ក្រោយលែងលះមិនមែនជីវិតដើរដល់ទីបញ្ចប់ទេ តែជាពេលត្រូវបង្កើតភាពស្រស់ស្អាតនិងធ្វើអ្វីដែលចង់

  • 2019-08-28 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មាន​មនុស្ស​ស្រី​ជា​ច្រើន​គិត​ថា​ជីវិត​របស់​ពួក​គេ​នឹង​​ចប់​​បន្ទាប់​ពី​ចុះ​ហត្ថលេខា​លើ​លិខិត​លែង​លះ​មួយ​ច្បាប់។ សុភមង្គល​លែង​មាន ​ការ​ស្រលាញ់​ក្លាយ​ជា​ភាព​នឿយ​ហត់ ​អនាគត​នឹង​ទៅ​ជា​ខ្មៅ​ងងឹត​ដូច​​មេ​ឃ​កំពុង​មាន​ព្យុះ​ភ្លៀង។ ​ប៉ុន្តែ​ការ​ពិត​ទៅ​ ​ជីវិត​របស់​មនុស្ស​ស្រី​ក្រោយ​លែង​លះ​មិន​អាក្រក់​​អ៊ី​ចឹង​ទេ។ ​ថា​មិន​ត្រូវ​ ​នាង​រស់​នៅ​​យ៉ាង​មាន​ក្ដី​សុខ​ច្រើន​ជាង​ពេល​​រស់​នៅ​ជាមួយ​ប្ដី​ហេង​ស៊យ​នោះ​ទៀត។

​​​ដ្បិត​ពេល​សម្រេច​ចិត្ត​រៀប​ការ ​គ្មាន​អ្នក​ណា​គិត​ដល់​ថា​​មាន​ថ្ងៃ​ត្រូវ​​ប្តី​និង​ប្រពន្ធ​នាំ​កូន​ទៅ​តុលាការ​ដើម្បី​ប្តឹង​ផ្តល់​គ្នា​រឿង​លែង​លះ​ទេ។ ​កាន់​តែ​ទប់​​ចិត្ត​លែង​ជាប់​ទៀត​នោះ​គឺ​ឈរ​មើល​អាពាហ៍ពិពាហ៍​មួយ​បែក​បាក់​ទៅ ហើយ​ត្រូវ​ខ្វល់​ពី​រឿង​តើ​កូន​ត្រូវ​បាន​ទៅ​លើ​អ្នក​ណា? ​ម្ដាយ ​ឬ​ឪពុក ជា​ដើម។ ប្រាកដ​ជា​​ឈឺ​ខ្លាំង​មិន​ខាន ​ពេល​ឃើញ​ការ​ខំ​ប្រឹង​ប្រែង​លើ​ជីវិត​គ្រួសារ​មួយ​នេះ​ត្រូវ​បែក​ខ្ញែក។ ​

មែន! គ្មាន​អ្នក​ណា​មិន​​ឈឺ​ទេ ​ពេល​ត្រូវ​លែង​លះ​គ្នា។ ​​តែ​​​ដោយសារ​តែ​ពាក្យ​ពីរ​ម៉ាត់​នេះ ​ធ្វើ​ឲ្យ​ប្រពន្ធ​ដែល​ធ្លាប់​តែ​ទឹក​ភ្នែក​ដោយសារ​ប្តី​ចិត្ត​អប្រិយ ប្រែ​ជា​សប្បាយ​រីក​រាយ​វិញ ​ក៏​បាន​ជួយ​ឲ្យ​​ប្រពន្ធ​ទាំង​ឡាយ​អាច​ស្វែង​រក​ជីវិត​ដែល​មាន​ភាព​​ប្រសើរ​ជាង​មុន។ ​​​

មិត្ត​របស់​ខ្ញុំ​ម្នាក់​ នាង​ធ្លាប់​ខូច​ចិត្ត​ពេល​ស្ថិត​ក្នុង​ដំណាក់​កាល​នេះ​។ នាង​សម្លឹង​មើល​ប្ដី​ស៊ី​ញ៉េ​លើ​ក្រដាស​លែង​លះ ​សម្លឹង​មើល​អតីត​ប្តី​របស់​នាង​ឱប​កូន​អាយុ​៣​ឆ្នាំ​ជា​លើក​ចុង​ក្រោយ​រួច​ក៏​ព្រលែង​ដៃ​ចោល​ឲ្យ​មក​នាង រួច​បុរស​នោះ​​ប្រញាប់​ឡើង​ឡាន​ជាមួយ​ស្រី​ផ្សេង​យ៉ាង​លឿន។ ឃើញ​ស្ថាន​ភាព​នោះ​ ធ្វើ​ឲ្យ​ខ្ញុំ​ច្បាស់​ថា ​នាង​សម្រេចចិត្ត​ត្រូវ​ហើយ។ ពី​ពេល​នេះ​ទៅ ស្រមោល​ប្ដី​ផិត​ក្បត់​ម្នាក់​នោះ​រលត់​បាត់​ហើយ ​និង​ត្រូវ​ប្រាប់​ខ្លួន​​ឯង​​ថា ចាប់​ពី​ពេល​នេះ​ទៅ​ជីវិត​ចាប់​ផ្ដើម​រស់​ខុស​ពី​មុន មិន​ទោរទន់​លើ​មនោសញ្ចេតនា​ក្លែង​ក្លាយ ហើយ​ក៏​គ្មាន​ពេល​ឈឺ​ចាប់ យំ​ដោយសារ​តែ​​រឿង​ល្ងីល្ងើ​របស់​ប្តី​ចិត្ត​អាក្រក់​នោះ​ទៀត​ដែរ។

​ក្រោយ​ថ្ងៃ​នោះ​មក ​នាង​បាន​ទៅ​កាត់​សក់ លាប​ក្រែម​ដិត​ជាង​មុន ​ដើរ​ផ្សារ​ទិញ​អី​វ៉ាន់​ដែល​នាង​ចង់​បាន។ នាង​​មាន​ប្រាក់​ចាយ​យ៉ាង​សប្បាយ​រីករាយ ​ថែម​ទាំង​គេង​លក់​ស្រួល​ដែល​រឿង​ទាំង​អស់​នេះ ​នាង​ខាន​ធ្វើ​យូរ​ណាស់​មក​ហើយ តាំង​ពី​រៀបការ​មក។ មិន​ចាំ​បាច់​ហត់​នឿយ ​មិន​ឈឺ​ចិត្ត​ ស្ដាប់​ពាក្យ​កុហក​របស់​ប្ដី​ដែល​ធ្វើ​ឲ្យ​ជីវិត​នាង​កាន់​តែ​ឯកោ​ រឹត​តែ​មិន​បាច់​ទន្ទឹង​ផ្លូវ​ចាំ​មើល​ថា​ពាក់​កណ្ដាល​អាធ្រាត្រ​ហើយ​ប្ដី​មក​ដល់​ផ្ទះ​​​ឬ​នៅ​ទៀត​ឡើយ។

អម្រែក​លើ​ស្មា​ទាំង​ប៉ុន្មាន​ ​ដែល​ធ្លាប់​តែ​ខំ​ប្រឹង​ធ្វើ​ជា​ប្រពន្ធ​ល្អ ​កូន​ប្រសា​ល្អ ​និង​កូន​ក្រមុំ​ល្អ​ លែង​មាន​ទៀត​ហើយ។​ ជីវិត​បែប​ម្នាក់​ឯង​ចាប់​ផ្ដើម​​ត្រលប់​មក​វិញ ហើយ​នាង​ក៏​អាច​រស់​នៅ​សម្រាប់​ខ្លួន​ឯង​បាន​ដែរ។

​នារី​ជា​ប្រពន្ធ​ទាំង​ឡាយ​ត្រូវ​ចាំ​ថា ​ក្រោយ​លែង​លះ អ្វី​ដែល​មាន​តម្លៃ​បំផុត​គឺ​ត្រូវ​ប្រឹង​រក​លុយ​ឲ្យ​បាន​ច្រើន ​រក​លុយ​ចិញ្ចឹម​កូន​ឲ្យ​រស់​ស្រួល​ ​ហើយ​អ្នក​នឹង​ក្លាយ​ជា​នារី​កាន់​តែ​ស្រស់​ស្អាត ​និង​មាន​សេរីភាព​ច្រើន​ជាង​មុន​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ៕

​ចុចអាន៖ ​ ឈ្មោះ​ជា​សង្សារ​ តែ​ខាង​ប្រុស​​អត់​​រវីរវល់​​នឹង​យើង​សោះ​ តើ​គួរ​ធ្វើ​ម៉េច​ឲ្យ​គេ​ដឹង​ខ្លួន?

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម