កុំ​រៀបការ​​ដោយ​សារ​តែ​ដល់​អាយុ ​ចាំ​ដល់​រក​មនុស្ស​ដែល​ខ្លួន​ពេញ​ចិត្ត​ឃើញសិន​ទៅ

  • 2019-07-16 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាយុ​ក្បែរ​ ៣០​ទៅ​ហើយ​នៅ​មិន​ទាន់​រៀប​ការ ក្នុង​ជីវិត​ជាក់​ស្ដែង​គឺ​មិន​ងាយ​ស្រួល​ដូច​ដែល​មាត់​និយាយ​ថា «គ្មាន​បញ្ហា​ទេ ម្នាក់​ឯង​ក៏​បាន​ដែរ»។ គំនាប​សម្រាប់​មនុស្ស​ស្រី​អាយុ​ប៉ុណ្ណេះ​ពិត​ជា​លំបាក​ណាស់ ព្រោះ​ត្រូវ​គិត​ថា​គួរ​រៀប​ការ​តាម​ចាស់ទុំ​​​​​​ ឬ​រង់ចាំ​ជួប​មនុស្ស​ដែល​ខ្លួន​ពេញ​ចិត្ត​បន្ត​ទៀត។

វ័យ​មួយ​ដែល​គេ​មាន​កូន​ ២ ៣​ទៅ​ហើយ ខ្ញុំ​វិញ​នៅ​តែ​រក​មិន​ឃើញ​មនុស្ស​ដែល​ត្រូវ​ចិត្ត​ម្នាក់។ ជួប​មុខ​ប៉ា​ម៉ាក់​ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​បិទ​ភ្នែក បិទ​ត្រចៀក ព្រោះ​គាត់​តែង​សួរ​ខ្ញុំ​ថា​ អាយុ​ច្រើន​ហើយ​នៅ​ធ្វើ​អី​ទៀត? គិត​ចង់​ឲ្យ​ពូក​គាត់​ជរា​ដើរ​លែង​រួច​ទើប​យក​ប្ដី​មែន​ទេ?

ឮ​ប្រយោគ​ទាំង​នេះ​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ណាស់ ព្រោះ​ក៏​មាន​អារម្មណ៍​ថា​ប៉ា​ម៉ាក់​និយាយ​ត្រូវ​ម្យ៉ាង​ដែរ។ អាយុ​ក្បែរ​ ៣០​ទៅ​ហើយ ពិសេស​ខ្ញុំ​ជា​មនុស្ស​ស្រី​ទៀត​គឺ​សឹង​តែ​ជ្រេ​វ័យ​រៀបការ​ទៅ​ហើយ។ ការ​ពិត​ខ្ញុំ​ក៏​ចង់​រៀប​ការ​ដែរ តែ​មិន​ដឹង​ថា​រៀបការ​ជាមួយ​អ្នក​ណា? បើ​ខ្ញុំ​មិន​ទាន់​រក​ឃើញ​មនុស្ស​ដែល​ខ្ញុំ​ចង់​រៀប​ការ​ជាមួយ​ផង។

ខ្ញុំ​ពិបាក​នឹង​ស្រមៃ​ថា​ខ្លួន​ឯង​រៀបការ​ជាមួយ​មនុស្ស​ដែល​មិន​ស្រឡាញ់​ណាស់​ណាស់។ តើ​ខ្ញុំ​ត្រូវ​ធ្វើ​មុខ​បែប​ណា​ពេល​ឃើញ​មុខ​គ្នា? តើ​ត្រូវ​ធ្វើ​ចរិត​បែប​ណា​ពេល​នៅ​ជាមួយ​គ្នា? ហើយ​តើ​ខ្ញុំ​អាច​គេង​ឱប​គេ​យ៉ាង​ម៉េច​បាន បើ​មិន​បាន​ស្រឡាញ់​គ្នា​ផង។

អារម្មណ៍​នេះ​ដូច​ឲ្យ​ខ្ញុំ​ចុះ​នរក​អីចឹង ព្រោះ​ទោះ​រៀប​ការ​ហើយ​ក៏​ខ្ញុំ​គ្មាន​ជំនឿ​ចិត្ត​នឹង​មាន​សុភមង្គល​ដែរ។ សម្ពាធ​នេះ​គ្មាន​អ្នក​ណា​យល់​ក្រៅ​ពី​មនុស្ស​ស្រី​ដែល​ស្ថិត​ក្នុង​សភាព​បែប​នេះ​ទេ។

ខ្ញុំ​សុខ​ចិត្ត​នៅ​ម្នាក់​ឯង ក៏​មិន​រៀប​ការ​ដែរ​បើ​ខ្ញុំ​មិន​ទាន់​រក​មនុស្ស​ពេញ​ចិត្ត​ឃើញ ព្រោះ​ខ្ញុំ​ខ្លាច ខ្លាច​នឹង​ប្រឈម​រឿង​រកាំរកូស មិន​អាច​រួមរស់​ជាមួយ​គ្នា​បាន ហើយ​ចុង​ក្រោយ​សល់​ឈ្មោះ​ត្រឹម​ជា «មេម៉ាយ»។

កុំ​រៀបការ​​ដោយ​សារ​តែ​ដល់​អាយុ តែ​ត្រូវ​​ចាំ​ដល់​រក​មនុស្ស​ដែល​ខ្លួន​ពេញ​ចិត្ត​ឃើញ ព្រោះ​ទោះ​យឺត​បន្តិច​ក៏​ប្រសើរ​ជាង​រៀប​ការ​ខុស​ដែរ៕

ចុចអាន៖៥វិធី ផ្លាស់​​ប្ដូរ​​ពី​មនុស្ស​​ដែល​ធ្លាប់​ខូច​ចិត្ត​រឿង​ស្នេហា​ ក្លាយ​ជា​មនុស្ស​ស្រី​រឹងមាំ​ម្នាក់

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម