អ្នកកើតឆ្នាំកុរ មកដឹងជោគជតារាសីខ្លួនឯងមានលាភកម្រិតណាក្នុងឆ្នាំថ្មីនេះ
- 2019-04-03 08:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកកើតឆ្នាំកុរ មកដឹងជោគជតារាសីខ្លួនឯងមានលាភកម្រិតណាក្នុងឆ្នាំថ្មីនេះ
ឆ្នាំនេះ ជាឆ្នាំត្រូវពង្រីកជំនឿចិត្ត ទើបអាចចាប់យកឱកាសបាន។ មិត្តដែលជួយជ្រោមជ្រែងបាន គឺឆ្នាំថោះ និងឆ្នាំកុរ។ ក្នុងឆ្នាំនេះ មនុស្សឆ្នាំកុរទទួលឥទ្ធិពលផ្កាយជោគលាភលេខ៩ ជាសញ្ញាបង្ហាញពីការបញ្ចប់ និងការចាប់ផ្តើមអ្វីមួយថ្មី។ រាល់ការផ្លាស់ប្តូរដែលកើតមានអំឡុងពេលនេះ គឺជាការប្រែប្រួលដែលឆ្ពោះទៅរកភាពរីកចម្រើន និងភាពរុងរឿង ក្នុងឆ្នាំខាងមុខទៀត។
ហេតុនេះ មនុស្សឆ្នាំកុរ មិនគួររួញរា និងបារម្ភច្រើនពេកនោះទេ។ ទោះបីជាផល មិនហុចឲ្យភ្លាមៗក៏ដោយ ជាក់ស្ដែងក្នុងឆ្នាំនេះ ថាមពលក្នុងចក្រវាលមានភាពទន់ខ្សោយ ជាហេតុធ្វើឲ្យសភាពផ្លូវចិត្តរបស់មនុស្សដែលកើតឆ្នាំកុរ ទន់ជ្រាយមិនសូវរឹងប៉ឺង។ ងាយបាក់ទឹកចិត្ត មិនរវីរវល់អ្វី និងមានទំនោរគិតលើផ្លូវអវិជ្ជមានច្រើន។ ស្ថានភាពបែបនេះ អាចប៉ះពាល់ដល់ការចាប់យកឱកាសនានា ដែលបង្ហាញ។ ផ្កាយជោគលេខ៩ រះឡើងពាំនាំមកនូវឱកាសច្រើន ប៉ុន្តែការខំប្រឹងប្រែងនៅពេលនេះ នឹងមនហុចផលភ្លាមៗនោះទេ បុគ្គលនេះគួររៀបចំផែនការ និងសម្លឹងមើលរយៈពេលវែង ការវិនិយោគ ការបណ្ដាក់ទុន ការបើករបរជំនួញ អាចធ្វើឡើងបានជោគជ័យ។
បុគ្គលនេះត្រូវកត់ចំណាំថា ការឧស្សាហ៍ព្យាយាម រមែងផលបានល្អច្រើនដែរ ។ ការប្រមូលកម្លាំងកាយចិត្តលើការងារ នឹងកាន់តែធ្វើឲ្យកិច្ចការទាំងឡាយ រីកធំធាត់បន្តបន្ទាប់ ហើយអាចសម្រេចផលបានក្នុងឆ្នាំ២០២០ ។ ដោយឡែក ឆ្នាំ២០១៩ នេះ មនុស្សឆ្នាំកុរមានរាសីឡើង ពេលពាក់កណ្ដាលឆ្នាំ ហេតុនេះគេគួរចាប់ឱកាសឲ្យជាប់ និងប្រើប្រាស់ឲ្យអស់លទ្ធភាព។
ចំពោះបុគ្គលដែលកើតឆ្នាំកុរ អាយុ ៧២ ឆ្នាំ (ធាតុភ្លើង) ៖ សុខភាពផ្លូវចិត្តទន់ខ្សោយ ជាងសុខភាពផ្លូវកាយ ។ បុគ្គលនេះគិតច្រើន ពិបាកចិត្តតែខ្លួនឯង ហើយមិនស្រឡះមុខ ស្រឡះមាត់ ។ ឆ្នាំនេះហិរញ្ញវត្ថុ និងការងារមានស្ថិរភាពជាធម្មតា ប៉ុន្តែមិនមានកំណើនអ្វី គួរឲ្យកត់សម្គាល់នោះទេ ។ ដើម្បីអាចរស់នៅដោយសុខសប្បាយ គេគួរគ្រប់គ្រងការគិតរបស់ខ្លួន ដោយផ្លាស់ប្តូរមក ជាសកម្មភាពការងារ និងការជួបជុំមនុស្សផ្សេងៗវិញ។
បុគ្គលឆ្នាំកុរ អាយុ៦០ឆ្នាំ (ធាតុដី)៖ លុយកាក់មានកំណើន សុខភាពក៏ល្អប្រពៃ គេជាបុគ្គលឆ្នាំកុរមានជោគសំណាងមួយ ។ ឱកាសមាសប្រាក់ ហុចមកដោយសារទំនាក់ទំនង និងការពង្រឹងផ្នែកជំនឿចិត្ត។ ដរាបណាគេជឿជាក់ គេមានទំនាក់ទំនងល្អ លុយកាក់ និងការងារក៏បន្តកើនមានឡើងជាលំដាប់។
បុគ្គលឆ្នាំកុរ អាយុ ៤៦ឆ្នាំ (ធាតុដែក)៖ មានរាសីខ្ពស់ជាងគេក្នុងចំណោមបុគ្គលឆ្នាំកុរទាំងឡាយ ។ លុយកាក់ហូរចូលច្រើន ដែលបានមកពីការវិនិយោគពីពេលមុន ឱកាសមាសបង្ហាញខ្លួនបន្ថែមទៀត ។ បុគ្គលនេះ គួរសេពគប់ ជាមួយមនុស្សឆ្នាំច និងឆ្នាំថោះ ព្រោះសម្ព័ន្ធមិត្តនេះ អាចនាំមកនូវលាភទ្រព្យសម្បត្តិ ព្រមទាំងជោគជ័យការងារបន្ថែមទៀត។ ការចាប់ឱកាសល្អៗ អាស្រ័យលើមានអ្នកជួយជ្រោមជ្រែង និងផ្តល់កម្លាំងចិត្ត។
បុគ្គលឆ្នាំកុរ អាយុ ៣៨ឆ្នាំ (ធាតុទឹក)៖ ជួបប្រទះភាពទ្រុឌទ្រោម ទាំងកាយនិងចិត្ត។ លុយកាក់ហូរចេញច្រើន កើតឡើង ដោយសារការខាតបង់ពីមុខរបររកស៊ី ឬការចំណាយមិនរំពឹងទុកណាមួយ។ ដើម្បីអាចបន្តដំណើរការទៅមុខបាន គេគួរស្វះស្វែងរកអ្នកជួយ ក្នុងគ្រាមានអាសន្ន មិនថាចំពោះការងារ ឬការរកស៊ីនោះទេ។
បុគ្គលកើតឆ្នាំកុរ អាយុ ២៤ឆ្នាំ (ធាតុឈើ)៖ គួរពង្រឹងខ្លួនឯង ជឿជាក់លើខ្លួនឯង និងប្រឹងប្រែងដើម្បីយកបទពិសោធន៍ដែលកើតមានឡើង មិនមែនជាឆ្នាំដែលត្រូវប្រមូលផលនោះទេ ទាំងអ្នកនៅរៀន និងអ្នកធ្វើការ ។ ឆ្នាំនេះ ជាឆ្នាំគួរឲ្យចងចាំសម្រាប់រូបគេ។ បុគ្គលនេះ មិនគួរអស់សង្ឃឹម សោះឡើយ។ ជោគលាភល្អៗ កំពុងរង់ចាំនៅឆ្នាំខាងមុខ ។
ប្រភព៖ Khmer horoscope