វិធីស្រោចស្រង់ជីវិតលិចលង់ព្រោះបែកបាក់ស្នេហារបស់​មិត្តភ័ក្ដិ​ ឲ្យប្រសើរវិញ

  • 2019-06-06 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ប្រ​សិន​បើ​អ្នក​ឃើញ​សម្លាញ់​ជួប​រឿង​បែក​បាក់​ស្នេហា ហើយ​​ជីវិត​កំពុង​ញាំ​ញី​ដោយ​​ទុក្ខ​សោក អ្នក​​មិន​គួរ​ឈរ​ឱប​ដៃ​មើល​នោះ​ទេ។ ​​ខាង​ក្រោម​នេះ ជា​វិធី​៧​យ៉ាង​​ជួយ​ស្រោច​ស្រង់​មិត្ត​របស់​អ្នក ឲ្យ​ក្លាយ​ជា​មនុស្ស​រីក​រាយ​ដូច​មុ​ន​បាន។​

១. ធ្វើ​ជា​អ្នក​ស្ដាប់​ដ៏​ល្អ

នៅ​ពេល​បែក​បាក់​ស្នេហា ​ចិត្ត​គំនិត​របស់​នាង​​​​មិន​សូវ​រឹង​មាំ​ល្អ​ ។ ដូច្នេះ​អ្វី​ដែល​យើង​អាច​ជួយ​បាន គឺ​នៅ​ក្បែរ​មិន​ទៅ​ណា​ចោល​នាង ហើយ​ស្ដាប់​នាង​​និយាយ​អ្វី​ដែល​នាង​ចង់​និយាយ។ វិធី​នេះ​ជួយ​អ្នក​ជួប​វិបត្តិ​ស្នេហ៍ ឲ្យ​បាន​ធូរ​ស្រាល​​ជាង​មុន។ ​​មនុស្ស​ជួប​រឿង​ខ្ទេច​ខ្ទាំ​បេះ​ដូង ងាយ​រង​សម្ពាធ​ផ្លូវ​ចិត្ត​ណាស់ ហើយ​បើ​បណ្ដោយ​ឲ្យ​នៅ​ឯកា​ម្នាក់​​ឯង ពេល​ខ្លះ​អាច​ធ្វើ​អត្តឃាត​ ឬ​​ធ្វើ​រឿង​ល្ងង់​ៗ​ជា​ដើម។

២. ឲ្យ​នាង​យំ​ឲ្យ​ធូរ​ចិត្ត​ចុះ

កុំ​បង្ខំ​ ឬ​​ហាម​នាង​ឲ្យ​ឈប់​យំ​ភ្លាម​ៗ​អី ឲ្យ​នាង​យំ​ឲ្យ​ធូរ​ចិត្ត​ទៅ ព្រោះ​​ការ​ក្រៀម​ក្រំ​មិន​អាច​បំភ្លេច​​​បាន​ក្នុង​​រយៈ​ពេល​ខ្លី​នោះ​ទេ។ វិធី​ល្អ​បំផុត ​គឺ​ឲ្យ​នាង​យំ​ឲ្យ​អស់​ចិត្ត តែ​មិន​មែន​ទុក​​នាង​ចោល​ម្នាក់​ឯង​ឡើយ គឺ​នៅ​ក្បែរ​នាង ឬ​អ្នក​អាច​ឱប​នាង​ថ្នម​ៗ ​ធ្វើ​ជា​ស្មា​បង្អែក​ឲ្យ​នាង​មាន​ភាព​រឹង​មាំ​ឡើង​វិញ។

៣. នាំ​ទៅ​ដើរ​លេង

ទៅ​​ដើរ​លេង​​ ជា​ជម្រើស​ល្អ​ប្រសើរ​ដើម្បី​បំបាត់​ទុក្ខ​សោក ព្រោះ​អាច​លំហែ​​ចិត្ត ​រីក​រាយ​នឹង​ទេសភាព​​ ព្រម​ទាំង​ឆាប់​ភ្លេច​រឿង​ឈឺ​ចាប់​ថែម​ទៀត​ផង។ កុំ​ភ្លេច​ នាំ​នាង​ទៅ​កន្លែង​សប្បាយ​ៗ កន្លែង​ដែល​អាច​បន្ធូរ​អារម្មណ៍ ឬ​កន្លែង​ណា​មួយ​ដែល​នាង​ប្រាថ្នា​ជា​យូរ​មក​ហើយ។

៤ ជំរុញ​ឲ្យ​ធ្វើ​នេះ ធ្វើ​នោះ

គេ​ថា ​"ធ្វើ​ខ្លួន​កាន់​តែ​រវល់ នឹង​កាន់​តែ​អាច​បំភ្លេច​រឿង​មិន​សប្បាយ​ចិត្ត​ចោល​បាន" ឃ្លា​នេះ​មិន​ខុស​ទេ។ ព្យា​យាម​ហៅ​នាង​ឲ្យ​ចេញ​ក្រៅ​ជាមួយ​មិត្ត​ភ័ក្កិ ដូច​ជា​លេង​កី​ឡា ​ហាត់​ប្រាណ ​លេង​ហ្គេម​ គូរ​គំនូរ ​ដើរ​ផ្សារ ជា​ដើម។ នេះ​ជា​រឿង​ល្អ ដែល​ជួយ​ឲ្យ​នាង​មាន​អារម្មណ៍​កក់​ក្ដៅ​ជាង​មុន។

