ទម្លាប់ទាំង ៩ ជួយឲ្យអ្នកមើលមកស្អាតទោះបីមិនផាត់មុខក៏ដោយ

  • 2020-03-18 06:45:00
  • ចំនួនមតិ 49 | ចំនួនចែករំលែក 905

ជារៀងរាល់ថ្ងៃ មិត្តនារីភាគច្រើនចូលចិត្តផាត់មុខមុនទៅធ្វើការឬទៅសាលាដើម្បីបន្ថែមសម្រស់នឹងមើលមកស្រស់ស្អាត។ ប៉ុន្តែ មិត្តនារីមួយចំនួនប្រហែលជាមិនដឹងទេថា អ្នកអាចនឹងមើលមកស្រស់ស្អាតបែបធម្មជាតិដោយអ្នកគ្រាន់តែអនុវត្តវិធីមួយចំនួនតែប៉ុណ្ណោះ។ ប្រៀបធៀបជាមួយនឹងាការតុបតែងមុខ អ្នកតែងចំណាយពេលវេលាគួរសមដើម្បីតុបតែងឲ្យសម ដូច្នោះមកដឹងពីវិធី ៩ យ៉ាងដូចខាងក្រោម៖

១. ធ្វើលំហាត់ប្រាណដើម្បីឲ្យឈាមរត់

រូបតំណាង

នៅពេលឈាមអ្នករត់បានល្អ អ្នកនឹងទទួលបានស្បែកក្មេងខ្ជីបូករួមជាមួយសុខភាពល្អ។ មានសកម្មភាពជាច្រើនដែលអ្នកអាចធ្វើឲ្យឈាមរត់ស្រួលរួមមាន ការច្រត់ដៃ លំហាត់ប្រាណ aerobic ការម៉ាស្សាមុខ រក្សាសំណើមផ្ទៃមុខនិងទទួលទានទឹកក្តៅឧណ្ហៗ។

២. ប្រើប្រាស់ឡេឬគ្រីមការពារកម្តៅថ្ងៃ

រូបតំណាង

ឡេការពារកម្តៅថ្ងៃមិនត្រឹមតែការពារពីការរលាកកម្តៅថ្ងៃប៉ុណ្ណោះទេ តែវាជួយការពារអ្នកពីភាពចាស់មុន អាយុ រក្សាស្បែកអ្នកឲ្យនៅល្អ និងជួយផ្តល់ប្រូតេអុីនដល់ស្បែកដូចជា keratin ដែលជួយផ្តល់ស្បែករលោងនិងសុខភាពល្អ។ លើសពីនេះ វាក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកផងដែរ។

៣. ទទួលទានទឹកក្រូចឆ្មា

រូបតំណាង

ការសិក្សាមួយបានបង្ហាញថា ស្ត្រីវ័យចំណាស់អាចធ្វើឱ្យស្បែករបស់ពួកគេភ្លឺថ្លាក៏ដូចជាកាត់បន្ថយរង្វង់ខ្មៅស្នាមអុជខ្មៅ និងក្រហមតាមរយៈការទទួលយកវីតាមីន C ប្រចាំថ្ងៃ។ នៅពេលភ្ញាក់ពីគេងឡើងទទួលទានទឹកក្តៅមួយពែងជាមួយក្រូចឆ្មាស្រស់នោះអ្នកនឹងទទួលបានស្បែកភ្លឺថ្លា។

៤. ម៉ាស្សាមុខ

រូបតំណាង

ស្បែកមុខរបស់អ្នកក៏ត្រូវការភាពតឹងណែននិងមានសំណើមផងដែរ។ ដូច្នោះ ចំណាយពេលម៉ាស្សាផ្ទៃមុខរបស់អ្នកដើម្បីកំចាត់ជាតិពុលចេញពីស្បែកឲ្យអស់។ នៅពេលម៉ាស្សា សូមប្រុងប្រយ័ត្នចំពោះការប៉ះខ្លាំងនៃស្បែកក្រោមភ្នែក។

៥. កោរចិញ្ចើម

រូបតំណាង

ការកោរចិញ្ចើមមានច្រើនទម្រង់ទៅតាមម៉ូដដែលខ្លួនស្រឡាញ់។ ពេលខ្លះ អ្នកមិនចាំបាច់ប្រើដង្កៀបសម្រាប់ដកឡើយ អ្នកគ្រាន់តែកោរចិញ្ចើមឲ្យចេញទម្រង់ បន្ទាប់មកទៀត អ្នកអាចប្រើខ្មៅដៃឬម្សៅគូរពីលើទៅជាការស្រេច។

៦. ប្រើសេរ៉ូមចិញ្ចឹមស្បែកមុខ

រូបតំណាង

មុនអ្នកលាបអ្វីមួយនៅលើមុខ កុំភ្លេចប្រើប្រាស់សេរ៉ូមជំនួយស្បែកដើម្បីឲ្យស្បែកមានសុខភាពល្អ ប្រយុទ្ធប្រឆាំងនឹងភាពជ្រីវជ្រួញ និងស្នាមអុជខ្មៅ។ ក្រៅពីសេរ៉ូម អ្នកក៏អាចប្រើម៉ាសបិទមុខសម្រាប់ជំនួយដល់ស្បែកផងដែរ។

៧. ប្រើប្រេងល្ហុងខ្ញែរលើរោមភ្នែក

រូបតំណាង

ការសិក្សាមួយបានបង្ហាញថាប្រេងល្ហុងអាចជួយសក់ឬរោមដុះចេញ ដូច្នេះវាមានប្រយោជន៍ជាពិសេស​នៅ​ពេល​ដែលព្យាយាមចង់បានរោមភ្នែករបស់អ្នកមើលទៅស្អាតបំផុត។ ទោះបីជាមានជំនឿមួយចំនួនក៏ដោយថាប្រេងប្រភេទនេះមិនបណ្តាលឱ្យរោមភ្នែករបស់អ្នកលឿន ប៉ុន្តែវានឹងលេចឡើងក្រាស់និងភ្លឺជាងមុន។

៨. ប្រើស្រោមខ្នើយធ្វើពីសរសៃសូត្រ

រូបតំណាង

អ្នកអាចកែតម្រូវរូបរាងរបស់អ្នកតាមរយៈការប្តូរមកប្រើស្រោមខ្នើយសរសៃសូត្រ ព្រោះនៅពេលអ្នកគេង សក់និងស្បែកក្បាលរបស់អ្នកពុំសូវកកិតខ្លាំង ក៏ដូចជាការខូចខាតផ្សេងៗ។ អ្នកក៏អាចប្រើស្រោមខ្នើយណាដែលមានសាច់ក្រណាត់ទន់រលោងព្រោះវាជួយការពារស្បែកក្បាលរបស់អ្នក។

៩. ចេះជ្រើសរើសសម្លៀកបំពាក់ឲ្យសមនឹងខ្លួន

រូបតំណាង

គ្មាននរណាម្នាក់ចេះជ្រើសរើសសម្លៀកបំពាក់ឲ្យសមក្រៅពីខ្លួនឯងនោះទេ។ ដើម្បីបន្ថែមសម្រស់មួយកម្រិតទៀត អ្នកគួរតែចេះជ្រើសរើសនិងព្យាយាមរកសម្លៀកបំពាក់ប្រភេទណាឲ្យសមនឹងខ្លួនអ្នកទើបមើលមកលេចធ្លោ៕

ចុចអានបន្ត៖

ទម្លាប់តូចតាចប្រចាំថ្ងៃទាំងនេះដែលមិត្តនារីមិនគួររំលងក្នុងការថែរក្សាសុខភាពនិងសម្រស់

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន