អាវុធ​​គ្រោះថ្នាក់ ​៥​​ យ៉ាង​​​​​អាច​​​​បំផ្លាញ​​​​​​ចំណង​​​ស្នេហ៍​​​​​​​លឿន​​ជាង​​​ការ​​​ក្បត់​គ្នា​​ទៅ​ទៀត

  • 2019-01-14 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​នៅ​​​ក្នុង​​​​​​រឿង​​​​ភាគ​​​មនោសញ្ចេតនា​​​​​​ជា​ច្រើន​ បាន​​​​​​​បញ្ចប់​​ទៅ​​​ដោយ​​​​​ភាព​​​​សប្បាយ​​រីក​រាយ​​គូ​ស្នេហ៍​​​ជួប​​​​ជុំ​​​ផ្អែមល្ហែម ​​ធ្វើ​ឲ្យ​នារីៗ​​មើល​​​ហើយ​​​​​​​​​​ប្រាថ្នា​ចង់​បាន​ស្នេហា​​បែប​នោះ​​ដែរ។ ផ្ទុយ​ទៅ​​វិញ ​​​​​​​​នៅ​​ក្នុង​​​ជីវិត​​ពិត​​​ មាន​ភាព​​​ខុស​​​​ស្រឡះ​​ពី​គ្នា ​មិន​អាច​​ល្អ​​​​​ឥត​ទាស់​​​​​​ដូច​​ក្នុង​​រឿង​​​ឡើយ​។ គូ​​​ស្នេហ៍​​ខ្លះ​​​​ស្រលាញ់​​គ្នា​​ខ្លាំង​​​​​​ ​ប៉ុន្តែ​​នៅ​​មិន​អាច​ជៀស​​​ផុត​ពី​ជម្លោះ ការ​​អាក់​អន់​​ស្រពន់​​ចិត្ត មិន​​យល់​ពី​​គ្នា ​​រហូត​​​អាច​​ឈាន​​​ដល់​​ការ​​បែក​​បាក់​​ក៏​មាន។ ហេតុ​​នេះ​ហើយ​​​ ​​ប្រសិន​​បើ​​មិន​​​ចង់​​មាន​​​​​វិប្បដិសារី ស្តាយ​​​ស្នេហ៍​​​ខំ​​​សាង​​មក​​រួម​គ្នា​​ជា​​យូរ​​ គួរ​​​ប្រុង​​​​ប្រយ័ត្ន​​​​​នូវ​​​​​​​​​​​រឿង​​​៥​យ៉ាង ដែល​អាច​​​​បំផ្លាញ​​​​​​ចំណង​​​ស្នេហ៍​​យ៉ាង​ស្ងៀម​​ស្ងាត់​​​​​លឿន​​ជាង​​​ការ​​​ក្បត់​គ្នា​​ទៅ​ទៀត។

១. ឈ្លោះ​​គ្នា​​​​មិន​ទុក​​មុខ​​​នៅ​​​​​​​​កន្លែង​​សាធារណៈ

​​​​​ទោះ​​បី​ជា​មាន​​​បញ្ហា​ធំ​​ប៉ុណ្ណា​​ក៏​​ដោយ វា​​ជា​​រឿង​​ឯកជន​​របស់​​អ្នក​​ទាំង​​ពីរ ​មិន​គួរ​​លើក​​​មក​​​និយាយ​​​វែក​​ញែក​​​​​​​នៅ​​កន្លែង​សាធារណ​​ដាច់​​ខាត។ ​​​​​​​​​​​​ឈ្លោះ​​គ្នា​​​​មុខ​​គេ​​មុខ​ឯង​​​បែប​នេះ មិន​ត្រឹម​តែ​​​​​ឈឺ​​ខ្លាំង​​​​​ប៉ុណ្ណោះ​ទេ​​​​​ ថែម​​ទាំង​​​​​​អាប់​​​អោន​​កិត្តិយស​​ ​មិន​ឲ្យ​​​តម្លៃ​​​ដល់​​ដៃ​គូ។ ទំហំ​ក្តី​​ស្រលាញ់​​ធំ​​​យ៉ាង​ណា ក៏​​គ្មាន​នរណា​​​​​ចង់​​​​​ផ្សះ​ផ្សា​​វិញ​​ដែរ ឲ្យ​​តែ​​ធ្វើ​​អី​​គ្មាន​​ហេតុផល​​​​​​​ដូច្នេះ។

២. គ្មាន​​​​ទំនុក​​ចិត្ត សង្ស័យ​​​ច្រើន

​​​ទំនាក់​​ទំនង​​ស្នេហា​​​រឹង​មាំ​​បាន​​​​​យូរ​​អង្វែង អាស្រ័យ​​លើ​​ការ​​ទុក​​ចិត្ត​​​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ បើ​​​​ចូល​​ចិត្ត​​តែ​​​សង្ស័យ​​​​​​​​​​​​ហួសហេតុ អ្នក​នឹង​​​​គ្មាន​​​ថ្ងៃអាច​​​​​​នៅ​ជាមួយ​​គ្នា​បាន​​​សុខ​​ឡើយ​​។ ​​បើ​​​ឆ្ងល់​​សួរ​​​​បញ្ជាក់​​​​​ឲ្យ​​​ច្បាស់ បើ​​​មិន​​ច្បាស់​​គួរ​​តាម​​​​​​ដាន​​បន្ត កុំ​​​​​​នៅ​​​ស្រមើ​​​ស្រមៃ​​គិត​អី​តែ​​ឯង។

៣. ​​​មាន​​គំនិត​​ផ្ទុយ​​គ្នា​​​​​ខ្លាំង

​​​គូ​​ស្នេហ៍​​​​ភាគ​​ច្រើន ពេល​​ស្រលាញ់​​គ្នា​​​ដំបូង​​​តែង​​​​ព្យាយាម​​ធ្វើ​​អ្វី​​​សម្រប​តាម​​​ចិត្ត​​​​​គ្នា មើល​​ទៅ​​ដូច​ជា​​​​​​​ចុះ​​សម្រុង​​​​គ្មាន​អ្វី​​ប្រៀប​​បាន។ ដល់​​ពេល​​​​​​​​​​​រស់​​​នៅ​​​​ជាមួយ​​​គ្នា​​យូរៗ​ គំនិត​​ផ្ទុយ​​គ្នា​​ក៏​បាន​​​លេច​​ចេញ​​​ឡើង​ បង្ក​ឲ្យ​​មាន​​​រឿង​​​​​​​​ចម្រូង​​​ចម្រាស​​​​​ស្រាយ​​ មាន​​​អារម្មណ៍​​​​​​ឃ្លាត​​​ឆ្ងាយ​​ពី​គ្នា។ ដំណោះ​​ស្រាយ​​​​ដ៏​​ល្អ​​​ គឺ​ត្រូវ​​​​ចេះ​​​​បត់​​បែន ​រៀន​​​យល់​ពី​គ្នា និង​​មិន​​ត្រូវ​​​​​​កាត់​​​សេចក្តី​​ថា​​គំនិត​​​នរណា​​​​ត្រូវ​​​ជាង​​នរណា​​ឡើយ​។

៤. មិន​​ស្តាប់​​​គ្នា

បើ​​​​អ្នក​​ចេះ​​​​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក ​​​​​នោះ​​​​​​រឿង​​​ធំ​នឹង​​ក្លាយ​​ជា​រឿង​​​តូច ព្រោះ​​អ្នក​​​​​បាន​​​ដឹង​​​ហេតុផល​​កាន់​តែ​​​ច្បាស់​ ​​​​ខុស​​​ស្រឡះ​​​​ពី​​គូ​ស្នេហ៍​​ដែល​​​​​​​​​​តែង​​តែ​​​ចង់​​ឈ្នះ​​​​រៀង​​​ខ្លួន មិន​ស្តាប់​​​​​​​​គំនិត​​​យោបល់​​​​ពី​​គ្នា​ជាមុន ប្រែ​​​ក្លាយ​​​ស្នេហា​​​ដូច​​​​គូ​​​​ប្រកួត​​​លើ​​​​​​​​​​​​​សង្វៀន​ រក​​​អាជ្ញា​កណ្តាល​​​មិន​ឃើញ​។

៥. ​មិន​​​​​ចេះ​​​​សម្រប​​​​ខ្លួន​​​តាម​​​​​​​កាលៈទេសៈ

គ្មាន​​​​គូ​​ស្នេហ៍​​​ណា​​មាន​​​​​​​​​​​អត្តចរិត​​​ដូច​គ្នា​​ទាំង​​​ស្រុង​​នោះ​ទេ​​​ ​​​ដូច្នេះ​​​បើ​​​​ចង់​​ឲ្យ​​​​ស្នេហា​​​​​រឹងមាំ​​ ឋិតថេរ​ គង់​​វង្ស មនុស្ស​​​ពីរ​​នាក់​​​ត្រូវ​​​​​​សម្រប​​ខ្លួន​​ ទទួល​​​​យក​​ ​​​ភាព​​​ខុស​គ្នា​​ និង​​​បំពេញ​​​ចន្លោះ​​​ខ្វះខាត​ឲ្យ​​គ្នា​ទៅ​​​វិញ​​ទៅ​មក។ ​​​​​ព្យាយាម​ផ្លាស់​ប្តូរ​​គំនិត​​​ខ្វែង​​ ឲ្យ​ទៅ​​​ជា​​​​គំនិត​​​ស្រប​​បន្តិច​ម្តងៗ ក្នុង​​គោល​ដៅ​​​​​​​​​​​​គ្រួសារ​​​​​​​តែ​មួយ​​ អនាគត​​តែ​​មួយ​​ ជោគ​​​​ជ័យ​​​រួម​គ្នា៕​​​​​​​​​​​​​

​​​​​​​​​ចុចអានបន្ត៖ ​ស្រីៗ​​ពេលរើសសង្សារ ឬគូស្រករ គួរ​ទន្ទេញ​ពាក្យ​ទាំង​នេះ​ក្នុង​ចិត្ត​ ទើប​​​កម្រ​ប៉ះ​មនុស្ស​ខុស

ប្រភព៖ Guu ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម