ទទួល​ស្គាល់​ទៅ​ថា ពេល​វេលា​កាន់​តែ​យូរ មនោសញ្ចេតនា​កាន់​តែ​សាប​រលាប

  • 2017-07-12 04:35:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ដែល​មនុស្ស​លែង​ចង់​ព្យាយាម​ហើយ នោះ​រាល់​ពាក្យ​ថា​ស្រលាញ់ ស្បថស្បែ ឬ​រិះគន់​ក៏​ក្លាយ​ជា​គ្មាន​តម្លៃ​ទៀត​ឡើយ។ កាន់​តែ​តោង​ទាម​អនុស្សាវរីយ៍​ក្នុង​អតីតកាល​កាន់​តែ​ឈឺចាប់។ ដូច​ការ​អោប​ដើម​ដំបង​យក្ស​ដែរ សង្ឃឹម​ថា​ថ្ងៃ​មួយ​វា​នឹង​កក់ក្ដៅ​ហើយ​រីក​ផ្កា បើ​ទោះ​បី​ជា​ឈឺ​យ៉ាង​ណា​ក៏​មិន​បោះបង់ ព្រោះ​គិត​ថា​បើ​ជ្រុល​ជា​ឈឺ​ទៅ​ហើយ ទោះ​បី​ជា​ឈឺ​ថែម​ថ្ងៃ​មួយ​ថ្ងៃ​ទៀត​ក៏​មិន​អី​ដែរ។

នៅ​ពេល​ដែល​ផ្កា​ដំបង​យក្ស​រីក​ហើយ ទើប​ដឹង​ថា​ខ្លួន​យើង​របួស​ពេញ​អស់​ហើយ ទើប​លែង​មាន​អារម្មណ៍​មើល​ផ្កា​នោះ​ទៀត ទាំង​ខ្លួន​ធ្លាប់​ព្យាយាម​យ៉ាង​ខ្លាំង​ចំពោះ​វា។

ស្នេហា​វ័យ​ក្មេង ដើម​ឡើយ​គឺ​គ្មាន​អ្វី​ដែល​ហៅ​ថា​ជា​និរន្ត​នោះ​ឡើយ តែ​យុវវ័យ​នៅ​តែ​ជឿ​លើ​វា​អាស្រ័យ​លើ​ការ​សន្យា។

អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺ​ថ្ងៃ​នេះ អ្នក​នឹង​ភ្លេច​នៅ​ថ្ងៃ​អនាគត។ អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ពេល​នេះ ក៏​មិន​ប្រាកដ​ថា​នឹង​នៅ​ជាមួយ​អ្នក​នៅ​ថ្ងៃ​ក្រោយ។ មនោសញ្ចេតនា​គឺ​ជា​រឿង​បច្ចុប្បន្ន តែ​សុភមង្គល​គឺ​ជា​រឿង​វែង​ឆ្ងាយ។ អ្វី​ដែល​ជះ​ឥទ្ធិពល​ដល់​ជីវិត​របស់​អ្នក​គឺ​មិន​មែន​មនោសញ្ចេតនា​នៅ​នឹង​មុខ​នោះ​ទេ តែ​ជា​អត្តចរិត​របស់​គេ។ ជ្រើស​រើស​យក​បុរស​ម្នាក់​ត្រូវ​តែ​មើល​ចិត្ត​គំនិត​របស់​គេ កុំ​ស្ដាប់​តែ​ពាក្យ​ផ្អែមល្ហែម​នឹង​នៅ​មុខ។

ដូច​នឹង​មហាសមុទ្រ​ដ៏​ធំធេង​ដែរ។ ស្នេហា​នឹង​ជ្រមុជ​យើង​ចុះ​ទៅ​ជ្រៅ អ្នក​ខ្លះ​ងើប​ឡើង​រួច​ហែល​ចូល​ច្រាំង ហើយ​ភ័យ​ខ្លាច​នឹង​វា​អស់​មួយ​ជីវិត។ ឯ​អ្នក​ខ្លះ​ទៀត​ក៏​ប្រឈម​មុខ​នឹង​ការ​ស្លាប់។ ឈឺចាប់ ឬ​សុភមង្គល​ចុង​បញ្ចប់​គឺ​ស្ថិត​ទៅ​លើ​ជម្រើស​របស់​យើង។ ស្នេហា​គឺ​មិន​ទុក​សម្រាប់​ឲ្យ​អ្នក​កំសាក​នោះ​ឡើយ ទាល់​តែ​ហ៊ាន​ប្រថុយ​ទើប​ដឹង​ថា​លទ្ធផល​អ្នក​ទទួល​គឺ​ជា​អ្វី។

ស្រលាញ់​គ្នា​យូរ​ស្មាន​តែ​នឹង​ស្អិតល្មួត យល់​គ្នា​ច្រើន​ជាង​មុន និង​ឈាន​ដល់​លទ្ធផល​បញ្ចប់​គឺ​មាន​គ្រួសារ​តូច​មួយ។ តែ​ផ្ទុយ​មក​វិញ នៅ​ពេល​ស្គាល់​ចរិត​របស់​គ្នា​ច្បាស់​លាស់​ហើយ ក៏​ចាប់​ផ្ដើម​ធុញ​និង​សង្ស័យ​ថា​តើ​ជម្រើស​របស់​ខ្លួន​គឺ​​ត្រូវ​ឬ​ខុស។ ដល់​ថ្ងៃ​មួយ​ទើប​ភ្ញាក់​រលឹក​វិញ​ថា យើង​ខុស​តាំង​ពី​ដើម​ឯណោះ ដែល​ខំ​តោង​ទាម​អ្វី​ដែល​មិន​មែន​ជា​របស់​ខ្លួន៕

ប្រភព៖ Guu ប្រែសម្រួល៖ Caramel