៥. បន្ថែម​ថាមពល​វិជ្ជមាន​

​មនុស្ស​ជួប​ស្នេហ៍​ខក​ចិត្ត តែង​ចូល​ចិត្ត​គិត​អី​អវិជ្ជមាន ហើយ​សោក​សៅ​ខ្លាំង។ សំដី​ដែល​នាង​និយាយ​ចេញ​មក អាច​មើល​ឃើញ​តែ​រឿង​មិន​ល្អ ​ហើយ​ពេល​ខ្លះ​ស្ដី​បន្ទោស​ខ្លួន​​ឯង​​ទៀត​ផង។ ដូច្នេះ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា​ជួយ​នាង​ឲ្យ​​គិត​អ្វី​សុទិដ្ឋិនិយម​ ព្រម​ទាំង​លើក​ទឹក​ចិត្ត​នាង​ ឲ្យ​មើល​ឃើញ​ពី​គុណ​សម្បត្តិ​នៃ​ជីវិត និង​ប្រាប់​នាង​ថា នាង​មិន​មែន​មិន​ល្អ​ដូច​អ្វី​​នាង​គិត​នោះ​ទេ។ ​ប្រសិន​បើ​អ្នក​​មិន​សូវ​ពូ​កែ​ក្នុង​ការ​និយាយ​ឃ្លា​ទាំង​នេះ ​អ្នក​អាច​ទិញ​សៀវភៅ​​បែប​លើក​ទឹក​​ចិត្ត​ឲ្យ​នាង​​អាន ដើម្បី​ឲ្យ​​អារម្មណ៍​នាង​បាន​ធូរ​ស្រាល​ខ្លះ។

​៦. ប្រាប់​ឲ្យ​នាង​តុប​តែង​ខ្លួន​ឲ្យ​ស្អាត

មាន​មនុស្ស​ច្រើន​ណាស់​បាន​ទុក​សម្រស់​ខ្លួន​​ឯង​ចោល លែង​រវីរវល់​តុប​តែង​ខ្លួន​ឲ្យ​ស្អាត ដោយសារ​តែ​ខូច​ចិត្ត​ខ្លាំង​ពេក។ បើ​អ្នក​ពិត​ជា​​​មិន​ចង់​ឃើញ​នាង​ស្ថិត​ក្នុង​សភាព​មើល​មិន​យល់​បែប​នេះ​ទេ ​ត្រូវ​​ហៅ​នាង​ឲ្យ​ទៅ​ហាង​​ថែរក្សា​សម្រស់ ម៉ាស្សា​មុខ ឬ​ទៅ​ហាង​កាត់​សក់​យក​ម៉ូដ​ស្ទីល​ស្អាត​ៗ​ជាដើម។

​៧. បង្កើត​ភាព​សប្បាយ​រីក​រាយ

មនុស្ស​កំពុង​កើត​ទុក្ខ ត្រូវ​ការ​ណាស់​ភាព​រីក​រាយ ម្ល៉ោះ​ហើយ​អ្នក​​មិន​ត្រូវ​ភ្លេច​បង្កើត​រឿង​កំប្លែង​ៗ ឬ​និយាយ​អី​ឲ្យ​គាត់​ស្ដាប់​ហើយ​សើច​នោះ​ទេ។ ​តែ​ចាំ​ថា ​មិន​ត្រូវ​និយាយ​បែប​ចំអែ​ចំអន់​ខ្លាំង​ពេក ​ឬ​និយាយ​​សុខ​ៗ​ចូល​រឿង​​ឈឺ​ចាប់​​នាង ​ធ្វើ​ឲ្យ​នាង​កាន់​តែ​ខូច​ចិត្ត​ខ្លាំង​ឡើង​​ឡើយ។ ​​អ្វី​ដែល​គួរ​ធ្វើ​ខាន​មិន​បាន ​គឺ​ញញឹម​រក​នាង​គ្រប់​ពេល ដែល​ជា​ឱសថ​ឲ្យ​នាង​ឆាប់​មាន​​អារម្មណ៍​ល្អ​។

មនុស្ស​ជួប​រឿង​បែក​បាក់​ស្នេហា​គឺ​ឈឺ​ចាប់​ណាស់ ហើយ​បើ​បែក​បាក់​ចំ​ពេល​បេះ​ដូង​កំពុង​ស្រលាញ់​ខ្លាំង ​គឺ​កាន់​តែ​ធ្ងន់​ធ្ងរ​បំ​ផុត។​ ដូច្នេះ​បើ​​អ្នក​ឃើញ​នាង​សម្រក់​ទឹក​ភ្នែក ឃើញ​នាង​ក្រៀម​ក្រំ ​ហើយ​នាង​ដាច់​ចិត្ត​ប្រាប់​​អ្នក​ថា នាង​ជួប​រឿង​ខូច​ចិត្ត​ព្រោះ​ស្នេហា​បែក​បាក់ សូម​កុំ​បោះ​បង់​នាង ​កុំ​ស្តី​បន្ទោស​នាង​ថា​ល្ងង់ ងប់​ស្រលាញ់​សង្សារ​។ តែគួរ​លើក​ទឹក​ចិត្ត​នាង និង​បន្ថែម​កម្លាំង​ចិត្ត​ឲ្យ​នាង ដើម្បី​ឆាប់​បាន​ដើរ​ចេញ​ពី​ភាព​ខ្មៅ​ងងឹត​នៃ​ស្នេហា​​ដែល​គេ​ទុក​នាង​ត្រឹម​មនុស្ស​លេង​សើច៕

​ចុចអាន៖ វិធីសម្របខ្លួនជាមួយ Ex ដោយជឿជាក់ ទោះធ្លាប់ឈឺចាប់រាប់ពាន់ដងដោយសារគេក៏ដោយ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម