នាងលែងត្រូវការអ្នកទៀតហើយ ព្រោះអ្នកបានបង្រៀននាងឲ្យចេះនៅម្នាក់ឯង

  • 2020-01-15 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​បាន​បង្រៀន​នាង​ឲ្យ​ចេះ​នៅ​ម្នាក់​ឯង​ស្ទើរ​តែ​គ្រប់​ពេលវេលា។ រាល់​ពេល​ដែល​នាង​ត្រូវការ​​​ចង់​​ខល​ទៅ​​​និយាយ​ពិភាក្សា​គ្នា​ អ្នក​បែរ​ជា​​មិន​​​លើក​ទូរសព្ទ និង​ហាក់​បី​ដូច​ជា​​ព្រងើយ​កន្តើយ​ណាស់​ ដូច្នេះ​កុំ​ឆ្ងល់​ឲ្យ​សោះ​​នៅ​ពេល​ដែល​នាង​ឈប់​ខល​ទៅ​​​ទៀត ព្រោះ​​វា​ជា​មេរៀន​ទី​១ ដែល​អ្នក​បាន​បង្រៀន​នាង​ឲ្យ​ចេះ​ពឹង​ពាក់​លើ​ខ្លួន​ឯង។

រូបតំណាង

ឥលូវ​នេះ​ នាងកំពុង​តែ​ចំណាយ​ពេល​​មាន​តម្លៃ​​ដើម្បី​ផ្តោត​សំខាន់​លើ​ខ្លួន​ឯង​ និង​គោល​ដៅ​របស់​នាង​ជា​ធំ។ នាង​​ដើរ​លេង​យ៉ាង​សប្បាយ​ជាមួយ​មិត្តភ័ក្តិ​ ដោយ​ពុំ​ចាំ​បាច់​មាន​អ្នក​។ នេះ​ព្រោះ​តែ​អ្វី​ទៅ? គឺ​ដោយ​សារ​តែ​អ្នក​មិន​ដែល​បង្ហាញ​វត្តមាន​សម្រាប់​នាង​ឡើយ។ អ្នក​មិន​ខ្វល់ អ្នក​មិន​ស្តាប់ អ្នក​ច្រាន​ចោល​គម្រោង​ការ​សំខាន់​ៗ​ជាមួយ​នាង​។ វា​ជា​មេរៀន​ទី​២ ដែល​អ្នក​បាន​បង្រៀន​នាង​ឲ្យ​ចេះ​ស្រលាញ់​ខ្លួន​ឯង​​ជាង​អ្នក​ដទៃ រៀន​ធ្វើ​អ្វី​ដោយ​ខ្លួន​​ឯង ហើយក៏​​លែង​ចង់​​ខ្ជះខ្ជាយ​កម្លាំង​និង​​ពេលវេលា ដើម្បី​រង់​ចាំ​រឿង​ដែល​មិន​អាច​ទៅ​រួច និង​គ្មាន​ប្រយោជន៍​ត​ទៅ​ទៀត។

កុំ​ភ្ញាក់​ផ្អើល​អី នៅ​ពេល​ដែល​ឃើញ​នាង​​មាន​ជំហរ​រឹង​មាំ មិន​ទន់​ខ្សោយ​ដូច​មុន មាន​ភាព​ឯករាជ្យ​ អាច​ធ្វើ​កិច្ចការ​តូច​ធំ​បាន​ដោយ​គ្មាន​អ្នក ព្រោះ​រាល់​​ពាក្យ​​ដែល​អ្នក​ធ្លាប់​និយាយ​ប្រកែក​​ថា "ទេ”​ 'មិន​ចង់​" ធ្វើ​អ្វី​ជាមួយ​គ្នា​ វា​បាន​ទៅ​ក្លាយ​​ជា​ពាក្យ​ថា​​ "អូខេ" "​​គ្មាន​គេ​ក៏​ខ្ញុំ​អាច​ធ្វើ​វា​បាន" ដែល​នាង​តែង​តែ​ប្រាប់​ខ្លួន​ឯង​ជា​និច្ច។

រូបតំណាង

នាង​​ឈប់​នៅ​ស្រណោះ​នឹក​នា​ដល់​អ្នក​ទៀត​ហើយ ព្រោះ​នាង​មិន​ចង់​រស់​នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​ដែល​មាន​តែ​ឈ្មោះ ​ប៉ុន្តែ​គ្មាន​នរណា​នៅ​ក្បែរ​យល់​ចិត្ត​​​ដដែល​។ ឆ្លង​កាត់​ការ​មិន​ឲ្យ​តម្លៃ​ពី​អ្នក ទើប​នាង​សម្រេច​ចិត្ត​ដើរ​ចេញ ហើយ​ព្យាយាម​ឈោង​ចាប់​ក្តី​ស្រមៃ​វិញ​ប្រសើរ​ជា​​ជាង។

តែ​កុំ​ភ័យ​អី នាង​មិន​បាន​គុំកួន​នាំ​ឲ្យ​ក្តៅ​ចិត្ត​ឥត​បាន​ការ​ទេ​ មាន​តែ​ពាក្យ​ថា​​អរគុណ​​ចំពោះ​មេរៀន​ជាច្រើនរាប់មិនអស់ ដែល​អ្នក​បាន​បង្រៀន​នាង​នា​ពេល​កន្លង​ទៅ​។ អរគុណ​ដែល​អនុញ្ញាត​ឲ្យ​នាង​​បាន​​ប្រើជីវិតជា​ខ្លួន​ឯង ដោយ​គ្មាន​ការ​បារម្ភ ស្មុគស្មាញ​ដូចមុន​។ អរគុណ​សម្រាប់​បទ​ពិសោធន៍​ ដែល​ធ្វើ​ឲ្យ​នាង​ភ្លឺ​ភ្នែក អាច​បង្កើន​សមត្ថភាព​ និង​អាច​រស់​នៅ​ពេញ​ដោយ​កម្លាំង​ថាមពល​ មាន​​សុភមង្គល​ដោយ​ពុំ​ចាំ​បាច់​ពឹង​ពាក់​លើ​នរណា​ទៀត​ទេ៕​

អរគុណ​ណាស់!

ចុចអានបន្ត៖ វិធីសាស្រ្ត៤​​យ៉ាង​ជួយ​អ្នក​ឲ្យ​បំភ្លេច​គេ​បាន​​​ជោគជ័យ​ និង​លែង​មាន​​ការ​​ឈឺ​ចាប់​ត​ទៅ​ទៀត​​

ប្រភព៖ thepowerofsilence ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម