ស្នាមញញឹមរបស់មនុស្សស្រី! ខ្ញុង ចូលរោងការជាមួយកូនកំលោះ អ៊ុំ ក្សត្រា នៅថ្ងៃស្អែកនេះហើយ!
- 2019-08-07 07:29:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នាមញញឹមរបស់មនុស្សស្រី! ខ្ញុង ចូលរោងការជាមួយកូនកំលោះ អ៊ុំ ក្សត្រា នៅថ្ងៃស្អែកនេះហើយ!
ទីបំផុតតារាកំប្លែងក្នុងក្រុមនាយ ពែកមី អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានសម្រេចចូលរោងការមួយនៅថ្ងៃស្អែកនេះ ជាមួយកូនកំលោះ នាយ កៃដ ដែលមានឈ្មោះពិតថា អ៊ុំ ក្សត្រា អតីតតារាកំប្លែងក្នុងស្ថានីយទូរទស្សន៍ស៊ីធីអិនជាមួយគ្នា។
តាមព័ត៌មានលើធៀប ការដែល Sabay ទទួលបាន ពិធីជ័យរបស់តារាកំប្លែងរូបនេះ នឹងប្រព្រឹត្តទៅនៅនឹងផ្ទះរបស់នាងតែម្ដងស្ថិតនៅក្នុងភូមិសាស្ត្រភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ពិធីទទួលភ្ញៀវកិត្តិយសពិសាភោជនីយអាហារក៏ធ្វើនៅទីនោះដូចគ្នា។តាមប្រភពស្និទ្ធស្នាលម្នាក់ បានឲ្យដឹងថា ខ្ញុង បានអញ្ជើញមិត្តរួមអាជីពរបស់នាងជាច្រើននាក់ សម្រាប់ចូលរួមធ្វើជាសាក្សីនៃចំណងអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរ និងពិសាភោជនីយអាហារ។
អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង និងលោក អ៊ុំ ក្សត្រា ហៅ កៃដ គឺជាមេម៉ាយ និងពោះម៉ាយដូចគ្នា ក្រោយពីបាក់បែកស្វាមី និងភរិយាមុនដូចគ្នា។ ក្នុងវេលាសេពគប់គ្នា ភាគីខាងស្រី ធ្លាប់រងការចោទប្រកាន់ពីបងថ្លៃស្រីនាយ កៃដ ថាជាអ្នកដណ្ដើមប្ដីពីប្អូនស្រីគេ។ ប៉ុន្តែក្រោយមក ពួកគេទាំងពីរចេញមកបដិសេធ ថាពួកគេស្រឡាញ់គ្នាទៅវិញទៅមក។ ក្រោយមក នៅពាក់កណ្ដាលខែតុលា ឆ្នាំ ២០១៧ ពួកគេក៏បានប្រកាសសែនព្រេនយកគ្នាជាគូ និងរួមរស់ជាមួយគ្នារហូតមក។
ទម្រាំមកដល់ថ្ងៃនេះ ភាគីខាងស្រី បានអះអាងថា នាងបានឆ្លងកាត់ជីវិតតស៊ូច្រើនណាស់ មានទាំងគ្រប់រសជាតិ គឺមានភាពលំបាក ជូរចត់ វេទនា បោកប្រាស់ បោះបង់ ធ្វើបាប ។ល។ យ៉ាងណា នាង អះអាងថា បានតាំងចិត្តជម្នះឲ្យបានរហូតមក រហូតបានរកឃើញពន្លឺជីវិតជាថ្មីនៅថ្ងៃនេះ ដោយនាងសំអាងទៅលើ អំពើល្អទាំងឡាយ ដែលនាងបានសាង។
ខ្ញុង លើកឡើង៖ "ខ្ញុំក៏សង្ឃឹមថាមនុស្សដែលខ្ញុំនឹងផ្ញើវាសនាពាក់កណ្ដាលជីវិតឲ្យគាត់នោះ នឹងយល់ច្បាស់ពីភាពឈឺចាប់ដែលខ្ញុំធ្លាប់ជួបកន្លងមក ចឹងខ្ញុំគិតថាគាត់នឹងចេះអាណិត ស្រលាញ់ យោគយល់ ឲ្យតម្លៃអត់អោន អធ្យាស្រ័យ និងជាមនុស្សមានការទទួលខុសត្រូវខ្ពស់ ជាមនុស្សដែលរឹងមាំ ដើម្បីជាក្ដីសង្ឃឹមឲ្យខ្ញុំនឹងកូន"។
តារាកំប្លែង ក៏បានថ្លែងអំណរគុណដល់សាច់ញាតិខាងស្វាមី មានម្ដាយក្មេក និង បងប្អូនថ្លៃផង ដែលយោគយល់ និងឲ្យតម្លៃចំពោះនាង។ "ខ្ញុំសូមឲ្យគ្រួសារមួយនេះថិតថេររហូតទៅ.(ថ្ងៃដែលរងចាំ)”។ ខ្ញុង បន្ថែម៕