៩រឿង​​កុំ​បណ្ដោយ ​ប្រយ័ត្ន​ស្ដាយ​ក្រោយ​បោក​ខ្លួន​​ក្នុង​ពេល​១០​ឆ្នាំ​ទៅ​មុខ

  • 2017-07-26 23:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រយៈ​ពេល​ពី​មួយ​ខែ​ទៅ​មួយ​ខែ មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កន្លង​ទៅ​យ៉ាង​លឿន ហើយ​ពី​ក្រោយ​អំឡុង​ពេល​នេះ យើង​ខក​ខាន​​មិន​បាន​ធ្វើ​រឿង​សំខាន់​ៗ​ជា​ច្រើន។ ក៏​ប៉ុន្តែ​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក​ ទើប​យើង​ភ្ញាក់​ខ្លួន​ថា ការ​ពិត​យើង​គួរ​តែ​បាន​ធ្វើ​រឿង​មាន​ប្រយោជន៍​ច្រើន​ដើម្បី​ជីវិត។ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​​មួយ​ចំនួន​ដែល​មនុស្ស​ជា​ច្រើន​តែង​ស្ដាយ​ក្រោយ រួម​ជាមួយ​ដំបូន្មាន​ខ្លះ​ៗ​ដើម្បី​ចៀសវាង​ការស្ដាយ​ក្រោយ​នេះ៖  

១. ជ្រើសរើស​ដៃ​គូ​ជីវិត​ខុស

មនុស្ស​ជា​ច្រើន​សុខ​ចិត្ត​រស់​នៅ​ជាមួយ​គូ​ស្នេហ៍​ដែល​មិន​ល្អ ព្រោះ​តែ​ខ្លាច​ភាព​ឯកោ។ ប៉ុន្តែ​ច្រើន​ឆ្នាំ​ក្រោយ​មក​ ទើប​គេ​យល់​ច្បាស់​ថា​គេ​គួរ​នៅ​ម្នាក់​ឯង ប្រសើរ​ជាង​រស់​នៅ​ជាមួយ​មនុស្ស​ដែល​នាំ​មក​ឲ្យ​គេ​តែ​ការ​ខក​ចិត្ត ការ​ឈឺចាប់ និង​ការ​ធ្វើ​បាប។  

២. ចំណាយ​ពេល​តិច​តួច​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់

ដោយ​សារ​សម្ពាធ​ការងារ ធ្វើ​ឲ្យ​យើង​​​មាន​ពេល​គិតគូរ​កាន់​តែ​​តិច​ចំពោះ​​មនុស្ស​ជាទី​ស្រឡាញ់។ ប៉ុន្តែ ជា​រឿយ​ៗពេល​ដែល​មាន​បញ្ហា​លំបាក ​ទើបយើង​ភ្ញាក់​ខ្លួន ពិសេស​កូន​ៗ​ដែល​ចេញ​ធ្វើ​ការ រស់​នៅ​ឯករាជ្យ​ជាមួយ​ប្ដី​ប្រពន្ធ​ខ្លួន ក៏​មើល​រំលង​ការ​លំបាក​របស់​ឪពុក​ម្ដាយ។

៣. ចំណាយ​ពេល​ច្រើន​ឥត​ប្រយោជន៍

មើល​កម្មវិធី​ទូរទស្សន៍ ឆាត​ជាមួយ​មិត្តភ័ក្ដិ​តាម​បណ្ដាញ​សង្គម លេង​ហ្គេម... គឺ​សុទ្ធ​តែ​ជា​ការ​ចំណាយ​ពេល​ច្រើន។ ប៉ុន្តែ​ការ​ពិត​អ្នក​អាច​យក​ពេល​ទាំង​នេះ​​ទៅ​ធ្វើ​រឿង​ដែល​មាន​ប្រយោជន៍​ជា​ច្រើន ហើយ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​អ្នក​នឹង​ដឹង​ថា​ជីវិត​អ្នក​អាច​ផ្លាស់​ប្ដូរ​យ៉ាង​ណា។

៤. ទម្លាប់​រស់​នៅ​ដោយ​មិន​គិត​គូរ​ពី​សុខភាព

ទម្លាប់​អាក្រក់​ជា​ច្រើន​អាច​បំផ្លាញ​សុខភាព​របស់​យើង​ជា​រៀងរាល់​ថ្ងៃ។ បើ​ទោះ​ជា​ពេល​នេះ​សុខភាព​យើង​ហាក់​គ្មាន​បញ្ហា​អ្វី ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​អ្នក​នឹង​ដឹង​ពី​លទ្ធផល។

៥. មិន​សូវ​បាន​ដើរ​កម្សាន្ត

មាន​មនុស្ស​តិច​ណាស់​ដែល​គ្មាន​ក្ដី​ស្រមៃ​ថា​ចង់​ទៅ​ដើរ​លេង​​នៅ​កន្លែង​ឆ្ងាយ​ៗ​ណា​មួយ។ ប៉ុន្តែ​ក្ដី​ស្រមៃ​នេះ​តែង​ត្រូវ​ផ្អាក​ដោយ​សារ​ទំនួល​ខុស​ត្រូវ​ផ្សេង​ៗ​ចូល​មក​បន្ត​បន្ទាប់ ការ​ខ្ជិល ការ​អូស​បន្លាយ រហូត​ដល់​ពេល​មួយ​ដែល​នឹក​ស្ដាយ​ក្រោយ​ប៉ុន្តែ​ក៏​មាន​ចំណង​កាន់​តែ​ច្រើន​ជាង​មុន។

៦. ធ្វើ​ការ​ច្រើន​ជ្រុល

​មនុស្ស​ជា​ច្រើន​ធ្វើ​ដូច្នេះ​ដោយ​សារ​ពួក​គេ​មិន​ឲ្យ​តម្លៃ​ទៅ​លើ​រឿង​ផ្សេង​ក្រៅ​ពី​ការងារ ប៉ុន្តែ​​គួរ​កុំ​ភ្លេច​ថា​អ្នក​ត្រូវ​ការ​ពេល​សម្រាក​លំហែ​ខ្លះ​ដែរ ដើម្បី​ជីវិត​ការងារ​មាន​ភាព​រលូន។

៧. ឈប់​រៀន​អ្វី​ថ្មី

មនុស្ស​ជា​ច្រើន​ជឿ​ថា​​រៀន​យក​សញ្ញាប័ត្រ​​មួយ​គឺ​គ្រប់​គ្រាន់​ហើយ។ មែន វា​ជា​ការ​ល្អ​បើ​អ្នក​មាន​សញ្ញាប័ត្រ​មួយ ប៉ុន្តែ​ការ​អភិវឌ្ឍ​​ខ្លួន​ជា​បន្តបន្ទាប់ នឹង​ផ្ដល់​ឲ្យ​អ្នក​មិន​ត្រឹម​តែ​ឱកាស​កាន់​តែ​ច្រើន ប៉ុន្តែ​ក៏​នាំ​មក​នូវ​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ផង​ដែរ។

៨. ធ្វើ​ការងារ​ដែល​ខ្លួន​មិន​ចូល​ចិត្ត

ជា​រឿយ​ៗ យើង​តែង​ធ្វើ​ការ​នៅ​កន្លែង​មួយ​ដែល​យើង​មិន​ចូល​ចិត្ត ដោយ​សារ​តែ​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្ត និង​ភាព​គ្មាន​ឆន្ទៈ​ក្នុង​ការ​ចាកចេញ​ពី​អ្វី​ដែល​ងាយ​ស្រួល (Comfort Zone)។ ប៉ុន្តែ​ប្រសិន​បើ​យើង​មិន​ហ៊ាន​​ប្រថុយ​ និង​ផ្លាស់​ប្ដូរ​អ្វី​មួយ​ក្នុង​ជីវិត យូរ​ៗ​ទៅ​ជីវិត​យើង​អាច​នឹង​អស់​ន័យ​ដោយ​សារ​តែ​ការងារ​ដែល​យើង​មិន​ចូលចិត្ត​នោះ​ឯង។

៩. ពូកែ​ស្រមៃ​តែ​មិន​ដែល​បញ្ចេញ​សកម្មភាព

បើ​សិន​អ្នក​មិន​លូក​ដៃ​ធ្វើ​អ្វី​ដើម្បីឲ្យ​ក្ដី​ស្រមៃ​អ្នក​ក្លាយ​ជា​ការ​ពិត គ្រប់​យ៉ាង​នឹង​នៅ​តែ​ជា​ការ​ស្រមៃ។ បើ​សិន​ជា​អ្នក​រង់​ចាំ​តែ​ពេល​វេលា​ល្អ​ឥត​ខ្ចោះ​មួយ​ជីវិត អ្នក​នឹង​មិន​ដែល​មាន​ឱកាស​អ្វី​ឡើយ ៕  

ប្រភព៖ Brightside ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម