ឈ្លោះគ្នាច្រើនស្នេហាកាន់តែរឹងមាំ បើគូស្នេហ៍ចេះពីវិធីការពារនិងដំណោះស្រាយ ៥ យ៉ាងនេះ

  • 2020-02-10 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាល់​បញ្ហា​និង​ជម្លោះ​ទាំង​ឡាយ​ដែល​តែង​តែ​កើត​មាន​រវាង​គូ​ស្នេហ៍ វា​ជា​រឿង​ទូ​ទៅ​ដែល​គ្មាន​នរណា​ម្នាក់​អាច​ជៀស​ផុត។ អ្នក​អាច​នឹង​ខឹង​ឪពុក​ម្តាយ មិត្តភ័ក្តិ ចៅហ្វាយ​នាយ ឬ​មនុស្ស​ស្គាល់​គ្នា ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​​អារម្មណ៍​តាន​តឹង​បំផុត គឺ​នៅ​ពេល​អ្នក​មាន​បញ្ហា​ខឹង​អន់​ចិត្ត​ជាមួយ​នឹង​ដៃ​គូ​ដែល​ខ្លួន​ស្រលាញ់ ហើយ​ក៏​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​ចំណាយ​ពេល​រស់​នៅ​ជាមួយ​គ្នា​​ពេញ​មួយ​ជីវិត​ដែរ។ ប្រសិន​បើ​អ្នក​មិន​ចង់​ឲ្យ​ជម្លោះ​កើត​ឡើង​ដដែល​ៗ​​ខ្លាំង​ពេក និង​ដើម្បី​ការពារ​​មិន​ឲ្យ​ស្នេហា​ដាច់​​រហែក គួរ​ដឹង​ពី​វិធី​ ៥ យ៉ាង​នេះ​។

​១. ជ្រើសរើស​ពេលវេលា​ដោយ​ប្រុងប្រយ័ត្ន​បំផុត​​ដើម្បី​និយាយ​គ្នា

នេះ​គឺ​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​ថែរក្សា​ចំណង​ស្នេហា​ឲ្យ​បាន​រឹង​មាំ។ ប្រសិន​បើ​អ្នក​និយាយ​ជាមួយ​ដៃគូ​នៅ​ពេល​ខឹង​ខ្លាំង​ ពាក្យ​សម្តី​​គ្រប់​ម៉ាត់​ដែល​​មិន​សម​គួរ អាច​នឹង​របូត​ចេញ​ពី​មាត់​ដោយ​អចេតនា។ ពេល​នោះ​ហើយ ដែល​អាច​បង្ក​ក្តី​ឈឺចាប់​ទាំង​សង​ខាង​ទ្វេដង​។

រូបតំណាង

ព្យាយាម​រង់​ចាំ​​យ៉ាង​ហោច​​ណាស់ ២ ម៉ោង​សិន ដើម្បី​ឲ្យ​ចិត្ត​ត្រជាក់​បន្តិច មុន​នឹង​និយាយ​វែកញែក​រក​ខុស​ត្រូវ និង​អាច​​ដឹង​ពី​ហេតុផល​​ច្បាស់​លាស់​។ ដាច់​ខាត​មិន​ត្រូវ​យក​ម៉ោង​ដែល​អ្នក​កំពុង​តែ​ស្រ្តេស​​អស់​កម្លាំង ដូច​ជា​ពេល​​មុន​ចូល​គេង ឬ​ចេញ​ពី​ធ្វើ​ការ​ ដើម្បី​​​​​មក​តតាំង​ប្រឈម​មុខ​ដាក់​គ្នា​​​ឡើយ។ គួរ​ជ្រើស​រើស​ពេល​វេលា​ណា​មួយ ដែល​អ្នក​ទាំង​ពីរ​មាន​ថាមពល​ពេញ​លេញ អាច​បន្ធូរ​អារម្មណ៍​រៀង​ខ្លួន ទើប​ដំណោះ​ស្រាយ​មាន​ប្រសិទ្ធភាព​។

