ប្រភេទ​កាហ្វេ​ដែល​អ្នក​ផឹក​រាល់​ថ្ងៃ​​ ​អាច​បង្ហើប​ប្រាប់​ពី​អត្ត​ចរិត​របស់​អ្នក​បាន​យ៉ាង​ច្បាស់

  • 2020-01-02 04:10:00
  • ចំនួនមតិ 26 | ចំនួនចែករំលែក 84

កាហ្វេ​ជា​ភេសជ្ជៈ​ដែល​គ្រប់​គ្នា​តែង​ជ្រើស​រើស​ផឹក​នៅ​ពេល​អស់​កម្លាំង ពេល​ងងុយ​គេង ឬ អ្នក​ខ្លះ​ចូលចិត្ត​ផឹក​ជា​ប្រចាំ​តែ​ម្តង។ យ៉ាង​ណា​មិញ ចំណង់​ចំណូល​ចិត្ត​នៃការផឹក​កាហ្វេ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​គឺ​ខុសៗ​គ្នា មិន​ថា​កម្រិត​ជាតិ​ស្ករ ទឹក​កក​ ឬ ប្រភេទ​កាហ្វេ​ ព្រោះ​វា​ផ្តល់​នូវ​រសជាតិ​ផ្សេងៗ​គ្នា។ តើ​អ្នក​ដឹង​ទេ​ថា​ រសជាតិ​នៃ​កាហ្វេ​ដែល​អ្នក​ជ្រើស​រើស​ផឹក​អាច​បង្ហាញ​អ្វី​ខ្លះ​ពី​អ្នក?

១. កាហ្វេ​ខ្មៅ​សុទ្ធ

រូបតំណាង

អ្នក​ខ្លះ​ចូលចិត្ត​​ផឹក​កាហ្វេ​ខ្មៅ​សុទ្ធ ដែល​គ្មាន​រសជាតិ​អ្វី​ក្រៅ​ពី​ល្វីង មាន​ន័យ​ថា​​កាហ្វេ​គ្មាន​ស្ករ គ្មាន​គ្រីម គ្មាន​ទឹក​ដោះ​គោ គឺ​រសជាតិ​កាហ្វេ​ខ្មៅ ជាមួយ​ទឹក​ក្តៅ​សុទ្ធ​តែ​ម្តង។ ពួក​គេ​ត្រូវ​បាន​ជឿ​ថា ជា​ប្រភេទ​មនុស្ស​ស្ងៀមស្ងាត់ និង មិន​សូវ​មាន​ទំនាក់ទំនង​ក្នុង​សង្គម​ប៉ុន្មាន​ទេ។ ពួក​គេ​ច្រើន​ចំណាយ​ពេល​នៅ​ម្នាក់​ឯង​ ហើយ​ មិន​សូវ​ស្ញប់ស្ញែង​អ្នក​ណា​ផ្សេង​ក្រៅ​ពី​ខ្លួន​ឯង​ឡើយ។

២. Espresso

រូបតំណាង

រសជាតិ​កាហ្វេ Espresso គឺ​ល្វីង​លើស​កាហ្វេ​ខ្មៅ​ធម្មតា​រហូត​ដល់​ ២​ទៅ​៣​ដង​ឯណោះ​ ព្រោះ​មិន​ត្រឹម​តែ​គ្មាន​បន្ថែម​នូវ​រសជាតិ​ផ្អែម កាហ្វេ​ប្រភេទ​នេះ​គឺ​ត្រូវ​ប្រើ​ប្រាស់​ទឹក​ឆុង​តិច​បំផុត ដែល​កាន់​តែ​ធ្វើ​ឱ្យ​ជាតិ​ល្វីង​របស់​កាហ្វេ​ខ្មៅ​ត្រូវ​បាន​បញ្ចេញ​មក​ រួម​ផ្សំ​ជាមួយ​បរិមាណ​ទឹក​ដ៏​តិច​បំផុត​នោះ​។ អ្នក​ដែល​ចូលចិត្ត​ផឹក Espresso ជា​មនុស្ស​ដែល​ព្យាយាម​​ភ្ជាប់​ខ្លួន​ទៅ​នឹង​ថានៈ​ណា​មួយ​នៅ​ក្នុង​សង្គម​ ហើយ​មាន​ចរិត​ម៉ឺងម៉ាត់​ និង ហ៊ាន​ខ្លាំង​ពេល​ចង់​ធ្វើ​រឿង​អ្វី​មួយ។

៣. កាហ្វេ​ផ្អែម​ខ្លាំង

រូបតំណាង

សម្រាប់​អ្នក​ខ្លះ មិន​ត្រឹម​តែ​ទ្រាំ​ល្វីង​មិន​បាន​ទេ ថែម​ទាំង​ត្រូវ​ការ​រសជាតិ​ផ្អែម​លើស​ធម្មតា​ទៀត ហើយ​ពេល​ទៅ​ទិញ​កាហ្វេ​ម្តងៗ តែង​តែ​ផ្តាំ​ឱ្យ​អ្នក​លក់​ដាក់​ឱ្យ​ផ្អែម ទើប​ត្រូវ​ចិត្ត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពេល​ពួក​គាត់​ស្រេ្តស ឬ មិន​សប្បាយ​ចិត្ត​ គឺ​កាន់​តែ​ត្រូវ​ការ​ជាតិ​ផ្អែម​ទៀត។ យ៉ាង​ណា​មិញ អ្នក​ចូល​ចិត្ត​ជាតិ​ផ្អែម​បែប​នេះ​ជា​មនុស្ស​មាន​ភាព​រួស​រាយ​រាក់​ទាក់​ និង ចូលចិត្ត​រាប់​អាន​គេ​ឯង។

៤. កាហ្វេ​ផ្អែម​ល្មម

រូបតំណាង

មនុស្ស​មួយ​ប្រភេទ​ទៀត​ចូលចិត្ត​ផឹក​កាហ្វេ​ដែល​រសជាតិ​មិន​ផ្អែម​ពេក និង មិន​ល្វីង​ពេក។ ក្នុង​នោះ​មិន​ថា សម្រិត​ស្ករ ឬ ទឹក​ដោះ​គោ​គឺ​ពួក​គាត់​ចូលចិត្ត​វា​ក្នុង​កម្រិត​មធ្យម​។ រីឯ​ អត្ត​ចរិត​ពួក​គាត់​ក៏​មិន​ខុស​ពី​ចំណង់​ចំណូល​ចិត្ត​រសជាតិ​កាហ្វេ​របស់​ពួក​គាត់​ដែរ គឺ​មាន​ភាព​ជា​បណ្តាល។ ពួក​គាត់​តែង​មាន​ការ​ថ្លឹង​ថ្លែង​ច្បាស់​លាស់​ ទាំង​រឿង​តូច​ធំ និង ​រឿង​ល្អ​អាក្រក់​ដែល​កើត​មាន​ក្នុង​ជីវិត គឺ​មាន​ន័យ​ថា​មិន​ទោរ​ទន់​ទៅ​ខាង​ណា​ខ្លាំង​ពេក​ឡើយ តែង​មាន​ការ​គិត​គូ​ និង ភាព​ជា​កណ្តាល​ជានិច្ច។

៥. កាហ្វេ​លាយ​រសជាតិ​ផ្សេង

រូបតំណាង

ចំណែក​ឯ​អ្នក​ខ្លះ​ចូលចិត្ត​កាហ្វេ​ដែល​មាន​​រសជាតិ​រាង​ប្លែក និង ផ្សេង​ពី​រសជាតិ​ដើម។ ពួក​គេ​ច្រើន​ផឹក​កាហ្វេ​ដែល​លាយ​ជាមួយ​រសជាតិ​ផ្សេង​ដូច​ជា សូកូឡា តែ​បៃតង ការ៉េម​ ឬ លាយ​ជាមួយ​ខារ៉ាមែល​ជាដើម ដែល​សុទ្ធ​សឹង​ជា​ប្រភេទ​រសជាតិ​ដែល​ធ្វើ​ឱ្យ​បាត់​បង់​រសជាតិ​កាហ្វេ​ខ្លះ ហើយ ចេញ​នូវ​រសជាតិ​ម៉្យាង​ផ្សេង​វិញ។ មនុស្ស​ដែល​ចូល​ចិត្ត​រសជាតិ​ប្លែក​នេះ គឺ​ប្រភេទ​មនុស្ស​ដែល​ហ៊ាន​សាក​អ្វីៗ​ដែល​ថ្មី ហើយ ប្លែក​។ ពួក​គេ​មាន​ភាព​ក្លាហាន​នឹង​ទទួល​យក​នូវ​ភាព​ថ្មី​ស្រឡាង​ពី​រឿង​ដែល​កើត​ឡើង និង ពី​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន៕​

អានបន្ត៖ ក្បួនទាយបង្ហើបថា មានមនុស្សកើតចំខែចំនួន៣ សំណាងខ្លាំងក្នុងឆ្នាំ២០២០

ប្រភព៖ The Healthy ប្រែ​សម្រួល៖ Siyou Tang