គន្លឹះ​ងាយៗ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ មិន​ចាស់​មុន​អាយុ

  • 2017-04-07 02:40:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយសារ​តែ​ជាប់​រវល់​នឹង​ការងារប្រ​ចាំថ្ងៃ​ច្រើន​ពេក ដូចជា ការងារ​រក​ប្រាក់​ចំណូល ការងារ​ផ្ទះ​សម្បែង កូន​ចៅ ប្តីសី មិត្តៗ​ស្រ្តី​មួយ​ចំនួន មិន​សូវ​បាន​គិត​គូរ ឬ​ក៏​ភ្លេច​គិត​ពី​ការ​ថែទាំ​សុខភាព​ខ្លួន​ឯង។ សុខភាព​ពិត​ជា​សំខាន់​ណាស់ ដូច្នេះ​កុំ​បណ្តែត​បណ្តោយ​អី គួរ​ងាក​មក​យក​ចិត្ត​ទុក​ដាក់​ថែទាំ​សុខភាព​តាម​វិធី​ងាយៗ​ខាង​ក្រោម​នេះ៖

1). ជៀស​វាង​ការ​មិន​ញុំា​អាហារ​ពេល​ព្រឹក៖

ការ​​មិន​ញុំា​អាហារ​ពេល​ព្រឹក ពិត​ជា​ប៉ះ​ពាល់​ចំពោះ​សុខភាព​ដែល​យើង​មិន​អាច​ប្រកែក​បាន ដូច​ជា ការ​លើស​សម្ពាធ​ឈាម ការ​ឡើង​ទម្ងន់ ជំងឺ​មហារីក​ជា​ដើម។ ច្រើន​ជាង​នេះ​ទៅ​ទៀត វា​ផ្តល់​ផល​ប៉ះពាល់​ខ្លាំង​ដល់​ទម្លាប់​រស់នៅ​ជា​ប្រចាំ​​របស់​អ្នក ដោយ​វា​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍ និង​ថាមពល​របស់​អ្នក។

  ដំណោះ​ស្រាយ៖

-ញុំា​អាហារ​ពេល​ព្រឹក​ដែល​មាន​តុល្យភាព​ជា​រៀងរាល់​ថ្ងៃ

-អាហារ​ពេល​ព្រឹក​ទាំង​នោះ​ត្រូវ​តែ​មាន​ចម្រុះ ដូចជា​ផ្លែ​ឈើ​ស្រស់ ឬ​ទឹក​ផ្លែឈើ អាហារ​មាន​សារជាតិ កាបូអ៊ីដ្រាត ដូច​ជា នំប៉័ង ភេសជ្ជៈ​សម្បូរ​ជាតិ​កាល់ស្យូម ដូចជា ទឹក​ដោះ​គោ និង​អាហារ​សម្បូរ​ប្រូតេអ៊ីន (សាច់ ឬស៊ុត )។

2). ថែរក្សា​ឆ្អឹង៖

គ្រោង​ឆ្អឹង​មិន​ត្រឹមតែ​ដើរ​តួនាទី​ទ្រទ្រង់​រាង​កាយ​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ឆ្អឹង​ក៏​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​រាងកាយ​របស់​យើង​ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​បង្កើត​កោសិកា​ឈាម និង​ផ្ទុក​សារធាតុ​រ៉ែ។ ការ​មាន​កំហាប់​ដង់ស៊ីតេ​ឆ្អឹង​ទាប​ធ្វើឲ្យ​អ្នក​ប្រឈម​មុខ​​នឹង​ជំងឺ​ឆ្អឹង​ស្ពត និង​ពុក​ឆ្អឹង ជា​លក្ខខណ្ឌ​ដែល​ធ្វើ​ឲ្យ​ឆ្អឹង​កាន់​តែ​ពុក​ផុយ។ វា​ជា​រឿង​ធម្មតា​ដែល​កំហាប់​ដង់ស៊ីតេ​ឆ្អឹង​កាន់​តែ​ថយ​ចុះ​ទៅ​តាម​វ័យ​របស់​យើង ប៉ុន្តែ​វា​ជា​ពេលវេលា​ដែល​យើង​ត្រូវ​តែ​ប្រាកដ​ថា​ឆ្អឹង​មាន​សុខភាព​ល្អ និង​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ក្នុង​ពេល​វ័យ​កាន់​តែ​ចាស់។

  ដំណោះ​ស្រាយ៖

-ប្រើប្រាស់​សារធាតុ​ខ្លាញ់​ដែល​មាន​គុណភាព​ខ្ពស់

-ធ្វើ​លំហាត់​ប្រាណ ដើម្បី​ជួយ​បង្កើន​ភាព​រឹងមំា និង​តុល្យភាព​នៃ​ឆ្អឹង

-កាត់​បន្ថយ​ការ​ប្រើប្រាស់​ជាតិ​ស្ករ ជាតិ​អាល់កុល និង​កាហ្វេអ៊ីន

3). កាត់​បន្ថយ​ស្រេ្តស៖   តើ​ញឹក​ញាប់​ទេ​ដែល​អ្នក​ឈឺក្បាល រញីរញ័រ ឈឺក ឈឺ​សាច់​ដុំ វិល​មុខ មាន​ការ​ភ្លេច​ភ្លាំង​ច្រើន កម្លាំង​ធ្វើការ​ថយ​ចុះ ឯ​លទ្ធផល​ក៏​មិន​សូវ​ចេញ​ជា​ដុំ​កំភួន​ដែរ​ទេ? អាការ​ទាំង​នេះ​បញ្ជាក់​ថា​អ្នក​តាន​តឹង​ច្រើន។ ការ​ស្ថិត​នៅ​ក្រោម​សម្អាធ​ទាំង​នេះ​ជា​ញឹកញាប់​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ភ័យ​ខ្លាច គាំង​បេះដូង ដាច់​សរសៃ​ឈាម​ខួរក្បាល លើស​សម្ពាធ​ឈាម ប្រព័ន្ធ​ស៊ាំរាង​កាយ​មាន​ការ​រំខាន និង​ធ្វើ​ឲ្យ​ជាតិស្ករ​នៅក្នុង​ឈាម​ធ្លាក់​ចុះ។

  ដំណោះ​ស្រាយ៖

-ញុំា​អាហារ​សុខភាព​តិចតួច ឬ​ញុំា​តែ

-ដើរ​ចេញ​ពី​បញ្ហា​មួយ​ភ្លែត​ដើម្បី​បន្ធូរអារម្មណ៍ (ដក​ដង្ហើម​វែងៗ រាប់​យឺតៗ ពី១​ដល់​១០ )

-គេង​ឲ្យ​បាន​គ្រប់​គ្រាន់ និង​រក្សា​អត្តចរិត​វិជ្ជមាន។

    ​មាន​សំណួរ​ពាក់ព័ន្ធ​នឹង​អត្ថបទនេះ ឬ​ការ​ថែរក្សា​សុខភាព អាច​ទាក់ទង​តាម៖ ·        ផេក​ហ្វេសប៊ុក HealthwiseDigest ·        អ៊ីមែល healthwisedigest@dksh.com.kh ·        វិបសាយ www.healthwise-digest.com

ចំណាំ៖ ​រាល់​ថ្ងៃ​សុក្រ Kanha នឹង​ចេញ​ផ្សាយ​អត្ថបទ​សុខភាព ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​របស់​​ទស្សនាវដ្តី Healthwise Digest ពី DKSH៕  

អត្ថបទ៖ DKSH