រឿង​សំខាន់​ៗ​ដែល​គ្រប់​គ្នា​គួរ​ដឹង​ពី សន្ទះ​ព្រហ្មចារី

  • 2017-03-20 06:44:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​បាន​ដឹង​អ្វី​ខ្លះ​អំពី​សន្ទះ​ព្រហ្មចារី? គេ​និយាយ​ថា​គេ​អាច​មើល​ដឹង​ថា​តើ​ស្ដ្រីម្នាក់​នៅក្រមុំ ព្រហ្មចារី​ឬ​មិនមែន បើ​សិន​ស្ត្រី​ម្នាក់​នោះ​មាន​សន្ទះ​ព្រហ្មចារី​មួយ​នេះ។ នេះ​ជា​បញ្ហា​សំខាន់មួយ​នៅក្នុងសង្គម​ខ្មែរ​ក៏​ដូច​ជា​ផ្នែក​ជា​ច្រើន​ទៀត​លើ​ពិភពលោក ដែល​កូន​កំឡោះ​តែង​រក​មើល​តំណក់​ឈាម​ដែល​នឹង​កំណត់​ថា​កូន​ក្រមុំ​របស់​គេ​នៅ​ព្រហ្មចារី​ឬ​អត់ បន្ទាប់​ពី​ការ​រួមដំណេក​លើកដំបូង​របស់​ពួកគេ។ ប៉ុន្តែ​ពេល​ខ្លះ​ស្ត្រី​មិន​ចេញ​ឈាម​បន្ទាប់​ពី​មាន​ការ​រួមដំណេក​លើក​ដំបូង​នោះ​ឡើយ ហើយ​បញ្ហា​នេះ​បាន​បង្ក​ឱ្យ​មានការយល់ច្រឡំសម្រាប់​គូស្វាមីភរិយា​ជា​ច្រើន។

ការស្រាវជ្រាវជាច្រើនបានបង្ហាញថាការ​មាន​ឈាម​ក្នុងអំឡុងពេលរួម​ភេទ​ដំបូងរបស់ប្តីប្រពន្ធមិន​អាច​វាយតម្លៃ​លើ​ការ​មាន​ឬ​គ្មាន​ព្រហ្មចារីយ៍​នោះ​ឡើយ ហើយ​បើ​ទោះ​ជាមានការហូរឈាម ក៏​វាអាចនឹងមិនមែន​ដោយសារការរហែក​សន្ទះ​ព្រហ្មចារី​យ៍​តែ​ម្យ៉ាង​នោះ​ដែរ។ ដើម្បីបាន​យល់​កាន់​តែ​ច្បាស់​បន្ថែមទៀត វិបសាយ Kanha បានប្រមូលផ្តុំព័ត៌មាន​សំខាន់​ៗ​ដែល​អ្នក​គួរ​តែ​ដឹង​អំពី​សន្ទះ​ព្រហ្មចារី។

អ្វី​ទៅ​ជា​សន្ទះ​ព្រហ្មចារី?

សន្ទះ​ព្រហ្មចារី​គឺ​ជា​ភ្នាស​នៅ​ជុំវិញ​ទ្វារមាស​របស់​ស្ត្រី ដែល​ជា​ធម្មតា​​​មាន​រន្ធ​មួយ​ដែល​មាន​ទំហំនិងរូបរាងខុស​គ្នា​ពី​ស្ត្រី​ម្នាក់​ទៅ​ម្នាក់។ សន្ទះ​ព្រហ្មចារី​មាន​វត្តមាន​នៅ​ក្នុង​រាងកាយ​របស់​មនុស្ស​ស្រី​តាំង​ពី​កំណើត ប៉ុន្តែវា​នឹង​កាន់​តែ​ស្ដើង​ និង​ងាយ​ដាច់​រហែក​ពេល​ស្ត្រី​ចាប់​ផ្ដើម​ពេញ​វ័យ។

តើ​សន្ទះ​ព្រហ្មចារី​មាន​រូបរាង​ដូច​ម្ដេច?

សន្ទះ​ព្រហ្មចារី​មាន​ភាព​ខុសគ្នាពីស្ត្រីម្នាក់ទៅម្នាក់ និង​ត្រូវ​បាន​បែងចែក​មាន​៤ប្រភេទ​គឺ៖

- សន្ទះ​ព្រហ្មចារី​ធម្មតា៖ នេះ​គឺ​ជា​ប្រភេទ​សន្ទះ​ព្រហ្មចារី​ទូទៅ​បំផុត​ក្នុង​ចំណោម​ស្ត្រី ដែល​ក្នុង​នោះ​វា​មាន​រូបរាង​ដូច​ព្រះច័ន្ទពាក់កណ្តាល ដែលគ្របដណ្តប់ផ្នែក​ខ្លះ​របស់​ទ្វារមាស។

  - សន្ទះ​ព្រហ្មចារី Microperforate៖ សន្ទះ​ព្រហ្មចារី​នេះ​គ្រប​ដណ្តប់​ទ្វារមាស​ទាំង​មូល​ដោយ​មាន​តែ​រន្ធ​តូចមួយប៉ុណ្ណោះ។

- សន្ទះ​ព្រហ្មចារី Septate៖ ប្រភេទនៃសន្ទះព្រហ្មចារីយ៍ដែលមាន​រន្ធពីរ។

- សន្ទះ​ព្រហ្មចារី Imperforate៖ នេះ​គឺ​ជា​ពេល​សន្ទះ​ព្រហ្មចារី​គ្រប​ដណ្តប់​តំបន់​ទ្វារមាស​ទាំងមូល​ដោយ​គ្មាន​រន្ធ​អ្វី​ទាំងអស់ ដែល​ធ្វើ​ឲ្យ​ឈាម​រដូវ​មិន​អាច​ហូរ​ចេញ​បាន បណ្តាលឱ្យឈឺពោះញឹកញាប់ ហើយជាធម្មតាតម្រូវឱ្យមានការព្យាបាលដោយវះកាត់។

ស្ត្រី​អាច​ដឹង​ថា​សន្ទះ​ព្រហ្មចារី​នាងជា​ប្រភេទ​អ្វី​បាន​ឬទេ?

អ្នកអាចដឹង​ថា​អ្នក​មាន​សន្ទះ​ព្រហ្មចារី​ប្រភេទ​ណាបាន លុះត្រា​តែ​មាន​ការ​ត្រួតពិនិត្យ​តាម​វេជ្ជសាស្ត្រ។ ការ​ពិនិត្យ​នេះ​ក៏​នឹង​អាច​ឲ្យ​អ្នក​ដឹង​ដែរ​ប្រសិន​បើ​អ្នក​មិន​មាន​សន្ទះ​ព្រហ្មចារី។

តើ​សន្ទះ​ព្រហ្មចារី​ដាច់​រហែកដោយ​សារ​អ្វី?

ជាធម្មតា​សន្ទះ​ព្រហ្មចារី​នឹង​ត្រូវ​ដាច់​ក្នុងអំឡុងពេលរួមភេទ និងបណ្តាលឱ្យហូរឈាមតិចតួច។ ប៉ុន្តែ​សន្ទះ​ព្រហ្មចារី​ខ្លះ​ងាយ​នឹង​ដាច់​រហែក​តាមរយៈ​កត្តា​ផ្សេង​ៗ​ដូចជា​​​​វ័យ ឬ​ការ​ធ្វើ​សកម្មភាព​ខ្លាំង​ៗ ក៏​ដូចជាការលេងកីឡាមួយ​ចំនួន (កាយសម្ព័ន្ធ, ជិះសេះ, ... )។

ក្នុង​នោះ​ដែរ​ក៏​មាន​សន្ទះ​ព្រហ្មចារី​មួយ​ប្រភេទ​ដែលមាន​សភាព​យឺតយ៉ាងខ្លាំងផងដែរ។ សន្ទះ​ព្រហ្មចារីយ៍​ប្រភេទនេះអាចយឺត​នៅ​ពេលរួមភេទគ្មានការរហែក ប្រសិនបើរន្ធ​របស់​វា​មាន​ទំហំ​សមរម្យ​។ តែ​ប្រសិន​បើ​រន្ធ​តូច មានន័យថាអ្នកនឹងមិនអាចរួមភេទឡើយ លុះត្រាតែមានការវះកាត់តិចតួច​ដើម្បីកាត់​ផ្នែកខ្លះ​នៃ​សន្ទះ​ព្រហ្មចារី​នេះចេញ។

ហូរ​ឈាម​ពេល​រួម​ភេទ​បង្ហាញ​ថា​ស្ត្រី​មាន​ព្រហ្មចារី?

នេះគឺជាការយល់ច្រឡំ​ដ៏​ធំ​មួយ។ ស្ត្រីម្នាក់អាចហូរឈាមក្នុងពេលរួមភេទលើកដំបូងរបស់នាង​ដោយសារតែ​មាន​ហេតុផល​ជាច្រើន៖

១. ប្រសិនបើនាងមិនទទួល​បាន​ការ​ដាស់​អារម្មណ៍ ឬ​មិន​មាន​ទឹក​រំអិល​គ្រប់គ្រាន់ក្នុងអំឡុងពេលរួម​ភេទ ដែល​នាំ​ឲ្យ​មាន​ការ​ដាច់ ឬ​រលាត់​ជាលិកា​យោនី​របស់​ស្ត្រី។

២. នៅពេលដែលភាគី​បុរស​សម្រុក​ខ្លាំង​ក្នុងពេលរួមភេទដែលបណ្តាលឱ្យដាច់​រលាត់​ជាលិកាដែលនៅខាងក្នុងទ្វាមាសរបស់ស្ត្រី។

៣. ដោយសារការឆ្លងមេរោគ។

៤. ដោយ​សារ​ការ​ដាច់​រហែក​សន្ទះព្រហ្មចារី។

ទាំង​នេះគឺជាចំណេះដឹង​មូលដ្ឋានដែលអ្នកគួរ​តែ​ដឹង​អំពី​សន្ទះ​ព្រហ្មចារី។ ភាពបរិសុទ្ធ​គឺមិនអាច​កាត់​សេចក្ដី​ដោយ​ភ្នាស​ស្ដើង​ដែល​អាច​បាត់បង់​តាម​ពេលវេលា ឬឈាម​ប៉ុន្មាន​តំណក់​ដែល​អាច​មក​ពី​ការ​រួម​ភេទ​ខ្លាំង​ៗ​នោះ​ទេ។ វាគឺជាការជឿទុកចិត្តគ្នាទៅវិញទៅមករវាងមនុស្សពីរនាក់ ៕  

ប្រភព៖ Fustany

ប្រែសម្រួលៈ វ៉ាន់ថន

អត្ថបទពេញនិយម