ទុក្ខលំបាករបស់ប្រពន្ធក្នុងនិងក្រោយពេលសម្រាលដែលអាចឈានដល់ជំងឺផ្លូវចិត្ត បើប្ដីមិនចាប់អារម្មណ៍
- 2019-02-15 03:15:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទុក្ខលំបាករបស់ប្រពន្ធក្នុងនិងក្រោយពេលសម្រាលដែលអាចឈានដល់ជំងឺផ្លូវចិត្ត បើប្ដីមិនចាប់អារម្មណ៍
បុរសទាំងឡាយ...
ប្រហែលអ្នកមិនដែលធ្លាប់យល់ឡើយពីភាពឈឺចាប់របស់ស្ត្រីតាំងពីពេលពពោះរហូតដល់សម្រាលគ្រប់៩ខែ១០ថ្ងៃ!
ពេលកូនទើបនឹងកើត...
មនុស្សភាគច្រើនខ្វល់ខ្វាយតែពីទារកមិនថាអ្នកណាក៏ដូចអ្នកណា ខ្លាចតែទារកសុខភាពមិនល្អ ឬកើតមកមិនស្អាតរួមទាំងអ្នកដែលជាឪពុកផង តែមានមនុស្សតិចនាក់ណាស់ក្នុងគ្រួសារដែលចាប់អារម្មណ៍មកមើលថែនារីម្នាក់ដែលទើបតែផ្ដល់កំណើតដល់កូនតូចមួយនេះ។ មនុស្សប្រុសភាគច្រើនសប្បាយចិត្តណាស់ ពេលបានមុខកូន ចង់ថើបកូន ចង់បីកូន តែពេលកូនយំ មិនដែលជួយលួង មិនដែលក្រោកយប់ឆុងទឹកដោះគោឱ្យកូន មិនដែលជួយបោកកន្ទបកូន មិនដែលជួយប្ដូរខោទឹកនោមកូនឡើយ។
ពេលកូនកើតមកមិនប្រក្រតី ឬសុខភាពមិនល្អ...
គ្រប់គ្នាស្ទើរតែពិភពលោកទាំងមូលនឹងដាក់ការស្ដីបន្ទោសតែទៅលើម្ដាយម្នាក់តែប៉ុណ្ណោះថាពេលពពោះមិនធ្វើស្អីសោះ មិនចេះថែទាំខ្លួននិងកូនក្នុងផ្ទៃ ឬប្រហែលទៅធ្វើនេះធ្វើនោះហើយទើបកូនកើតមិនល្អបែបនេះ។
ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ដែលយល់ពីទុក្ខលំបាកដ៏មហិមារបស់មនុស្សស្រី ជាពិសេសក្នុងអំឡុងពេលពពោះ និងដល់ថ្ងៃឆ្លងទន្លេនេះ?
បុរសទាំងឡាយអើយ!! នារីម្នាក់ដែលតែងតែប្រាប់អ្នកថា ខ្លាចម្ជុល ខ្លាចឈាម ពេលទៅចាក់ថ្នាំម្ដងៗ តែនាងបែរជាហ៊ានប្ដូរជីវិតនឹងមច្ចុរាជដើម្បីបង្កើតកូនឱ្យអ្នក នាងសុខចិត្តរ៉ាប់រងការឈឺចាប់ដែលមានទាំងឡាយក្នុងពេលបង្កើតកូនដើម្បីអ្នក តែចុងក្រោយបែរជាត្រូវទទួលពាក្យស្ដីបន្ទោសថាមិនចេះរៀបចំផ្ទះ ឬមិនចេះមើលកូន ដោយសារតែគ្មានការជួយរំលែកភាពលំបាកពីអ្នកទៅវិញ។
បុរសទាំងឡាយ!! សូមផ្ដល់ក្ដីស្រលាញ់ដល់ភរិយារបស់អ្នកឱ្យបានកាន់តែច្រើនលើសមុនរាប់រយដងដើម្បីឱ្យនាងមានកម្លាំងចិត្តបន្តដំណើរក្នុងជីវិតគ្រួសារមួយនេះ និងទៅថ្ងៃមុខទៀត ព្រោះមានរឿងច្រើនទៀតណាស់ដែលអ្នកមិនបានដឹងពីទុក្ខលំបាករបស់មនុស្សស្រី ហើយបែរជាយកលេសថា ប្រពន្ធអ្នកប្រែប្រួលហើយ ពិបាករស់នៅចុះសម្រុងគ្នាណាស់ ទើបត្រូវចេញទៅរកស្រីខាងក្រៅ។ ប៉ុន្តែមុននឹងហាមាត់និយាយបែបនេះ សូមសួរខ្លួនឯងសិនថា "តើអ្នកណាជាអ្នកធ្វើឱ្យនាងប្រែប្រួលបែបនេះ? មិនមែនអ្នកជាប្ដីគេទេអ្ហេស? តើអ្នកមានបានផ្ដល់ភាពកក់ក្ដៅដល់នាង យកចិត្តទុកដាក់ ជួយរំលែកទុក្ខព្រួយរបស់នាងដូចពេលដែលតាមស្រលាញ់នាងដែរឬអត់?"
សូមគិតឡើងវិញចំពោះបុរសដែលដាក់បន្ទុកលើភរិយាដោយមិនមើលលើកំហុសរបស់ខ្លួន!!