​២. មិន​វាយ​ប្រហារ​គ្នា

នេះ​ជា​ដំណាក់​កាល​សំខាន់​មួយ​ទៀត ដែល​មនុស្ស​ភាគ​ច្រើន​ពុំ​សូវ​បាន​គិត​ដល់។ ពេល​ខ្លះ​អ្នក​​មិន​ពេញ​ចិត្ត​នូវ​ទង្វើ​របស់​ដៃ​គូ និង​ចង់​ឲ្យ​គាត់​មាន​ការ​កែប្រែ។ ហេតុ​នេះ​ហើយ ជំនួស​ឲ្យ​ការ​ស្តី​ប្រទេច​ដោយ​ពាក្យ​ពេចន៍​មិន​សមរម្យ អ្នក​គួរ​និយាយ​ពន្យល់​តាម​សម្រួល បញ្ជាក់​ពី​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ ចេញ​ពី​បេះដូង​ពិត ដល់​ពេល​ណា​មួយ គាត់​នឹង​យក​គំនិត​របស់​អ្នក​ទៅ​ពិចារណា​ឡើង​វិញ​មិន​ខាន​ទេ។

​៣. ស្តាប់​ហេតុផល​ពី​គ្នា

រូបតំណាង

ជាក់ស្តែង​នៅ​ពេល​ខឹង​ ចិត្ត​​ក៏​ក្តៅ អារម្មណ៍​ក៏​ឆាបឆួល​​ ពិបាក​តាំង​ស្មារតី​ ថែម​ទាំង​មិន​ចង់​ស្តាប់​មិន​ចង់​ឭ​ការ​បក​ស្រាយ​អ្វី​ទាំង​អស់​។ យ៉ាង​ណា​មិញ អ្នក​មិន​អាច​បន្ត​ឫកពា​ បណ្តោយ​តាម​ចិត្ត​ដូច​ក្មេង​បាន​ទៀត​ឡើយ ពុំ​ដូច្នោះ​ទេ រឿង​រ៉ាង​នឹង​កាន់​តែ​ស្មុគស្មាញ​ស្រាយ​មិន​ចេញ។ ជួនកាល​ វា​អាច​ជា​ការ​យល់​ច្រឡំ​ពី​គ្នា ដូច្នេះ​គួរ​ចេះ​ទុក​ពេលវេលា ស្តាប់​ហេតុផល​និង​ការ​បក​ស្រាយ​របស់​ដៃ​គូ ឲ្យ​បាន​ត្រឹម​ត្រូវ​ជាមុន​សិន​។

​៤. ត្រូវ​ចាំ​ថា​នរណា​ក៏​​អាច​មាន​កំហុស​ដែរ

គ្រប់​គ្នា​សុទ្ធតែ​ធ្លាប់​ធ្វើ​ខុស គ្រាន់​តែ​ច្រើន​ឬ​តិច​ប៉ុណ្ណោះ​។ ការ​រំពឹង​ទុក​ ឬ​ទាម​ទារ​ខ្ពស់​ពេក អាច​ធ្វើ​ឲ្យ​អ្នក​ស្រងាក​ចិត្ត​ដោយ​មិន​ដឹង​ខ្លួន​។​ គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​ឡើយ បើ​អង្គុយ​ចាំ​តែ​ចាប់​កំហុស​ ដោយ​មិន​ជួយ​លើក​ទឹក​ចិត្ត​និង​កែ​លម្អ​គ្នា​ទៅវិញ​ទៅ​មក​ ព្យាយាម​យ៉ាង​ណា​ក៏​ទៅ​មុខ​មិន​រួច​ដែរ។

រូបតំណាង

​៥. មិន​ខ្លាច​នឹង​និយាយ​ពាក្យ​សុំទោស និង​អត់ឱន

មនុស្ស​ដែល​​មិន​ហ៊ាន​ប្រើ​ពាក្យ​ "សុំទោស” នៅ​ពេល​​​មាន​កំហុស ព្រោះ​គេ​ខ្លាច​​ដៃគូ​របស់​ខ្លួន គិត​ថា​អន់ មាន​ភាព​​អៀន​ខ្មាស និង​ខ្វះ​ភាព​​ក្លាហាន។ ក្នុង​ហេតុផល​ណាមួយ​ក៏​ដោយ​ គួរ​រៀន​​និយាយ "​សុំ​ទោស" ប្រសើរ​ជាង​ពាក្យ​ថា "ប៉ុន្តែ”​ ដើម្បី​និយាយ​តវ៉ា​ រក​លេស​ចង់​ឈ្នះ​។ សុំទោស មិន​មែន​មាន​ន័យ​ថា​អន់ មាន​តែ​អាច​ធ្វើ​ឲ្យ​គ្រប់យ៉ាង​ល្អ​ប្រសើរ​ឡើង​៕​​

រូបតំណាង

ចុចអានបន្ត៖ ពេល​មនុស្ស​ប្រុស​ចាប់​អារម្មណ៍​​លើនារី​ណា​ម្នាក់ គេ​នឹង​សង្កេត​រឿង​​ទាំង​នេះ

ប្រភព៖ yourtango ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម