សម្ដី​ ៥​ ឃ្លា​ ដែល​មនុស្ស​ស្រី​មាន​ទំនុក​ចិត្ត​​លើ​ខ្លួន​ឯង​ មិន​និយាយ​សោះ​ឡើយ!

  • 2019-08-07 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាព​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង គឺ​ជា​តម្រូវការ​មួយ​ដ៏​ចាំបាច់​ ក្នុង​ការ​​សម្រេច​ភាព​ជោគជ័យ​មួយ​ចំនួន​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​​របស់​​បុគ្គល​ម្នាក់ៗ​​។ ទោះ​ជា​យ៉ាង​ណា អ្នក​ត្រូវ​ឆ្លងកាត់​ការ​ហាត់​ពត់ លុត​ដុំ​ខ្លួន​ឯង​​យ៉ាង​ច្រើន​ មុន​នឹង​ទទួល​បាន​ភាព​​រឹងមាំ​បែប​នេះ​។ ដើម្បី​ជា​​គន្លឹះ​ល្អៗ​សម្រាប់​អ្នក​រៀនសូត្រ​បន្ថែម ខាង​ក្រោម​នេះ​ហើយ​ជា​សម្ដី​ដែល​អ្នក​គួរ​ចៀសវាង ប្រសិន​ចង់​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​ពោរពេញ​ដោយ​ភាព​ជឿជាក់​ម្នាក់​​ចាប់​ពី​ពេល​នេះ​៖​

១. ខ្ញុំ​សូមទោស... (មិន​មែន​ជា​កំហុស​របស់​អ្នក​)

នៅ​​ក្បែរ​មនុស្ស​ដែល​ខ្វះ​ជំនឿ​លើ​ខ្លួន​ឯង​យូរ អ្នក​ប្រហែល​ឮ​ពាក្យ​នេះ​ច្រើន​រ៉ាប់​មិន​អស់​ ព្រោះ​ពួកគេ​តែង​និយាយ​​ដើម្បី​បំបាត់​ភាព​ភ័យ​ខ្លាច ទោះ​វា​មិន​មែន​ចេញ​ពី​ចិត្ត​ពិត​របស់​គេ​ក៏​ដោយ​។ វា​​ជា​រឿង​ខុស​ឆ្គង ខ្វះ​ការ​គោរព​ និង​ក្បត់​​សតិសម្បជញ្ញៈ​​​ខ្លួន​ឯង​ខ្លាំង​ណាស់ ដូច្នេះ​​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន ​​មិន​ត្រូវ​​ប្រើ​ពាក្យ​នេះ​ផ្ដេសផ្ដាស​ឡើយ​។​​

រូបតំណាង

**២. រឿង​ដែល​កើតឡើង​នោះ​គឺ​...**

ប្រសិន​ពាក្យ​បន្ទាប់​ដែល​អ្នក​និយាយ​គឺ​ជា​រឿង​ពិត​ វា​មិន​ថ្វី​ទេ​ ប៉ុន្តែ​ប្រសិន​​អ្នក​ខ្លួន​ឯង​មិន​ទាំង​ច្បាស់​ផង សូម​កុំ​និយាយ​រៀបរាប់​ដូច​អ្នក​និពន្ធ​រឿង​ប្រឌិត​ឲ្យ​សោះ​។ បើ​វា​មិន​មែន​ជា​កំហុស​របស់​អ្នក សូម​កុំ​ស្លន់ស្លោ ប្រឹង​​បញ្ចុះបញ្ចូល​ឲ្យ​គេ​ជឿ​ខ្លាំង​ រហូត​មើល​ទៅ​ហាក់​​ដូចជា​លេស​ដោះសា ឬ​អ្នក​កំពុង​ព្យាយាម​បិត​បាត់​​​រឿង​អ្វី​មួយ​ឲ្យ​សោះ​។​

៣. វា​ជា​​កំហុស​របស់​ពួកគេ​...

ស្រដៀង​គ្នា​នេះ​ដែរ​ ទោះ​វា​ជា​កំហុស​របស់​អ្នកណា អ្នក​មិន​អាច​​ចង្អុល​ចំ​ឈ្មោះ​របស់​ពួកគេ​ឲ្យ​ទទួល​ខុស​ត្រូវ​ភ្លាមៗ​​នោះ​ទេ​ ប៉ុន្តែ​ក៏​មិន​ត្រូវ​ខ្លាច​ខ្លាំង​រហូត​​មិន​ហ៊ាន​ប្រាប់​ការ​ពិត​ដែរ​​។ ព្យាយាម​​ពន្យល់​​ហេតុការណ៍​ដែល​កើតឡើង​​​ឲ្យ​បាន​ជាក់លាក់ និង​ជំរុញ​​ទឹក​ចិត្ត​អ្នក​ដែល​ធ្វើ​ខុស​ឲ្យ​ទទួល​ស្គាល់​កំហុស​ខ្លួន​ឯង​ដោយ​ស្ម័គ្រ​ចិត្ត​។ ​

រូបតំណាង

៤. ខ្ញុំ​ដូចជា​មិន​សូវ​ពេញចិត្ត​សោះ​....

សម្ដី​ដែល​បង្ហាញ​ពី​ភាព​ទន់ជ្រាយ សោកសៅ​ ស្ដាយក្រោយ ចំពោះ​ការ​សម្រេច​ចិត្ត​ខុស​ ពិត​ជា​មិនមែន​ជា​អ្វី​ដែល​មនុស្ស​ស្រី​រឹងមាំ​ម្នាក់​​តែង​ធ្វើ​នោះ​ឡើយ​។​ ត្បិត​តែ​​ជម្រើស​របស់​​អ្នក​​អាច​ខុស​នៅ​ពេល​នេះ​មែន ប៉ុន្តែ​អ្នក​​ត្រូវ​​ព្យាយាម​កែខៃ​វា​ឲ្យ​​ល្អ អស់​ពី​សមត្ថភាព​ដែល​​​មាន​ និង​មិន​​បាច់​​​ខ្វល់​ពី​ការ​ចំអក​របស់​អ្នក​ដទៃ​ឡើយ​។​

៥. ខ្ញុំ​មិន​អាច​...

មនុស្ស​ខ្វះ​ជំនឿ​តែង​ក្បត់​ការ​ប្ដេជ្ញា​ចិត្ត​ខ្លួន​ឯង​ជា​ហូរហែ​។ ឧទាហរណ៍ នៅ​ពេល​អ្នក​សន្យា​ជាមួយ​មិត្តភក្ដិ​ថា​ ព្រឹក​ឡើង​នឹង​ទៅ​ហាត់​ប្រាណ​ជា​មួយ​គ្នា ប៉ុន្តែ​​​ពេល​ភ្ញាក់​ឡើង អ្នក​ក៏​និយាយ​ថា "ខ្ញុំ​មិន​អាច" ព្រោះ​តែ​មិន​ដាច់​ចិត្ត​ពី​ពូក​ខ្នើយ​សោះ​។ អ្នក​ធ្វើ​ខុស​ខ្លាំង ក្បត់​ខ្លួន​ឯង មិន​ផ្ដល់​ភាព​សំខាន់​ចំពោះ​មិត្តភក្ដិ ព្រម​ទាំង​និយាយ​​កុហក​ទៀត​ផង​។​ ដូច្នេះ​សូម​កុំ​​​ក្បត់​ខ្លួន​ឯង ឬ​សន្យា​ខ្យល់​ជាមួយ​មនុស្ស​ជុំវិញ​ត​ទៅ​ទៀត​៕

ចុចអាន៖កំពូល​លេស​ ៥​ម៉ាត់ មនុស្ស​មិន​បាន​ការ​ច្រើន​​និយាយ​ ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ទៅ​មុខ​មិន​រួច

ប្រភព៖ powerofpositivity ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម