DJ Na Na: យុទ្ធសាស្ត្រ​ទី​ផ្សារ​ខ្ញុំ​គឺ​ឲ្យ​អតិថិជន​​មក​រក​ មិន​មែន​ទៅ​រក​អតិថិជន​ទេ

  • 2017-02-17 06:20:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

«ចំពោះ​ខ្ញុំ​ និយាយ​តាម​ត្រង់​ទៅ​ យុទ្ធសាស្ត្រ​ទី​ផ្សារ​គឺ​ឲ្យ​អតិថិជន​ជា​អ្នក​រត់​មក​រក​ប៉ុណ្ណោះ។ ​​» នេះ​ជា​ការ​បញ្ជាក់​របស់​​ DJ Nana ម្ចាស់​ហ្វេសប៊ុក​ផេក​ល្បី​ DJ Nana TV និង​ DJ Nana Tips ក្នុង​ឱកាស​ចូលរួម​សិក្ខាសាលា​ស្ដី​ពី​ការ​ស្ថាបនា​ធនធាន​ កាលពី​ម្សិលមិញ​។

ឆ្លើយ​ទៅ​នឹង​សំណួរ​​ថា​តើ​កញ្ញា​មាន​យុទ្ធសាស្ត្រ​អ្វី​ឲ្យ​ជោគ​ជ័យ​លើ​ជំនួញ​ e-commerce​? DJ Nana បាន​បញ្ជាក់​ថា​ ​ដំបូង​ឡើយ​ កញ្ញា​ធ្វើ​ ​clip​ គ្រាន់​តែ​ដើម្បី​បង្កើន​ប្រជាប្រិយភាព​​ក៏​ដូច​ជា​ផ្ញើ​សារ​ទៅ​កាន់​ប្រិយមិត្ត​ប៉ុណ្ណោះ ​ដោយ​មិន​សូវ​ខ្វល់​រឿង​មាន​អ្នក​ឧបត្ថម្ភ​ឬ​អត់​ទេ​។ ក្រោយ​មក​​ចំនួន​អ្នក​មើល​កើន​ច្រើន​ខ្លាំង​​ដល់​ ១​លាន​ ទៅ​១​លាន​កន្លះ​ក្នុង​មួយ​សប្ដាហ៍​ ហើយ​អ្នក​ឧបត្ថម្ភ​ផ្សេង​ៗ​ក៏​មក​ទាក់​ទង​ជា​បន្ត​បន្ទាប់​ទៅ​តាម​ហ្នឹង​ដែរ។

ថ្លែង​ទាំង​អស់​សំណើច​ កញ្ញា​ប្រាប់​ឲ្យ​ដឹង​ថា «ខ្ញុំ​ចាប់​ផ្ដើម​មក​ដោយ​សារ​តែ​ឱកាស​ហុច​ឲ្យ​ទេ។ដល់​ពេល​អ្នក​មើល​​កើន​ច្រើន​អញ្ចឹង​ ឃើញ​លុយ​នៅ​នឹង​មុខ​ហើយ​​ បើ​មិន​យក​វា​មិន​កើត​។ មែន​ទែន​ទៅ​ មិន​ដែល​នឹក​ឃើញ​ថា​ចង់​រក​ស៊ី​ខាង​ e-commerce អី​ទេ​។»

ទោះ​យ៉ាង​ណា​ កញ្ញា​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ភាព​ជោគ​ជ័យ​លើ​ជំនួញ​ e-commerce នេះ​ម្យ៉ាង​ដោយ​សា​តែ​ការងារ​របស់​កញ្ញា​ ជា​អ្នក​ថត​ឲ្យ​កម្មវិធី​ទូរទស្សន៍​ និង​ផលិត​កម្ម​វិធីស្រាប់​ដែល​ងាយ​ស្រួល​ក្នុង​ការ​ទាក់ទង​ក្រុម​ផលិត​ផ្សេង​ៗ​ និង​ម្យ៉ាង​ទៀត​ក៏​កញ្ញា​​​​មិន​ផ្ដោត​សំខាន់​តែ​លើ​​ពាណិជ្ជកម្ម​ពេក​ព្រោះ​មិន​ចង់​ឲ្យ​អ្នក​មើល​ធុញ​។

​ «និយាយ​ទៅ​មិន​មែន​ឫក​ធំ​អី​ទេ​​ ខ្ញុំ​មិន​ចង់​ឲ្យ​ផេក​ហ្នឹង​ក្លាយ​ទៅ​ជា​ផេក​ពាណិជ្ជកម្ម​សុទ្ធ​ទេ។ អ្នក​ខ្លះ​គាត់​អត់​យល់​ ហើយ​ដាក់​ពាណិជ្ជកម្ម​ច្រើន​ពេក​ ដែល​ធ្វើ​ឲ្យ​ផេក​ធ្លាក់​ប្រជាប្រិយភាព​ ហើយ​​បាត់​បង់​ទីផ្សារ​​ទៅ​តាម​ហ្នឹង។​ ផេក​យើង​មាន​ពាណិជ្ជកម្ម​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ​ ​ហើយ​ពាណិជ្ជកម្ម​​នោះ​ក៏​មិន​ត្រង់​ៗ​ពេក​​ដែរ​គឺ​តែង​ធ្វើ​បែប​ជា​សាច់​រឿង​។» DJ​ Nana បន្ថែម៕​

​​​​​

អត្ថបទ៖ Chhai Yarith

អត្ថបទពេញនិយម