ទម្លាប់​​៥​ សាមញ្ញៗ​ដែល​អ្នក​ធ្វើ​ជា​ប្រចាំ​ អាច​ធ្វើ​ឱ្យ​អ្នក​ឈឺ​ខ្នង​ដោយ​មិន​ដឹង​ខ្លួន​

  • 2020-02-03 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ការ​ឈឺ​ឆ្អឹង​ខ្នង​ស្រប​ពេល​ដែល​អ្នក​មាន​អាយុ​ច្រើន​ជា​រឿង​ធម្មតា ព្រោះ​រាង​កាយ​មាន​សភាព​ទ្រុឌទ្រោម​ជាង​ក្មេង។ យ៉ាង​ណា​មិញ បច្ចុប្បន្ន​គឺ​សង្កេត​ឃើញ​ថា​ក្មេងៗ​ក៏​ជួប​ប្រទះ​បញ្ហា​ឈឺ​ចង្កះ និង ខ្នង​ញឹក​ញាប់​ណាស់​ដែរ ស្រប​ពេល​ដែល​អាយុ​នៅ​តិច​សោះ។ ពេល​ខ្លះ​ ការ​ចុក​រោយ​នោះ​គឺ​បណ្តាល​មក​ពី​កាយ​វិការ​មួយ​ចំនួន​របស់​អ្នក​ដែល​ធ្វើ​ជា​ប្រចាំ ហើយ​វា​អាច​នាំ​ឱ្យ​អ្នក​ឈឺ​ឆ្អឹង​ឆ្អែង​ដោយ​មិន​ដឹង​ខ្លួន​ កាយ​វិការ​ទាំង​នោះ​រួម​មាន​៖

១. អង្គុយ ឬ ឱន​ចុច​ទូរសព្ទ

រូបតំណាង

ដូច​ដែល​បាន​ដឹង​ស្រាប់ នេះ​គឺ​ជា​សម័យ​ទូរសព្ទ ដូច្នេះ​ហើយ​ម្នាក់​ៗ​គឺ​តែង​មាន​ទូរសព្ទ​ជាន់​នឹង​ដៃ​ជានិច្ច។ យ៉ាង​ណា​មិញ​ ការ​ប្រើ​ប្រាស់​ទូរសព្ទ​ខុស​ទំនង និង ក្នុង​រយៈពេល​យូរ​គឺ​បង្ក​ឱ្យ​មាន​បញ្ហា​ដល់​រាង​កាយ​ដូច​ជា​ការ​ឈឺ​ឆ្អឹង​ខ្នង​ជាដើម។ ពេល​អ្នក​អង្គុយ​ ហើយ ​ឱន​ចុច​ទូរសព្ទ​គឺ​ធ្វើ​ឱ្យ​អ្នក​ប្រឹង​ផ្នែក​ឆ្អឹង​ខ្នង និង ក ខ្លាំង។ ដូចនេះ បើ​អ្នក​ទម្លាប់​មាន​កាយវិការ​បែប​នេះ​រយៈពេល​យូរ មិន​យូរ​មិន​ឆាប់​ អ្នក​នឹង​ប្រឈម​ទៅ​នឹង​ការ​ឈឺ​ផ្នែក​ឆ្អឹង​ខ្នង​ជា​មិន​ខាន។

២. គេង​ផ្កាប់​លេង​ទូរសព្ទ ឬ អាន​សៀវភៅ

រូបតំណាង

សម្រាប់​មនុស្ស​មួយ​ចំនួន​គឺ​គាត់​ចូលចិត្ត​ការ​គេង​ផ្កាប់​នៅ​លើ​ពូក​ដើម្បី​ចុច​ទូរសព្ទ មើល​រឿង ឬ អាន​សៀវភៅ​ព្រោះ គាត់​គិត​ថា​វា​ធ្វើ​ឱ្យ​ស្រួល​ខ្លួន និង​មិន​ចាំ​បាច់​ក្នុង​ការ​កាន់​នាំ​ចុក​ដៃ។ យ៉ាង​ណា​មិញ​ កាយ​វិការ​គេង​បែប​នេះ​ វា​មាន​ផល​វិបាក​របស់​វា​ដូច​គ្នា ព្រោះ​ការ​គេង​បែប​នេះ​ធ្វើ​ឱ្យ​អ្នក​ប្រឹង​ផ្នែក​ក​ខ្លាំង​ដើម្បី​ទប់​លំនឹង ​ ដូច្នេះ​ហើយ​ទើប​ការ​គេង​បែប​នេះ​រយៈពេល​យូរ​នឹង​ធ្វើ​ឱ្យ​ខ្នង​របស់​អ្នក​ប្រឹង​ដូច​គ្នា ហើយ អាច​ប៉ះ​ពាល់​រហូត​ដល់​មាន​ការ​ឈឺ​ចុកចាប់​។

៣. អង្គុយ​ប្រើ​កុំព្យូទ័រ​លើស​ពី​២ម៉ោង

រូបតំណាង

ក្នុង​ពេល​បច្ចុប្បន្ន​ ដោយ​សារ​ការ​មមាញឹក​នៃ​ការងារ ឬ​ ការ​សិក្សា​ ធ្វើ​ឱ្យ​យុវជន យុវនារី​ម្នាក់ៗ​ដក​ខ្លួន​មិន​រួច​ពី​មុខ​កុំព្យូទ័រ រហូត​ភ្លេច​ខ្លួន​អង្គុយ​ច្រើន​ម៉ោង​ជ្រុល​។ ការ​អង្គុយ​បែប​នេះ​រយៈពេល​យូរ គឺ​ប៉ះ​ពាល់​ខ្លាំង​ដល់​ផ្នែក​ខាង​ក្រោម​នៃ​ឆ្អឹង​ខ្នង​ និង អាច​បង្ក​ឱ្យ​មាន​ការ​ចុក​រោយ​ខ្លាំង។ ដូច្នេះ បើ​អ្នក​មិន​ចង់​ទទួល​ការ​ឈឺ​ចាប់​នោះ អ្នក​គួរ​ងើប​ឈរ ឬ ដើរ​ចេញ​ពី​កុំព្យូទ័រ​ រយៈពេល​៣០-៤០នាទី​ម្តង។

៤. អង្គុយ​កៅអី​ទាប​​ផ្ទាល់​ដី (បែប​ជប៉ុន)

រូបតំណាង

មាន​មនុស្ស​មួយ​ចំនួន​ចូលចិត្ត​អង្គុយ​កៅ​អី​ទាបៗ​ផ្ទាល់​ដី ដែល​ត្រូវ​បាន​ប្រជាជន​ជប៉ុន​និយម​ប្រើ​ប្រាស់ ពី​ព្រោះ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទុក​ដាក់ ជា​ពិសេស​ស័ក្តិសម​ជាមួយ​នឹង​ទីធ្លា​តូច​ចង្អៀត។ កៅអី​ប្រភេទ​នេះ​មាន​រូបរាង​តូច​ច្រឡឹង​ ស្អាត និង ងាយ​ស្រួល​អង្គុយ ក៏​ប៉ុន្តែ​វា​ពិត​ជា​មាន​ផល​វិបាក​របស់​វា​ ពោល​គឺ​បើ​អ្នក​ឧស្សាហ៍​អង្គុយ​លើ​វា​ញឹក​ញាប់ ឬ ក្នុង​រយៈពេល​យូរ វា​នឹង​ផ្តល់​ផល​ប៉ះ​ពាល់​ដល់​ឆ្អឹង​ខ្នង​របស់​អ្នក​ជា​មិន​ខាន។

៥. អង្គុយ​គងទាក់​ខ្លា

រូបតំណាង

សុភាព​នារី​ភាគច្រើន​គឺ​និយម​ក្នុង​ការ​អង្គុយ​គង​លើ​ជើង​ម្ខាង ឬ គង​ទាក់​ខ្លា​នេះ​ឯង។ ការ​អង្គុយ​បែប​នេះ​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​ឈឺ​ឆ្អឹង​ខ្នង​បាន​ដែរ ព្រោះ​វា​មាន​សម្ពាធ​ដល់​ផ្នែក​ខ្នង និង ជើង​ម្ខាង​ដែល​ត្រូវ​ទ្រាំ​ទ្រ​ទម្ងន់​ធ្ងន់។ ហេតុ​ដូច​នេះ​ហើយ អ្នក​គួរ​ទម្លាប់​កាត់​បន្ថយ​នូវ​របៀប​អង្គុយ​គង​ទាក់​ខ្លា​នេះ​ចោល​ខ្លះ បើ​មិន​ចង់​ឱ្យ​ឆ្អឹង​ខ្នង​របស់​អ្នក​មាន​បញ្ហា​ច្រើន​ជាង​នេះ៕ ​​

អានបន្ត៖ គន្លឹះ ៦ យ៉ាង​ធ្វើ​ឱ្យ​អ្នក​គេង​លក់​ស្រួល ស្កប់ស្កល់​ល្អ គ្មាន​ការ​រំខាន

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម