ប្តី​ចូលចិត្ត​ដើរ​លេង​យប់ តើ​គួរ​ធ្វើ​យ៉ាង​ណា​ល្អ?

  • 2017-01-19 04:43:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​ស្រីៗ​យើង​ធា្លប់​ជួប​បញ្ហានេះទេ? ប្តី​មិន​សូវ​ចំណាយ​ពេល​នៅផ្ទះ គាត់​ឧស្សាហ៍​ដើរ​លេង​យប់​ជាមួយ​មិត្តភក្តិ។ តើ​រាល់​ពេល​ដែល​វា​កើត​ឡើង អ្នក​ពិបាក​នឹង​ទ្រាំ​ក្នុង​ចិត្ត​ហើយ​ព្យាយាមខល ទៅ​គាត់​ជា​ច្រើន​ដង​ត្រូវ​ទេ?ពេល​ជួប​រឿង​បែប​នេះ តើ​ស្រីៗ​យើង​មាន​អារម្មណ៍​បែប​ណា? ដោះ​ស្រាយ​ដូច​ម្តេចទៅ?

ខ្ញុំ​តែង​គិត​ថា​ខ្លួន​មិន​សំខាន់​ចំពោះ​ប្តី​ ហើយ​យល់​ថា​នៅ​ពេល​ដែល​គេ​ចេញ​ក្រៅ អាច​នឹង​មាន​ស្រី​ផ្សេង។ នេះជាការ​គិត​របស់​អ្នកស្រី រស្មី ជាស្រ្តីមេផ្ទះ អ្នកស្រីថា «ប្តី​ខ្ញុំ​គឺ​ជា​មនុស្ស​មា្នក់​ចូល​ចិត្ត​សប្បាយ គាត់​ចូល​ចិត្ត​ចេញ​ដើរ​យប់ ពេល​ខ្លះ​ធា្លប់​ឈ្លោះ​គា្ន​ដែរ ដោយសារ​គាត់​មក​ផ្ទះ​យប់ៗ​ពេក ហើយ​ពេល​ខ្លះ​ទៀត​ខ្ញុំ​ខឹង​ឡើង​ចេញ​ទៅ​តាមរកទៀត។

នៅ​ពេល​ដែល​សួរ​ថា អ្ន​កស្រី​មាន​ដែល​ជជែក​ជាមួយ​ស្វាមី​ពី​រឿង​នេះ​ទេ? ស្រ្តី​កូន​២ វ័យ​៤០​ឆ្នាំ​រូប​នេះ​ឆ្លើយ​ថា ពេល​ខ្លះ​គ្មានអ្វី​ច្រើន​ទេ​សម្រាប់​ឃាត់​ឲ្យ​ប្តី​ឲ្យ​​នៅ​ផ្ទះ គ្រាន់​តែ​ឧស្សាហ៍​ទូរស័ព្ទ​សួរ និង​ឲ្យ​ឆាប់​ត្រលប់​មក​ផ្ទះ​​វិញ ប្រាប់​ពី​ការ​បារម្ភ​របស់​ប្រពន្ធ​កូន បារម្ភ​ពី​សុខភាព និង​សុវត្ថិភាព។ «និយាយ​យូរៗ​ទៅ​គាត់​កាត់​បន្ថយ​ដែរ តែ​ឲ្យ​ឈប់​ដាច់​គឺ​អត់​ម៉ង ចរិត​គាត់​ចូល​ចិត្ត​ដើរ​លេង​យប់ ពិបាក​កែ​ណាស់​អូន​អើយ»។

រូបតំណាង

មិន​ខុស​គ្នា​ប៉ុន្មាន​ទេ អ្នកស្រី គន្ធា អាយុ ៣៨ ឆាំ្ន ក៏​បាន​រ៉ាយ​រ៉ាប់​ឲ្យ​ដឹង​ថា​គាត់​ជួប​បញ្ហា​បែប​នេះ​ដែរ។​ «ប្តី​ខ្ញុំ​ក៏​ធ្លាប់​ចេញ​ដើរ​យប់​ដែរ គ្រាន់​តែ​មិន​សូវ​ជា​ញឹក​ញាប់​ប៉ុន្មាន យ៉ាង​ច្រើន​ម៉ា​អាទិត្យ​ម្តង​អី​ហ្នឹង ណាស់​តែពួក​ម៉ាក​ហៅ» ។ ស្រ្តី​កូន​​៤​ក្នុង​បន្ទុក​រូប​នេះ គិត​ថា​ស្រី​ណា​ក៏​ដូច​ស្រី​ណា​ដែរ ឲ្យ​តែ​ប្តី​ដើរ​យប់​មិន​ដែលសប្បាយ​ចិត្ត​ទេ បើ​មិន​គិត​រឿង​នេះ ក៏​គិត​រឿង​នោះ​ដែរ តែ​សំខាន់​យើង​ចេះ​និយាយ​ពន្យល់​ប្រាប់ ហេតុ​ផល​គាត់ យូរៗ​គាត់​នឹង​ឈប់​ដោយ​ឯក​ឯង។

វា​ជា​រឿង​ធម្មតា​ទេ​ព្រោ​បើ​ឃាត់​មិន​ឲ្យ​ប្តី​ចេញ​ក្រៅ ឲ្យ​នៅ​តែ​ផ្ទះ​រហូត​ក៏​មិន​បាន​ដែរ ត្រូវ​ចាំ​ថា​មនុស្ស​ប្រុស​គេ​ក៏​ចង់​មាន​ពេល​វេលា​សម្រាប់​ខ្លួន​គេ​ដែរ នេះ​ជាការ​លើក​ឡើង​របស់​អ្នក​រៀបការ​ថ្មីថ្មោង អ្នកនាង ចាន់ណា។ «សម្រាប់​ខ្ញុំ​មិន​ហាម ហើយ​ក៏​មិន​ធូរលុង​ពេក​ដែរ តែ​ត្រូវ​មាន​លក្ខខណ្ឌ និង​ហេតុផល​ច្បាស់​លាស់​ថា​ទៅធ្វើអី? ជួបជុំ​មិត្តភក្តិ ចៅ​ហ្វាយ​នាយ ម៉ោង​ប៉ុន្មាន​ត្រូវ​ម៉ោ​វិញ តែ​មិន​មែន​ញឹក​ញាប់​ពេក​ទេ»។

ចុះគ្នាយើងផ្សេងទៀត គិតម៉េចដែរចំពោះរឿងនេះ? មានវិធីអីល្អចរចាជាមួយប្តី?

អត្ថបទៈ Vatey Vann

អត្ថបទពេញនិយម