«មិនអីទេ!» ពាក្យ​ដែល​ម៉ែ​តែង​និយាយ​មុន​ស្លាប់ ​រឿង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្ដាយ​ក្រោយ​មួយ​ជីវិត

  • 2017-05-25 03:05:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សារព័ត៌មាន​បរទេស​បាន​ចុះ​ផ្សាយ​ថា មាន​ហាង​លក់សម្ភារៈ​​ប្រើប្រាស់​សម្រាប់​ពិធី​មង្គលការ និង​ពិធី​បុណ្យសព​មួយ​ឈ្មោះ «ដៃគូ​​ជីវិត» បាន​បង្កើត​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា «សំបុត្រ​តំណាង​ចិត្ត» ដែល​រៀប​ចំ​ឡើង​ដើម្បី​ឲ្យ​មហាជន​សរសេរ​សំបុត្រ​ពាក់ព័ន្ធ​នឹង​អារម្មណ៍​អរគុណ ឬ​អារម្មណ៍​សោកស្ដាយ​ចំពោះ​សាច់ញាតិ​ដែល​បាន​បាត់បង់​ជីវិត។

សំបុត្រ​ដែល​​ត្រូវ​បាន​ជ្រើសរើស នឹង​ត្រូវ​ផ្ញើទៅ​ឲ្យ​អ្នក​គូរ​រូប​តុក្កតា និង​ធ្វើ​ជា​គំនូរ​ជីវចល។ សំបុត្រ​ដែល​ត្រូវ​ជ្រើសរើស​លើក​នេះ គឺ​សំបុត្រ​របស់​បុរស​ម្នាក់​ឈ្មោះ ហ្វូទូស៊ិ អាយុ ៥៤ឆ្នាំ សរសេរ​ជូន​ម្ដាយ​របស់​គាត់​ដែល​បាន​ស្លាប់ មាន​ចំណងជើង​ថា «ក្បាលជង្គង់​ម៉ែ»។   លោក ហ្វូទូស៊ិ សរសេរ​ថា ឪពុក​របស់​គាត់​បានធ្លាក់​ខ្លួន​ឈឺ​កាល​ពី​ឆ្នាំ​២០០០ រាងកាយ​គាត់​ក៏​ចាប់ផ្ដើម​ទន់​ខ្សោយ គ្មាន​កម្លាំង​កំហែង ដូច្នេះ​ម្ដាយ​របស់​គាត់​ក៏​តែងតែ​ជា​អ្នក​ជួយ​គ្រាហ៍​ឪពុក​ដែល​មាន​មាឌ​ធំ​ជាង ពេល​ឡើង​ជណ្ដើរ​ក៏​ម្ដាយ​គាត់​ជា​អ្នក​អៀវ។

គាត់​សរសេរ​បន្ត​ថា៖ «នៅ​ពេល​ត្រលប់​មក​ផ្ទះ​ ឃើញ​សភាព​បែប​នោះ ​ខ្ញុំក៏ប្រាប់​​ម៉ាក់​ថា ‘ម៉ាក់​ ទុក​ឲ្យ​ខ្ញុំ​ជា​អ្នក​អៀវ​ប៉ា​វិញ’ ប៉ុន្តែ​ម៉ាក់​ក៏​ប្រាប់​ខ្ញុំ​រហូត​ថា ‘មិន​អី​ទេ ឯង​អង្គុយ​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ អៀវ​ប៉ា​ឯង​ទៀត​ប្រយ័ត្ន​ឈឺ​ចង្កេះ’»។

ក្រោយ​ពី​នោះ​មិន​បាន​ប៉ុន្មាន​ថ្ងៃ ពេល​​ដែល​ម៉ាក់​ជូន​ប៉ា​ទៅ​មន្ទីរ​ពេទ្យ គាត់​បាន​ជិះកង់​ចេញ​ទៅក្រៅ​ប្រញាប់រក​ទិញ​ឥវ៉ាន់​ខ្លះ រហូត​មិន​បាន​ប្រយ័ត្ន​មើល​ភ្លើង​ស្តុប​ក្រហម ​គាត់​ក៏​ត្រូវ​រថយន្ត​បុក​ស្លាប់​។ នៅ​ព្រឹក​នោះ មុន​កើត​ហេតុ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅម៉ាក់​ ​ដោយ​បារម្ភ និង​សួរសុខទុក្ខ​ពី​សុខភាព​ប៉ា។ ម៉ាក់​ប្រាប់​ថា “ប៉ា​នៅ​ដដែល​ទេ” ខ្ញុំ​ក៏​ប្រាប់​ម៉ាក់​ថា “អៀវ​ប៉ា​ឡើង​កាំជណ្ដើរ​មិន​ល្អ​សម្រាប់​សុខភាព​ម៉ាក់​ទេ ម៉ាក់​កុំ​ប្រឹង​ខ្លាំង​ពេក បើ​សិន​ពិបាក​ម៉ាក់​​មិនចាំ​បាច់​អៀវ​គាត់​ទេ” ម៉ាក់​នៅ​តែ​ឆ្លើយ​តប​ដដែល​ថា “មិនអី​ទេ មិន​អី​ទេ ម៉ាក់​លែង​ឈឺ​ស្មា​យូរ​ហើយ”។

ក្រោយ​ពី​ទទួល​ទូរស័ព្ទ​ពី​ខាង​មន្ទីរ​ពេទ្យអំពី​រឿង​ម៉ាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់ ខ្ញុំ​ក៏​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម តែ​នៅ​​មិន​អាច​មក​ទាន់​ដង្ហើម​ចុង​ក្រោយ​របស់​ម៉ាក់។   នៅ​ក្នុង​មន្ទីរ​ពេទ្យ​នោះ ខ្ញុំ​ក៏​បាន​ប្រាប់​រឿង​ដែល​ម៉ាក់​ស្លាប់​ឲ្យ​ប៉ា​ដឹង។ ខណៈ​ពេល​នោះ អ្នក​នៅ​ជុំវិញ​ខ្លួន​បាន​ដក​ដង្ហើម​ធំ​ដោយ​ភាព​សោកសៅ។ ខ្ញុំ​គ្មាន​ថ្ងៃ​ភ្លេច​រូបភាព​នៅ​ពេល​ដែល​ខ្ញុំ​បើក​ថត​ទូ​ក្នុង​បន្ទប់​ម៉ាក់​ឡើយ។ នៅ​ខាង​ក្នុង​បន្ទប់​ម៉ាក់ មាន​ខ្សែ​រឹត​ជង្គង់ ក្រណាត់​រឹត​ជង្គង់ ដែល​គាត់​ធ្លាប់​បាន​ប្រើ​ជា​ច្រើន។

ម៉ាក់​តែង​និយាយ​ថា «មិន​អី​ទេ មិន​អី​ទេ» ទាំង​ដែល​ម៉ាក់​អត់ធន់​លំបាក​នឹង​ការ​ឈឺ​ចាប់ ប៉ុន្តែ​កូន​មិន​បាន​ការ​ដូច​ជា​ខ្ញុំ​បែរ​ជា​មិន​បាន​ជួយ​អ្វី​ដល់​ម៉ាក់​បន្តិច​សោះ។ ខ្ញុំ​មាន​អារម្មណ៍​ខុស​ឆ្គង​ខ្លាំង​រហូត​មិន​ហ៊ាន​បិទ​ថត​ទូរ​របស់​ម៉ាក់​វិញ។ «ម៉ាក់អត់​​ឈឺ​ស្មា​ទេ» នេះ​ក៏​ជា​ពាក្យ​កុហក​មួយ​ម៉ាត់​ទៀត​​របស់​ម៉ាក់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​គិត​កាន់​តែ​ឈឺ។

  ខ្ញុំ​មិនដែល​គិត​សង្ស័យ​ពី​ពាក្យ​សម្ដី​របស់ម៉ាក់​​ឡើយ បែរ​ជា​ជឿ​ពាក្យ​ថា «មិន​អី​ទេ» មក​រហូត ឬ​នោះ​អាច​ជា​ពាក្យ​លួង​ចិត្ត​ខ្លួន​ឯង​ថា «មិន​អីទេ» ព្រោះ​កូន​ប្រុស​តែ​ម្នាក់​ត្រូវ​ទៅ​ធ្វើ​ការ​ធ្ងន់​ខាង​ក្រៅ​ផ្ទះ​រាល់​ថ្ងៃ ដើម្បី​ជីវភាព​រស់​នៅ​ទាំង​គ្រួសារ ទើបគាត់​​មិន​ចង់​ឲ្យ​ខ្ញុំ​ហត់​នឿយ​ និង​ពិបាក​ចិត្ត​ទៀត?   ហ្វូទូស៊ិ បាន​សរសេរ​ឃ្លា​ចុង​ក្រោយ​​ថា៖   «បើ​ថ្ងៃ​ណា​មួយ​ខ្ញុំ​បាន​ទៅរស់​នៅ​ជាមួយ​ម៉ាក់​នៅ​ឋានសួគ៌ ខ្ញុំ​នឹង​ជួយ​ម៉ាស្សាជង្គង់​ និង​ម៉ាស្សា​ពេញ​មួយ​តួ​ខ្លួន​ឲ្យ​ម៉ាក់ អរគុណ​ម៉ាក់​»។   ទស្សនា​រូបភាព​គំនូរជីវចល​ពី​រឿង​រ៉ាវ​របស់ ហ្វូទូស៊ិ៖  

សាកល្បង​បែរ​មក​មើល​មនុស្ស​ក្បែរ​ខ្លួន​របស់​អ្នក​វិញ​ថា ថ្ងៃ​នេះ​អ្នក​បាន​គិតគូរ​អ្វី​ដល់​ពួក​គាត់ហើយ​ឬ​នៅ?​​  

ប្រភព៖ https://www.newssiam.info/13197/

ប្រភព៖ Newssiam ប្រែសម្រួលៈ វ៉ាន់ថន

អត្ថបទពេញនិយម