ស្រឡាញ់​គ្នា​តាំង​ពី​តូច តែ​រៀប​ការ​រួច​បែរ​ជួប​រឿង​​ឈឺ​ចាប់​បំផុត

  • 2019-11-08 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​គូស្នេហ៍​មួយ​គូ​នេះ​ស្គាល់​គ្នា​តាំង​ពី​នៅ​ក្មេង​តូច​ៗ។ កាល​ពី​មុន​ពួក​គេ​តែង​បបួល​គ្នា​ទៅ​លេង​​ស្ទូច​បង្កង​ជាមួយ​គ្នា​នៅ​ទន្លេ ប៉ុន្តែ​គ្រប់​ពេល​ខាង​ប្រុស​តែង​ជា​អ្នក​ចាប់​បាន​បង្កង​ច្រើន ចំណែក​ខាង​ស្រី​មិន​ដែល​ចាប់​បាន​សូម្បី​តែ​មួយ​ក្បាល។ នាង​ក៏​តែង​ត្រលប់​ទៅ​ផ្ទះ​វិញ​ដោយ​ខឹង​គ្រប់​ពេល។ ប៉ុន្តែ​បន្ទាប់​ពី​នោះ​ក្មេង​ប្រុស​តែង​មក​គោះ​ទ្វារ​មុខ​ផ្ទះ ហុច​បង្កង​ឲ្យ​នាង និង​និយាយ​ថា “សុំ​ទោស​ដែល​ខ្ញុំ​ដណ្ដើម​បង្កង​របស់​ឯង​អស់ តែ​អា​មួយ​នេះ​ខ្ញុំ​ចែក​ឲ្យ​ឯង”។ ក្មេង​ស្រី​ញញឹម ​ដោយ​សប្បាយ​ចិត្ត។ ចាប់​ពី​ថ្ងៃ​នោះ​មក​ជីវិត​របស់​ពួក​គេ​ទាំង​ពីរ​ក៏​មាន​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​ការ​សុំ​ទោស​​កើត​ឡើង​ជាច្រើន​លើក​ច្រើន​សា​រហូត​ដល់​ទី​បញ្ចប់​នៃ​ជីវិត...  

រូបតំណាង

ពាក្យ​សុំ​ទោស​ពី​បេះដូង

សម័យ​នៅ​រៀន​វិទ្យាល័យ ក្មេង​ប្រុស​​តែង​​ធ្វើ​បាប​ក្មេង​ស្រី​​ជា​ច្រើន​ដង រហូត​ដល់​​នាង​យំ​ហើយ​ខឹង​ខ្លាំង​ទើប​តាម​មក​សុំ​ទោស។ គេ​តែង​ធ្វើ​បែប​នេះ​ជា​ច្រើន​លើក ហើយ​មាន​ម្ដង​នោះ គេ​ក៏​លួច​បន្ធូរ​កង់​របស់​នាង​ឡើង​ធូរ​ស្ប៉ត មិន​អាច​ជិះ​ត្រលប់​ទៅ​ផ្ទះ​បាន និង​លួច​លប​មើល​ពី​ចម្ងាយ យ៉ាង​សប្បាយ​រីករាយ មួយ​សន្ទុះ​ ទើប​ចេញ​មក​សើច​ចំអក និង​ជួយ​បណ្ដើរ​កង់​នាង​​ត្រលប់​ទៅ​ផ្ទះ​ជាមួយ​គ្នា ហើយ​​និយាយ​ថា "សុំទោស”។ ក្មេង​ស្រី​ក៏​បាន​អភ័យ​ទោស​ឲ្យ​គេ​គ្រប់​ពេល ព្រម​ទាំង​និយាយ​ថា​កុំ​ធ្វើ​បែប​នេះ​ទៀត។    

ពាក្យ​សុំ​ទោស​ដែល​មាន​ន័យ​​ជ្រាលជ្រៅ

បន្ទាប់​ពី​ក្មេង​ស្រី​និង​ក្មេង​ប្រុស​រៀន​ចប់​មហាវិទ្យាល័យ​ព្រម​គ្នា ពួក​គេ​ក៏​បាន​ស្រឡាញ់​គ្នា​ជា​សង្សារ ប៉ុន្តែ​ដោយ​សារ​ខាង​ប្រុស​ធ្វើ​ការ​រវល់​ច្រើន ទើប​ត្រូវ​ត្រលប់​មក​ផ្ទះ​វិញ​យប់​ជ្រៅ​ជា​ប្រចាំ និង​តែង​​មាន​រឿង​ឈ្លោះ​គ្នា​ជា​ញឹកញាប់។ សូម្បី​តែ​នៅ​ថ្ងៃ​ខួប​កំណើត​របស់​នាង ​ដែល​ខាង​ប្រុស​សន្យា​ថា នឹង​ធ្វើ​ឲ្យ​នាង​ភ្ញាក់ផ្អើល ប៉ុន្តែ​គេ​បែរ​ជា​មិន​ត្រលប់​មក​ផ្ទះ​នៅ​ថ្ងៃ​នោះ​ទៅ​វិញ ដោយ​​ទុក​​ឲ្យ​នាង​រង់​ចាំ​​ក្នុង​បន្ទប់​ម្នាក់​ឯង រហូត​ដល់​គេង​លក់។ ពេល​ព្រឹក​​ភ្ញាក់​ឡើង​​ក៏​មិន​ទាន់​ឃើញ​ស្រមោល​គេ​ត្រលប់​មក​វិញ។ នាង​យំ​យ៉ាង​ខូច​ចិត្ត មួយ​សន្ទុះ​ទើប​គេ​បើក​ទ្វារ​ឡើង​ព្រម​ទាំង​និយាយ​ថា “បង​សុំ​ទោស​ដែល​ទុក​ឲ្យ​អូន​រង់​ចាំ តែ​អូន​រៀបការ​ជាមួយ​បង​បាន​ទេ?” គេ​ឈរ​ និង​បំពាក់​ចិញ្ចៀន​ឲ្យ​នាង។  

រូបតំណាង

ពាក្យ​សុំ​ទោស​​បំបាំង​មុខ

  ក្រោយ​ពី​រៀបការ​ជាមួយ​គ្នា ខាង​ប្រុស​ក៏​បាន​សម្រេច​ជោគជ័យ​ក្នុង​ការងារ។ នារី​ប្រពន្ធ​ក៏​ឈប់​ធ្វើការ​ដើម្បី​មក​ធ្វើ​មេផ្ទះ​​យ៉ាង​ពេញលេញ។ នាង​តែង​ទិញ​បង្កង​ពី​ផ្សារ​យក​មក​ចិញ្ចឹម​ក្នុង​ទូ​ត្រី ដើម្បី​ទុក​មើល ហើយ​បាន​ត្រឹម​ញញឹម​តែ​ម្នាក់​ឯង។ ជា​ច្រើន​ខែ​កន្លង​មក​នេះ បុរស​ប្ដី​ចាប់​ផ្ដើម​ត្រលប់​មក​ផ្ទះ​វិញ​​កាន់​តែ​យប់ ហើយ​ពេល​ត្រលប់​មក​វិញ​ក៏​ធុំ​តែ​ក្លិន​ទឹក​អប់​របស់​មនុស្ស​ស្រី។ គ្រប់​ពេល​ដែល​ត្រលប់​មក​ផ្ទះ​វិញ​ គេ​តែង​​ប្រញាប់​និយាយ​ថា "បង​សុំទោស បង​ត្រូវ​ទៅ​ជប់លៀង​ជាមួយ​អតិថិជន”។ គេ​តែង​បែប​នេះ​ជា​ច្រើន​លើក រហូត​នារី​ប្រពន្ធ​នឿយ​ហត់​លែង​សួរ​នាំ​គេ​ត​ទៀត និង​ចាប់​ផ្ដើម​និយាយ​កាន់​តែ​តិច​ទៅ​ៗ លែង​មាន​ភាព​ស្រស់ស្រាយ​ដូច​មុន​។ បុរស​ជា​ប្ដី​តែង​ទូរសព្ទ​មក​ប្រាប់​នាង​រាល់​ថ្ងៃ​ថា “បង​សុំ​ទោស ថ្ងៃ​នេះ​ត្រូវ​ជប់លៀង​ឲ្យ​អតិថិជន​ទៀត​ហើយ”។ ពេល​ខ្លះ​នាង​ក៏​គេង​យំ​តែ​ម្នាក់​ឯង​​នៅ​កណ្ដាល​យប់។     រូបតំណាង

ពាក្យ​សុំ​ទោស​​បោក​ប្រាស់

​មាន​ថ្ងៃ​មួយ​នាង​គិត​ថា​ ពេល​ខ្លះ​អាច​ដោយ​សារ​មួយ​រយៈ​នេះ​នាង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ខ្លួន​ឯង ទើប​នាង​សម្រេច​ចិត្ត​តែង​មុខ​យ៉ាង​ស្អាត និង​ស្លៀក​សំលៀកបំពាក់​សមរម្យ ដើម្បី​ទៅ​​រក​គេ​ដល់​ក្រុមហ៊ុន។ នាង​បាន​ចូល​ទៅ​ដល់​ការិយាល័យ​ប្ដី​ដោយ​ក្ដី​រំភើប។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​នាង​ទៅ​រក​គេ​។ បើ​ទោះ​ជា​​ផ្លូវ​ទៅ​អូហ្វីស​នោះ​មាន​លក្ខណៈ​ស្មុគស្មាញ ឬ​បរិយាកាស​មិន​សូវ​ល្អ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​នាង​​នៅ​តែ​មាន​អារម្មណ៍​​ល្អ ព្រោះ​វា​ជា​កន្លែង​ធ្វើ​ការ​របស់​ប្ដី។ ពេល​នាង​ដើរ​ចូល​ដល់​​បន្ទប់​ធ្វើ​ការ​របស់​ប្ដី ក៏​បាន​​រក​ឃើញ​ថា​គេ​កំពុង​មាន​អី​ៗ​ជាមួយ​លេខា​ស្រី​ម្នាក់​។ នាង​ក៏​រត់​គេចចេញ​ពី​ទី​នោះ ចំណែក​ប្ដី​ក៏​ខំ​រត់​តាម​និង​ស្រែក​ឮ​ៗ​ថា “បង​សុំ​ទោស បង​ស្រឡាញ់​អូន​តែ​ម្នាក់​ទេ...”  

រូបតំណាង

ពាក្យ​សុំ​ទោស​ដែល​ឈឺចាប់​បំផុត

  បន្ទាប់​ពី​នោះ​មក នាង​ក៏​បាត់​ខ្លួន​​ដោយ​គ្មាន​ដំណឹង​ទាល់​តែ​សោះ។ បុរស​ជា​ប្ដី​ក៏​មិន​ដឹង​ថា​តាម​រក​នាង​បាន​នៅ​ឯណា​ ព្រោះ​នាង​ក៏​មិន​មាន​មិត្តភ័ក្ដិ​ណា​ម្នាក់​ឡើយ។ រហូត​ដល់​៦​ខែ​ក្រោយ គេ​ក៏​ទទួល​បាន​កញ្ចប់​ប្រៃសណីយ៍​មួយ​ ដែល​នៅ​ខាង​ក្នុង​​មាន​កូន​តុក្កតា​បង្កង​ក្នុង​ដប​មួយ​យ៉ាង​ស្រស់​ស្អាត ភ្ជាប់​ជាមួយ​សំបុត្រ​មួយ​ច្បាប់​ដែល​សរសេរ​ថា “អាច​ដោយ​សារ​ខ្ញុំ​ទន់​ខ្សោយ​ពេក​ដែល​​មិន​ហ៊ាន​ទៅជួប​​និយាយ​តទល់​​អ្នក។ ពេល​នេះ​ខ្ញុំ​សុខ​សប្បាយ​ទេ ខ្ញុំ​មិន​ចង់​រង់​ចាំ​អ្នក​តែ​ម្នាក់​ឯង​ពេញ​មួយ​យប់​ទៀត​ឡើយ មិន​ចង់​ធ្វើ​ម្ហូប​ដែល​គ្មាន​អ្នក​ណា​ញ៉ាំ គ្រប់​គ្រាន់​ហើយ​សម្រាប់​​ការ​ឈឺ​ចាប់ ខ្ញុំ​នឹង​ព្យាយាម​បំភ្លេច​អ្នក​ឲ្យ​បាន ហើយ​ជួយ​ស៊ីញ៉េ​លើ​លិខិត​លែងលះ​ដែល​នៅ​ខាង​ក្រោម​​កែវ​នោះ​ផង និង​ផ្ញើរ​មក​ខ្ញុំ​វិញ​តាម​អាស័យដ្ឋាន​នេះ... សុំទោស​ផង ប៉ុន្តែ​ខ្ញុំ​នឿយ​ហត់​ខ្លាំង​ពិត​មែន...”  

រូបតំណាង

នៅ​ពេល​ដែល​បុរស​ប្ដីទៅ​​រក​តាម​​អាស័យដ្ឋាន​​ដែល​ប្រពន្ធ​ខ្លួន​សរសេរ គេ​ក៏​បាន​ជួប​នឹង​ឪពុក​របស់​នាង។ ឪពុក​នាង​និយាយ​ថា បន្ទាប់​ពី​នាង​បាន​សរសេរ​សំបុត្រ​នោះ​ហើយ​ នាង​ក៏​បាន​លេប​ថ្នាំ​សម្លាប់​ខ្លួន ហើយ​ក៏​លែង​ដឹង​ខ្លួន​វិញ​រហូត ធ្វើ​ឲ្យ​បុរស​ជា​ប្ដី​​មាន​អារម្មណ៍​រន្ធត់ និង​សោកស្ដាយ​ជា​ទី​បំផុត។  

ក្នុងមួយ​​ជីវិត​យើង នឹង​មាន​នរណា​ម្នាក់​ដែល​ស្រឡាញ់​និង​ថែ​រក្សា​យើង​ដោយ​ចេញ​ពី​ចិត្ត​ពិត​ប្រាកដ បើ​អ្នក​បាន​ជួប​មនុស្ស​ម្នាក់​នោះ​ហើយ​ សូម​មើល​ថែ​គេ​ឲ្យ​បាន​ល្អ កុំ​ធ្វើ​ឲ្យ​គេ​ខូច​ចិត្ត និង​កុំ​ប្រើ​ពាក្យ​សុំទោស​​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​​ឲ្យ​សោះ ៕

​ចុចអាន៖ ​ សោកនាដកម្មដ៏ធំរបស់មនុស្សស្រីគឺព្យាយាមចំណាយពេលចាំមនុស្សម្នាក់ដែលចាកចេញទៅហើយ

 

ប្រភព៖ liekr ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន