ទម្លាប់​ ៧​យ៉ាង​​របស់​នារី​ៗ​ដែល​ធ្វើ​ឲ្យ​ជើង​​ធំ​ ខូច​រាង​ដោយ​មិន​ដឹង​ខ្លួន

  • 2019-02-07 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ណា​ក៏​ដូច​គ្នា គឺ​តែង​ចង់​បាន​ជើង​ស្រឡូន​​ស្អាត ស្លីម ដើម្បី​ពេល​ស្លៀក​ខោ​ សំពត់​ខ្លី ឬ​ឈុត​ហែល​ទឹក​អី មើល​ទៅ​សិចស៊ី។ ប៉ុន្តែ​ដឹង​អត់​ថា សកម្មភាព​ប្រចាំ​ថ្ងៃ​ខ្លះ​របស់​អ្នក​ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព ប៉ុន្តែ​​​អាច​ជា​មូលហេតុ​ដែល​​ធ្វើ​ឲ្យ​ជើង​របស់​អ្នក​កាន់​តែ​ធំ​ដោយ​មិន​ដឹង​ខ្លួន​ថែម​ទៀត​ផង។ ថា​តើ​សកម្មភាព​នោះ​មាន​អ្វី​ខ្លះ​ ហើយ​គួរ​មាន​វិធី​​ដោះស្រាយ​យ៉ាង​ណា សូម​តាមដាន​ជាមួយ កញ្ញា ខាង​ក្រោម​នេះ៖

១. អង្គុយ​ធ្វើ​ការ​ជាប់​រយៈ​ពេល​យូរ

នេះ​គឺ​ជា​រឿង​ដែល​ពិបាក​ចៀសវាង​បន្តិច​សម្រាប់​នារី​ៗ​​ដែល​ធ្វើ​ការងារ​ការិយាល័យ។ ​ការ​អង្គុយ​ធ្វើ​ការ​យូរ​​នឹង​ធ្វើ​ឲ្យ​ឈាម​ដែល​ស្ថិត​នៅ​បរិវេណ​ជើង​របស់​យើង​រត់​មិន​ស្រួល និង​ជា​ចំណុច​ចាប់​ផ្ដើម​ដែល​ធ្វើ​ឲ្យ​ជើង​ធំ​បាន។ ដំណោះស្រាយ​ គឺ​គួរ​ឧស្សាហ៍​ផ្លាស់​ប្ដូរ​ឥរិយាបថ ឬ​ក្រោក​ឈរ ​ដើរ​ចុះ​ឡើង ចូល​បន្ទប់​ទឹក ឆុង​កាហ្វេ ដើម្បី​ឲ្យ​រាងកាយ​បាន​យឺត​សរសៃសសូង​ខ្លះ។

២. អង្គុយ​គង​អន្ទាក់​ខ្លា​ញឹកញាប់

នៅ​ពេល​អង្គុយ​យូរ ឬ​អង្គុយ​លើ​កៅអី​ខ្ពស់​ពេក ស្រី​ៗ​យើង​ខ្លះ​ក៏​ទម្លាប់​អង្គុយ​គង​អន្ទាក់​ខ្លា​ដើម្បី​កុំ​​ឲ្យ​រោយ​ជើង​ពេក ហើយ​ខ្លះ​ក៏​ទម្លាប់​បែប​នេះ​តែ​ម្ដង។ ប៉ុន្តែ​ការ​អង្គុយ​បែប​នេះ​នឹង​ធ្វើ​​ឲ្យ​ជើង​យើង​ត្បៀត​គ្នា ជា​ពិសេស​នៅ​បរិវេណ​ភ្លៅ ដែល​អាច​ធ្វើ​ឲ្យ​ឈាម​រត់​មិន​បាន​ល្អ ជា​មូលហេតុ​នាំ​ឲ្យ​ជើង​ធំ​ដែរ។

៣. ពាក់​ស្បែក​ជើង​កែង​ញឹកញាប់

បើ​ទោះ​ជា​ការ​ពាក់​ស្បែក​ជើង​កែង​នឹង​ធ្វើ​​ឲ្យ​អ្នក​មើល​ទៅ​មាន​រាង​ស្អាត កាន់​តែ​ខ្ពស់ ប៉ុន្តែ​បើ​អ្នក​ពាក់​វា​ញឹក ឬ​យូរ​ខ្លាំង​ពេក វា​ក៏​មិន​ល្អ​ចំពោះ​សុខភាព​រាងកាយ​ដូច​គ្នា ជា​ពិសេស​ស្បែក​ជើង​ដែល​មាន​កែង​​ស្រួច​ខ្ពស់ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ចុង​ជើង​របស់​យើង​រង​ទម្ងន់​ខ្លួន​​រយៈ​ពេល​យូរ ហើយ​ក៏​ធ្វើ​ឲ្យ​កំភួន​ជើង​របស់​យើង​រីក​ធំ​ដែរ។ យក​ល្អ​គួរ​កាត់​បន្ថយ​កម្ពស់​កែង​ស្បែក​ជើង ឬ​ជ្រើសរើស​ស្បែក​ជើង​ដែល​មាន​កែង​ធំ​ល្មម ដើម្បី​កុំ​ឲ្យ​ចុង​ជើង​យើ​ង​រង​ទម្ងន់​ច្រើន​ពេក ឬ​អាច​ផ្លាស់​មក​ពាក់​ស្បែក​ជើង​ប៉ាតា​តែ​ម្ដង​ក៏​បាន។

៤. មិនហាត់​ប្រាណ

ស្រី​ៗ​មួយ​ចំនួន​អាច​នឹង​គិត​ថា ឲ្យ​ទៅ​ហាត់​ប្រាណ​យ៉ាង​ម៉េច បើ​រវល់​រៀន និង​ធ្វើ​ការ​រក​ពេល​សម្រាក​មិន​បាន​ផង? ប៉ុន្តែ​ការ​ពិត​ទៅ មាន​ក្បាច់​ហាត់​ប្រាណ​ជា​ច្រើន ដែល​យើង​អាច​ហាត់​ខ្លួន​ឯង​នៅ​ផ្ទះ ដោយ​មិន​បាច់​ប្រើ​ឧបករណ៍​ជំនួយ ដូច​ជា​ក្បាច់​ជិះកង់ ឬ​ហាត់​យូហ្កា​ក៏​បាន។

៥. ផឹក​ទឹក​តិច ហើយ​ទប់​នោម​យូរ​ៗ

ពេល​ខ្លះ​នៅ​ពេល​ដែល​យើង​រវល់​វក់វី​នឹង​ការងារ​មួយ​ចំនួន​ខ្លាំង​ពេក ក៏​ធ្វើ​ឲ្យ​យើង​ភ្លេច​ធ្វើ​អ្វី​មួយ​ដែល​ចាំបាច់​ចំពោះ​សុខភាព​រាងកាយ ដូច​ជា​​ភ្លេច​ផឹក​ទឹក ​ភ្លេច​ចូល​បន្ទប់ទឹក ដែល​សុទ្ធ​តែ​ផ្ដល់​ផល​អាក្រក់​ដល់​សុខភាព។ ការ​ផឹក​ទឹក​ច្រើន​ៗ នឹង​ជួយ​ជំរុញ​ឲ្យ​ប្រព័ន្ធ​ធ្វើ​ការ​របស់​រាងកាយ​​យើង​ដំណើរការ​បាន​ប្រក្រតី និង​មាន​ការ​បម្លែង​ជាតិ​ពុល​ចេញ​មក​តាម​រយៈ​ទឹក​នោម។

៦. ឈរ​យូរ​ៗ

នារី​ដែល​​ត្រូវ​ឈរ​យូរ​ៗ​ក្នុង​ពេល​ធ្វើ​ការងារ នឹង​ធ្វើ​​ឲ្យ​សាច់ដុំ​តឹង ហើយ​ក្រៅ​ពី​នេះ អាច​នាំ​ឲ្យ​មាន​បញ្ហា​សរសៃ​ឈាម​ទៀត​ផង។ ដំណោះស្រាយ នោះ​គឺ​គួរ​ធ្វើ​ការ​ម៉ាស្សា​ក្រោយ​ចប់​ការងារ ឬ​ហាត់​​ប្រាណ​បែប​យូហ្កា ដើម្បី​ឲ្យ​សាច់​ដុំ​ជើង​បាន​សម្រាក និង​កាត់​បន្ថយ​ការ​រីក​សាច់​ដុំ​ជើង​ផង។

៧. ញ៉ាំ​អាហារ​រស​ជាតិ​ខ្លាំង​ពេក

អាហារ​រសជាតិ​ខ្លាំង ជា​ពិសេស​អាហារ​ប្រៃ​ៗ​ក៏​មាន​ចំណែក​ធ្វើ​ឲ្យ​ជើង​អ្នក​កាន់​តែ​ធំ​ដែរ ព្រោះ​​នៅ​ពេល​ជាតិ​សូដ្យូម​ក្នុង​រសជាតិ​ប្រៃ​​មាន​កាន់​តែ​ច្រើន​ក្នុង​កោសិកា​រាងកាយ​យើង វា​នឹង​ធ្វើ​ឲ្យ​កោសិកា​ស្រូប​ទឹក​ចូល​កាន់​តែ​ច្រើន ជា​ពិសេស​ត្រង់​អវយវៈ​​ផ្នែក​ខាង​​ក្រោម (ជើង)។ ដូច្នេះ​គួរ​ ញ៉ាំ​សាប​ៗ​ល្មម​ទៅ ព្រោះ​វា​នឹង​ការពារ​ជំងឺ​លើស​ឈាម​ដែរ ៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម