គ្រោះ​ថ្នាក់​ធំ​បំផុត​ដល់​ជីវិត ដែល​អ្នក​គួរ​តែ​ផ្លាស់ប្តូរ​ដើម្បី​​ខ្លួនឯង​​

  • 2017-06-09 07:24:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាច្រើន​ឆ្នាំ​មក​ហើយ មនុស្ស​នៅតែ​បន្ត​ធ្វើ​ឲ្យមាន​ការខូចខាត​ដល់​បរិស្ថាន ​ដែល​ការ​ធ្វើ​បែប​នេះ​នឹង​ផ្ដល់​ផល​ប៉ះ​ពាល់​ត្រលប់​មក​វិញ​ជា​បន្តបន្ទាប់​ដូច​ក្នុង​ល្បែង ដូមី​ណូ ( Domino Effect )​ ដែល​វា​នឹង​បង្ក​គ្រោះ​ថ្នាក់​ធំ​បំផុត​ ដល់​អាយុ​ជីវិត​អ្នក។

សំណួរ​មួយ​សួរ​ថា​ តើ​អ្នក​ជាប់​ពាក់​ព័ន្ធ​ស្និទ្ធស្នាល​នឹង​បរិស្ថាន​ដែរ​ឬទេ​? ចម្លើយ​ជា​ការ​ពិត​ អ្នក​ពិតជា​ជាប់​ពាក់​ព័ន្ធ​នឹង​បរិស្ថាន​មែន​​។ និយាយ​ដោយ​សាមញ្ញ​ទៅ អ្វី​ដែល​អ្នក​បាន​ធ្វើ​ចំពោះ​ប្រព័ន្ធ​បរិស្ថាន អ្នក​នឹង​ទទួល​​បាន​វិញ​ចំពោះ​ខ្លួនឯង​ដែរ​​។

ជាក់ស្តែង​ការ​បំពុល​បរិស្ថាន​វា​​នឹង​ត្រលប់​មក​រក​អ្នក​វិញ​ ហើយ​វា​នឹង​ជ្រាបចូល​ក្នុង​អាហារ​ដែល​អ្នក​បរិភោគ ខ្យល់​ដែល​អ្នក​ដកដង្ហើម និង​ទឹក​ដែល​អ្នក​ញ៉ាំ​ផង​ដែរ​។ ដូច​នឹង​របាយការណ៍​ពិភព​លោក​បាន​បង្ហាញ​ថា​មាន​ការ​ស្លាប់​ច្រើន​រាប់​មិនអស់​ដោយសារ​តែ​មាន​ជំងឺ​បណ្ដាល​មកពី​ការ​បំពុល​បរិស្ថាន​​នេះ​។

​- អាហារ​

ថ្នាំ​សម្លាប់​សត្វល្អិត និង​សារ​ធាតុគីមី​ផ្សេង​ទៀត​ត្រូវ​បាន​ប្រើ​ជាទូទៅ​នៅ​ក្នុង​ផលិតកម្ម​ម្ហូបអាហារ​។ ទោះ​ជា​យ៉ាងណា តើ​អ្នកដឹង​ទេ​ថា​របស់​ទាំង​នេះ​មិន​ត្រឹមតែ​ផ្ដល់​ផល​ប៉ះ​ពាល់​ចំ​ពោះ​មនុស្ស​នោះ​ទេ ប៉ុន្តែ​ថែមទាំង​ប៉ះពាល់​ចំពោះ​បរិស្ថាន​ផង​ដែរ​? វា​ធ្វើ​អោយ​គុណភាព​ដី​នៃ​កសិដ្ឋាន​ធ្លាក់​ចុះ និង​ប៉ះពាល់​ដល់​ជីវជាតិ​ដែល​ជួយ​ទ្រ​ទ្រង់​ដល់​ការ​រីក​លូតលាស់​នៃ​ដំណាំ​។ ជាពិសេស​ភាគច្រើន សារធាតុ​គីមី​ទាំង​នេះ​បាន​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក និង​ភាពសុំា​នៃ​ថ្នាំ​ចំ​ពោះ​ប្រជា​ជន​។

- ទឹក

​តើ​អ្នកដឹង​ទេ​ថា មានតែ ២,៥% នៃ​ទឹក​នៅ​លើ​ភព​ផែនដី​នេះ​ត្រូវ​បាន​ចាត់ទុកថា​អាច​ប្រើប្រាស់​បាន​? អ្វី​ដែល​ហួសចិត្ត​នោះ​គឺ រាងកាយ​របស់​មនុស្ស​មាន​ផ្ទុក​ជាតិ​ទឹក​រហូតដល់ ៧០%​ឯណោះ​។ ជាទូទៅ ទឹក​គឺជា​សមាសភាគ​សំខាន់​នៃ​រាងកាយ និង​សុខភាព​របស់​អ្នក​។ វា​ជា​ហេតុផល​សម​រម្យ​មួយ​ដែល​អ្នក​​គួរ​ផ្ដល់​ការ​ការពារ​ដោយ​ការ​ផ្គត់ផ្គង់​ទឹក​អោយ​បាន​គ្រប់​គ្រាន់​ដល់​រាងកាយ​។

កាក​សំណល់​ គឺជា​បញ្ហា​គំ​រាម​កំហែង​ចម្បង​ដល់​គុណភាព​នៃ​ទឹក​ដែល​អ្នក​មាន​។ ប្លាស្ទិក​ជាង ៣០០ លាន​តោន ត្រូវ​បាន​ផលិត​នៅ​គ្រប់​ទីកន្លែង ​និង​ក្នុង​ចំណោម​នោះ ៨ លាន​តោន ត្រូវ​បាន​គេ​បោះចោល​ទៅ​ក្នុង​សមុទ្រ​។ អ្នក​​បាន​ប្រើប្រាស់​ទឹក​ភាគច្រើន​ដែល​បាន​ពី​ប្រភព​ទឹក​ដោយ​មាន​ការ​បំ​ពុល​ពី​ទីក្រុង និង​កសិដ្ឋាន​បង្ហូរ​ចូល​ទៅ​ក្នុង​ទន្លេ លទ្ធផល​ចុងក្រោយ​សារធាតុ​ទាំងអស់​នោះ​នឹង​ជ្រាប​ចូល​ក្នុង​រាងកាយ​របស់​អ្នក​​វិ​ញ​។​

- ខ្យល់​អាកាស

​ឧស្សាហូបនីយកម្ម ​គឺជា​សមាសភាគ​វិជ្ជមាន​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​។ ទោះ​ជា​យ៉ាងណា ការ​បំភាយ​ឧស្ម័ន​ពី​ឧស្សាហកម្ម​នេះ​បាន​ប៉ះ​ពាល់​ដល់​សុខភាព​របស់​មនុស្ស​យ៉ាង​ខ្លាំង​។ ភាគច្រើន​នៃ​ឧស្ម័ន​ដែល​បាន​ភាយ​ចេញពី​រោងចក្រ​គឺ មាន​ផ្ទុក​ជាតិ​បារត និង​ស្ពាន់ធ័រឌីអុកស៊ីត​ដែល​ជា​ជាតិ​ពុល​ខ្លាំង​ដល់​រាងកាយ​របស់​មនុស្ស​។ អត្រា​ប្រេវ៉ាឡង់​នៃ​ជំងឺ​សួត បេះដូង មហារីក និង ហឺត​ត្រូវ​បាន​កើន​ឡើង​ដោយសារតែ​បញ្ហា​នៃ​ជាតិពុល​ក្នុង​បរិស្ថាន​ខាងក្រៅ​។

ជាតិពុល​នៃ​ខ្យល់​ក្នុង​ផ្ទះ​គឺ​ទទួល​បាន​ពី​ការ​ប្រើប្រាស់​ផលិតផល​ប្រចាំថ្ងៃ​ក្នុង​ផ្ទះ​។ ​លើស​ពី​ការ​ជ្រើស​សម្រាប់​អ្វី​ដែល​អ្នក​ត្រូវ​បរិភោគ ការ​ជៀសវាង​ពី​កន្លែង​មានការ​បំពុល​ខ្យល់ ខ្លាំង ឬ​ធ្វើតេស្ត​រក​សារ​ធាតុគីមី​ក្នុង​ទឹក ​ដែល​អ្នកប្រើប្រាស់​ដើម្បី​ធានា​ដល់​សុខុមាលភាព​នៃ​ការ​រស់នៅ អ្នក​ក៏​ត្រូវ​មាន​ការ​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់​ចំពោះ​ទីតាំង​ដែល​អ្នក​ត្រូវ​រស់នៅ​ផង​ដែរ​។ អនុវត្ត​របៀប​នៃ​ការ​ចោល​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ ឬ ប្រើ​ថង់​ក្រដាស​ជំនួស​ឱ្យ​ប្លាស្ទិក​ គឺ​គ្រប់​គ្រាន់​ដើម្បី​ចាប់​ផ្តើម​ការ​ផ្លាស់ប្ដូរ​យ៉ាង​ចម្បង​ក្នុង​ការ​កើន​ឡើង​នៃ​ការ​បំ​ពុល​បរិស្ថាន។

ដូច្នេះ​ចាប់ផ្ដើម​ពី​ខ្លួន​អ្នក និង​ធ្វើ​វា​ដោយ​ចេញពី​ចិត្ត ហើយ​ធ្វើ​រឿង​ត្រឹមត្រូវ​ដើម្បី​ការពារ​បរិស្ថាន៕​

បើ​​មាន​​សំណួរ​​ពាក់ព័​ន្ធ​នឹង​​អត្ថបទ​​នេះ ឬ​​​ការថែរក្សា​​សុខភាព អាច​​ទា​ក់ទង​​តាម​៖​

ចំណាំ៖ រាល់ថ្ងៃសុក្រ Kanha នឹងចេញផ្សាយអត្ថបទសុខភាព ពីអ្នកជំនាញផ្នែកសុខភាពរបស់ទស្សនាវដ្តី Healthwise Digest ពី DKSH៕

អត្ថបទ៖ DKSH