រឿង​ដែល​យើង​គួរ​តែ​ចៀសវាង​មុន​ និងក្រោយ​ពេល​ហាត់​ប្រាណ

  • 2017-04-19 08:16:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ហាត់​ប្រាណ​ជា​រឿង​ល្អ​ចំពោះ​សុខភាព​ ប៉ុន្តែ​យើង​ក៏​ត្រូវ​ដឹង​ពី​ប្រការ​ដែល​គួរ​តែ​ចៀសវាង​ដែរ​ព្រោះ​បើ​យើង​មិន​ដឹង​វា​អាច​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​ឲ្យ​សុខភាព ៖​

១. កុំ​ហាត់​ប្រាណ​ភ្លាម​ៗ​ក្រោយ​ពេល​ក្រោក​ពី​ដំណេក ៖ ក្រោយ​ពេល​ក្រោក​ពី​គេង​ភ្លាមៗ​រាង​កាយ​យើង​មិន​ទាន់​សម​ស្រប​នឹង​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​ភ្លាម​ៗ​នោះ​ទេ​ ដូច្នេះ​បើ​សិន​ជា​អ្នក​ក្រោក​ភ្លាម​ហាត់​ភ្លាម​វា​អាច​ធ្វើ​ឲ្យ​រាង​កាយ​យើង​ទទួល​ការ​ឈឺចាប់។

២. កុំ​ហាត់​ប្រាណ​ពេល​ព្រឹកព្រហាម​ពេក ៖​ មិន​បាច់​ព្យាយាម​ក្រោក​ពី​ព្រលឹម​អុលហាត់​ប្រាណ​ ខណៈ​ពេល​ព្រះអាទិត្យ​មិន​ទាន់​រះ​នោះ​ទេ​ ព្រោះ​ពេល​​ព្រះអាទិត្យ​មិន​ទាន់​រះ​ គឺ​ដើមឈើ​នៅ​បញ្ចេញ​ឧស្ម័ន​កាបូនិច​នៅ​ឡើយ។ ដូច្នេះ​បើ​យើង​ហាត់​ប្រាណ​ពេល​នេះ​វា​អាច​ឲ្យ​យើង​ស្រូប​យក​ឧស្ម័ន​កាបូនិច​ចូល​ទៅ​ក្នុង​សួត យើង​គួរតែ​រង់​ចាំ​ឲ្យ​ព្រះអាទិត្យ​រះ​សិន​ទើប​ល្អ​ចំពោះ​សុខភាព។

៣. ផឹក​ទឹក​មួយ​កែវ​មុន​ពេល​ហាត់​ប្រាណ ៖ ទឹក​សំខាន់​ណាស់​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ ព្រោះ​ក្នុង​រយៈ​ពេល​ដែល​យើង​គេង​លក់​កំហាប់​របស់​ឈាម​នឹង​កើន​ឡើង ហើយ​ស្បែក​នឹង​បញ្ចេញ​ជាតិ​ទឹក​ជាប់​ជានិច្ច។ ដូច្នេះ​បើ​យើង​ប្រញាប់​ហាត់​ប្រាណ​ដោយ​មិន​បាន​បន្ថែម​ជាតិ​ទឹក​វា​អាច​ធ្វើ​ឲ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក ​អាច​បណ្ដាល​ឲ្យ​វិល​មុខ។

រូបតំណាង

**៤. កុំ​ហាត់​ប្រាណ​ពេល​កំពុង​ចុះ​អ័ព្ទ ៖** ពេល​ចុះ​អ័ព្ទ​សម្ពាធ​ក្នុង​បរិយាកាស​ចុះ​ទាប​ធ្វើ​ឲ្យ​មាន​ជាតិ​ពុល​ក្នុង​បរិយាកាស​ច្រើន​ជាង​ធម្មតា ដូច្នេះ​អ្នក​គួរ​​តែ​ចៀសវាង​ពេល​ដែល​មាន​អ័ព្ទ។

៥. កុំ​ងូត​ទឹក​ភ្លាម​ៗ​ក្រោយ​ពី​ហាត់​ប្រាណ​ហើយ ៖​ ក្រោយ​ពេល​ហាត់​ប្រាណ​រួច​ ហាម​ងូត​ទឹក​ភ្លាម​ៗ​ ព្រោះ​ពេល​កំពុង​ហាត់​ប្រាណ​រន្ធ​ញើស​​បើក​ចំហ​ដើម្បី​បញ្ចេញ​ញើស។ បើ​សិន​យើង​ស្រោច​ទឹក​ទៅ​លើ​សរសៃ​ឈាម​វា​នឹង​រួម​ខ្លួន​តូច​ភ្លាមៗ​​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​ចុះ​ខ្សោយ​ ងាយ​កើត​ជំងឺ​ផ្ដាសាយ និង​អាច​ធ្វើ​ឲ្យ​យើង​ដង្ហក់​ទៀត​ផង។

៦. កុំ​ផឹក​ទឹក​ត្រជាក់​ពេល​ក្រោយ​ពេល​ហាត់​ប្រាណ ៖​​ ការ​ដែល​ញ៉ាំ​ទឹក​ត្រជាក់​ពេក​ក្រោយ​ពេល​ហាត់​ប្រាណ​ភ្លាមៗ​អាច​ធ្វើ​ឲ្យ​ក្រពះ​រួញ​ខ្លួន​ ហើយ​បណ្ដាល​ឲ្យ​ឈឺ​ពោះ​ និងរាករូស។

៧. កុំ​ញ៉ាំ​អាហារ​ភ្លាមៗ​ក្រោយ​ពេល​ហាត់​ប្រាណ​ ៖ ខណៈ​ពេល​ដែល​ហាត់​ប្រាណ​ចលនា​ឈាម​រត់​សព្វ​ពេញ​សារពាង្គកាយ​ដែល​ធ្វើ​ឲ្យ​ក្រពះ និង ទឹក​រំលាយ​អាហារ​មាន​ប្រសិទ្ធភាព​ទាប​ ដូច្នេះ​អាហារ​ដែល​យើង​ញ៉ាំ​ទៅ​ មិន​រលាយ​ហើយ​ធ្វើ​ឲ្យ​ហើម​ពោះ​ ឬ​ឆ្អល់​ពោះ។

ដូច្នេះ​យើង​ត្រូវ​ទទួល​យក​ការ​ហាត់​ប្រាណ​ដ៏​ត្រឹម​ត្រូវ​មួយ។

ប្រភព ៖ សៀវភៅ​ថែទាំ​សម្រស់ និង សុខភាព

អត្ថបទ៖ ផេង ផលធិតា