មិន​ស្ដាយ​ទេ? តារា​ស្រី​ល្បី​ៗ​ខ្មែរច្រើន​នាក់ បណ្ដោយ​ខ្លួន​ឲ្យ​ធាត់​ស្ទើរ​ខូច​រាង​អស់​!

  • 2019-09-25 09:01:00
  • ចំនួនមតិ 125 | ចំនួនចែករំលែក 160

ឌុច សុភា បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល ក្រោយ​បែក​ធ្លាយ​រូប​ភាព​ប៉ុន្មាន​សន្លឹក​កាល​ពី​ខែ​មុន បង្ហាញ​ថា នាង​បាន​ប្រែ​រូបរាង​ធាត់​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ ប៉ុន្តែ​ឥឡូវ​នេះ មិន​មែន​មាន​តែ​តារា​ស្រី​រូប​នេះ​ទេ ប៉ុន្តែ​មិត្ត​រួម​អាជីព​របស់​នាង​ជា​ច្រើន​ទៀត ក៏​បាន​ឡើង​ទម្ងន់​មើល​ទៅ​មិន​សម​ភ្នែក​ជា​ពី​ពេល​មុន​ដែរ។

១.ស៊ឹម សូលីកា៖ កូន​ក្រមុំ​របស់​លោក អេង រិទ្ធី ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​មុខ​មូល​ក្បំ​ក្នុង​ថ្ងៃ​ជ័យ​របស់​នាង​នៅ​ទីក្រុង​កោះពេជ្រ​កាល​ពី​ដើម​ខែ។ ក្រៅ​ពី​ទម្រង់​មុខ​មូល​ដូច​លោក​ខែ​ហើយ ពិធីការិនី​ទូរទស្សន៍ ក៏​ត្រូវ​បាន​គេ​កត់​សម្គាល់​ដែរ​ថា នាង​ហាក់​ឡើង​ទម្ងន់​ច្រើន ខុស​ប្លែក​ពី​អតីតកាល ដែល​នាង​មាន​រូបរាង​ស្រឡូន​ជាង​ពេល​នោះ។

២.ហេង សុផាន់​ណា ឬ ហេង កែវ​នីតា៖ គឺ​ជា​តារា​ស្រី​ទី​៣ នៅ​ក្នុង​ពិធី​ជ័យ​របស់ ស៊ឹម សូលីកា និង អេង រិទ្ធី ដែល​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា បាន​ប្រែប្រួល​រូប​ខុស​ពី​ពេល​មុន​ច្រើន។ កាល​ពី​ពេល​មុន សុផាន់ណា មាន​ទម្ងន់​ខ្លួន​ប្រមាណ​ជា ៤៥-៤៨គីឡូក្រាម​ប៉ុណ្ណោះ។ ប៉ុន្តែ​ការ​បង្ហាញ​វត្តមាន​លើក​ចុង​ក្រោយ​របស់​នាង​ក្នុង​កម្មវិធី​មិត្ត​រួម​អាជីព រួម​ការងារ​នៅ​បាយ័ន គេ​ប៉ាន់​ប្រមាណ​ថា តារា​ស្រី អាច​មាន​ទម្ងន់​ខ្លួន​ប្រមាណ​ពី ៥៣-៥៥ គីឡូ​ក្រាម​ទៅ​ហើយ។

៣.កញ្ញា ដួង ហ្សូរីដា៖ ប្រធាន​ក្រុម​តារា​បង្ហាញ​ម៉ូដ Cambodia Super Model រូប​នេះ មិន​សូវ​ឃើញ​ចេញ​មុខ​ច្រើន​ទេ​នៅ​ក្នុង​សិល្បៈ ខណៈ​គេ​ដឹង​ថា នាង​មាន​ការងារ​ជំនួញ​ជា​ច្រើន​នៅ​ក្នុង​ដៃ។ ប៉ុន្តែ​តារា​ស្រី​រូប​នេះ ទើប​តែ​ឃើញ​លេច​មុខ​របស់ ស៊ឹម សូលីកា កាល​ពី​ដើម​ខែ​នេះ។ វេលា​នោះ គេ​មើល​ឃើញ​ថា ហ្សូរីដា ហាក់​បែក​សាច់​ទ្រលុកទ្រលន់​ជាង​ពី​ពេល​មុន។ ប្រការ​នេះ មាន​ការ​កាត់​យល់​ថា ដោយ​សារ​តែ​នាង​រវល់​នឹង​ការងារ​ជំនួញ​ជាង ទើប​ភ្លេច​គិត​ពី​ការ​គ្រប់​គ្រង​គីឡូ​របស់​ខ្លួន។

៤.ឆ័យលី ដាឡែន៖ បើ​ធៀប​នឹង​តារា​ទាំង​ប៉ុន្មាន​ខាង​លើ តារា​ចម្រៀង​យ៉េយ៉េ ឆ័យលី ដាឡែន មាន​រូបរាង​ធំ​ជាង​ទាំង​អស់​តាំង​ពី​ដើម។ ប៉ុន្តែ​មក​ទល់​បច្ចុប្បន្ន នាង​រឹត​តែ​ប្រែ​ប្រួល​រូបរាង​ធំ...យ៉ាង​ណា ដាឡែន មិន​មែន​ជា​នារី​ក្រមុំ​ទៀត​ទេ គឺ​នាង​ធ្លាប់​មាន​ប្ដី និង​បាន​មាន​កូន​ម្នាក់​ទៅ​ហើយ។ ដូច្នេះ​មិន​ជា​ចម្លែក​ប៉ុន្មាន​ទេ សម្រាប់​តារា​ស្រី​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ៕

អត្ថបទ៖ ទារិកា