​ថា​យើង​មិន​អាច​ជុំ​គ្នា​បាន​រហូត​នោះ​ទេ ព្រោះ​បើ​ចាំ​រហូត​ជុំ​គ្នា វា​ក៏​មិន​អាច​មាន​ថ្ងៃ​ជួប​គ្នា​ក៏​ថា​បាន។

៤. ត្រៀម​ខ្លួន​ទទួល​យក​ភាព​ខុស​គ្នា

នៅ​ពេល​ដែល​យើង​​ស្ថិត​ក្នុង​ដំណាក់​កាល​ជីវិត​ខុស​គ្នា ដូច​ជា​មិត្ត​យើង​អាច​នឹង​​មាន​ប្ដី​មាន​កូន ប៉ុន្តែ​យើង​នៅ​តែ​នៅ​លីវ ប្រធាន​បទ​សន្ទនា​រវាង​យើង​ទាំង​ពីរ​ក៏​អាច​​មិន​សូវ​ចូល​គ្នា។ យើង​អាច​ចាប់​អារម្មណ៍​រឿង​ញ៉ាំ ប៉ុន្តែ​គាត់​ចាប់​អារម្មណ៍​រឿង​ថែ​ទាំ​សុខភាព ចង់​ញ៉ាំ​តាម​ចិត្ត​ក៏​មិន​បាន​ព្រោះ​ត្រូវ​បំបៅ​ដោះ​កូន... បញ្ហា​ទាំង​នេះ​ហើយ​ដែល​ត្រូវ​ត្រៀម​ចិត្ត​ទទួល​យក ដែល​ដំបូង​ៗ​វា​អាច​នឹង​ពិបាក​​ស៊ាំ​បន្តិច ប៉ុន្តែ​និយាយ​គ្នា​យូរ​ៗ​ទៅ​​ភាព​ស្និទ្ធស្នាល​រវាង​យើង​នឹង​មិត្ត​​នឹង​អាច​ត្រលប់​មក​វិញ​ដោយ​ខ្លួន​ឯង។

៥. រក​មិត្ត​ថ្មី (​តែ​រក្សា​មិត្ត​ចាស់​នៅ​ដដែល​ណា៎)

មក​ដល់​ដំណាក់​កាល​ថ្មី​មួយ​ក្នុង​ជីវិត​ យើង​ក៏​ត្រូវ​ជួប​ជាមួយ​មនុស្ស​ថ្មី​ៗ ព្រោះ​បរិយាកាស​ដែល​​យើង​ស្ថិត​ក្នុង​នោះ​គឺ​មិន​ដូច​ពី​មុន​ទៀត​ទេ។ បើ​យើង​ធ្វើ​ការ ចប់​ពី​ការងារ យើង​ក៏​អាច​ចូល​កន្លែង​ញ៉ាំ​អី ឬ​ដើរ​ផ្សារ​ជាមួយ​មិត្ត​រួម​ការងារ តែ​បើ​យើង​មាន​កូន ថ្ងៃ​ណា​មួយ​យើង​អាច​នឹង​ជូន​ និង​ទទួល​កូន​តូច​របស់​យើង​នៅ​​សាលារៀន បាន​ជួប​និយាយ​​ជាមួយ​មេផ្ទះ​ដូច​គ្នា។ មនុស្ស​ដែល​នៅ​ជុំវិញ​យើង​​នៅ​​ដំណាក់​កាល​ខុស​ៗ​គ្នា​នេះ​ហើយ​ដែល​អាច​ក្លាយ​ជា​មិត្ត​ថ្មី​របស់​យើង និង​ជា​មនុស្ស​ដែល​យើង​អាច​ស្និទ្ធស្នាល​ខ្លាំង​បំផុត​​​ចាប់​ពី​ពេល​នេះ​ទៅ​មុខ។ តែ​ទោះ​យ៉ាង​ណា​ក៏​សូម​កុំ​ភ្លេច​​មិត្ត​ចាស់​ដែល​ធ្លាប់​​តស៊ូ​រួម​សុខ​ទុក្ខ​ជាមួយ​គ្នា​ពី​មុន​ផង ៕

ប្រភព៖ Orami ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម