អ្នកម្តាយ​និយាយ​ពី​អារម្មណ៍​ពេលមាន​កូន​ដំបូង​….ឡើង​រំភើប!!

  • 2017-01-18 09:12:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ថា​គ្រួសារ​មួយ​ពេញ​លេញ​គឺ​ជា​គ្រួសារ​មួយ​ដែល​មាន ប្តី​ប្រពន្ធ ជាមួយ​និង​កូន​តូចៗ។​ ប្តី​ប្រពន្ធ​ណា​ក៏​ចង់​មាន​កូន​ជា​របស់​ខ្លួន​ដែរ ព្រោះ​កូន​គឺ​ជា​ខ្សែ​ចំណង ដែល​នឹង​មក​ចង​រឹត​ចំណង​អាពាហ៍​ពិពាហ៍​របស់​គេ​កាន់​តែ​រឹងមាំ ហើយ​កូន​ក៏​ជា​កម្លាំង​ចិត្ត​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​ពួក​គេ​ឲ្យ​ខិត​ខំ​ទៅ​មុខ ដើម្បី​អនាគត​ក្រុម​គ្រួសារ។​

ចង់​ដឹង​ថា គ្រួសារ​មួយ ជា​ពិសេស អ្នក​ម្តាយ​នៅ​​ពេល​​ដឹង​ថា​ខ្លួន​មាន​កូន​ដំបូង​មាន​អារម្មណ៍​យ៉ាង​ណា? តោះ​ទៅ​ស្តាប់​មតិ​យោបល់​អ្នក​ម្តាយ​ជាមួយ​កញ្ញា​ទាំង​អស់​គ្នា!

អ្នក​ម្តាយដំបូង​គេ​គឺ ស្រីណុច។ មិន​ត្រឹម​តែ​ជា​អ្នកម្តាយ ស្រីណុច​ក៏​ជា​ផលិតករ​ព័ត៌មាន​របស់​ស្ថានីយ៍​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ផង​ដែរ។ ស្រីណុច​បច្ចុប្បន្ន​កំពុង​មាន​ផ្ទៃពោះ​៨ខែ។ រំលឹក​ទៅ​ដល់​ថ្ងៃ​ដំបូង​ដែល​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ​នោះ ស្រី​ណុច​ថា «វា​ជា​អារម្មណ៍​រំភើប រក​អ្វី​ថ្លែង​មិន​បាន ដើរ ដេក ឈរ អង្គុយ គឺ​ញញឹម​រហូត ព្រោះ​ចិត្ត​ខ្លួន​និង​ស្វាមី​ចង់​បាន​កូន​តាំង​តែ​ពី​រៀបការ​ដំបូង។

អ្នកស្រី ស្រីណុចនិងស្វាមី

តែ​មនុស្ស​ធ្លាប់​នៅ​ខ្លូន​មួយ ដើរ​ទៅ​ណា មក​ណា​ភ្លាមៗ រហ័ស​រហួន ពេល​ចាប់​ផ្តើម​មាន​ផ្ទៃពោះ​ក៏​មាន​ការ​ពិបាក​បន្តិច​បន្តួច ដែល​ជា​ទូទៅ​យើង​ហៅ​ថា​ចាញ់​កូន មាន​ដូច​ជា ញាំ​មិន​សូវ​បាន(អ្វី​ក៏​មិន​ឆ្ងាញ់) គេង​ក៏​មិន​សូវ​លក់ ឧស្សាហ៍​វិល​មុខ មួម៉ៅ​ច្រើន ហើយ​ពេល​កូន​កាន់​តែ​ចាស់​ខែ កាន់​តែ​ពិបាក ជា​ពិសេស រឿង​ដើរ អង្គុយ​តែ​ម្តង ចុក​រោយ​គ្រប់​កន្លែង ហើយ​មាន​ពេល​ខ្លះ​ទៀត​ពិបាក​ដក​ដង្ហើម​ ឬ​ចង់​ខ្យល់​ចាប់​ក៏​មាន។

ដោយ​ឡែក អ្នកនាង សន សុខឃាង ដែល​ទើប​តែ​សម្រាល​កូន​រួច​ថ្មីៗ​នេះ បាន​ប្រាប់​ថា «រំភើប​ខ្លាំង​ស្ទើរ​រក​ពាក្យ​អី​និយាយ​មិន​ត្រូវ ចង់​តែ​ឃើញ​មុខ​កូន​ឆាប់ៗ»។ អ្នក​ម្តាយ​វ័យ​ក្មេង​រូបនេះ​បន្ត​ថា ពពោះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ជា​ពិសេស​គឺ​កូន​ដំបូង​តែ​ម្តង ឆ្លង​កាត់​ការ​លំបាក​ច្រើន​ណាស់​ទម្រាំ​ដល់​ថ្ងៃ​សម្រាល ប៉ុន្តែ​អ្នក​នាង​សំណាង​ដែល​បាន​ស្វាមី​យក​ចិត្ត​ទុក​ដាក់ ថ្នាក់​ថ្នម​ចិត្ត​មិន​ឲ្យ​ទាស់។

ចំណែក​អ្នកស្រី សូនីដា​ អ្នកម្តាយ​ដែល​កំពុង​មាន​កូន​បី​នាក់​នៅ​ក្នុង​បន្ទុក​បាន ចែក​រំលែក​ថា «ពេល​ក្លាយ​ជា​ម្តាយ​គេ​ដំបូង រំភើប​ខ្លាំង រំភើប​ឡើង​ហោះ ព្រោះ​កាល​នោះ​ស្រលាញ់​ក្មេង​ណាស់ ដើរ​ពរ​តែ​កូន​គេ​ទេ»។ និយាយ​ការ​លំបាក​ដែល​អ្នក​ស្រី​ឆ្លង​កាត់ ក៏​មិន​ខុស​ពី​អ្វី​ដែល​ស្រីណុច​ឆ្លង​កាត់​ដែរ គឺ​ចាញ់​កូន ល្ហិត​ល្ហៃ មិន​ស្រណុក​ខ្លួន រហូត​ដល់​ថ្ងៃ​សម្រាល​ ជា​ថ្ងៃ​ដែល​អ្នកស្រី​ឆ្លងកាត់​ការ​ឈឺចាប់​បំផុត​ក្នុង​ជីវិត ឈឺ​សឹង​តែ​ទ្រាំ​មិន​បាន ប៉ុន្តែ​ការ​ឈឺចាប់​ទាំង​អម្បាល​ម៉ាន​រលាយ​បាត់​ដូចគេ​បះ គ្រាន់​តែ​បាន​ឮ​សំឡេង​កូន​យំ គ្រាន់​ត្រឹម​តែ​បាន​ឃើញ​មុខ​កូន។

និយាយ​ដល់​ត្រឹម​នេះ អ្នក​ស្រី​ឈប់​មួយ​ស្របក់​ហាក់​ដូច​ជា​កំពុង​គិត មុន​នឹង​ប្រាប់​យើង​បន្ត​ថា «កាល​នោះ​ដោយ​សារ​ឈឺចាប់​ពេក ពិបាក​ពេក សឹង​តែ​ស្បថ​ជាមួយ​ខ្លួន​ឯង​ថា តែ​ហ្នឹង​បាន​ហើយ លែង​ចង់​បាន លែង​ចង់​មាន​ហើយ។ តែ​មិន​បាន​២ឆ្នាំ​ស្រួល​បួល​ផង មាន​មួយ​ទៀត​បាត់ រហូត​ដល់​ឥលូវ​មានបី ងាក​ទៅ​នេះ​ម៉ាក់ ងាក​ទៅ​នោះ​ម៉ាក់ ឲ្យ​ពេញតែផ្ទះ»។ មាន​ក្តី​សុខ​មែន​ទែន​នៀក!!

អ្នកស្រី សូនីដានិងកូនប្រុស

ចុង​ក្រោយ​អ្នក​ម្តាយ​របស់​យើង​ទាំងបី​បាន​ផ្តាំ​តាម​កញ្ញា​ដូចៗ​គ្នា ថា​សូម​ឲ្យ​កូនៗ​គ្រប់​រូប​ស្រលាញ់​ម្តាយ​របស់​ខ្លូន​ឲ្យ​បាន​ច្រើន ព្រោះ​ពួក​គាត់​ស្រលាញ់​យើង​ជាង​អ្នកណា​ទាំង​អស់។ ស្រលាញ់​ទាំង​មិន​ដឹង ទាំង​មិ​នគិត​ថា​យើង​ជា​អ្វី ដឹង​ត្រឹម​តែ​ម្យ៉ាង​យើង​គឺ​កូន តប​ស្នងគាត់​ឲ្យ​សម​តម្លៃ​ណា!!!  

អត្ថបទៈ May

អត្ថបទពេញនិយម