មកដឹង ៧ចំណុចជួយបាន សម្រាប់អ្នកដែលមានកូនតូច​ពិបាករឿងញុំា

  • 2019-01-03 00:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានកូនតូចរឹងទទឹងមិនព្រមញុំាអាហារ ជារឿងឈឺក្បាលបំផុត ដូច្នេះហើយឪពុកម្តាយត្រូវមានភាពឆ្លាតវៃក្នុងការរៀបចំអាហារ ដែលទាក់ទាញឲ្យគេចង់ភ្លក់ ចង់សាក និងហ្វឹកហាត់ទម្លាប់ញុំាអាហារត្រឹមត្រូវដល់កុមារតាំងពីគេនៅតូចក្រូចឆ្មារតែម្តង។

កុំគិតថាត្រូវផ្តាច់ទឹកដោះគោដើម្បីឲ្យគេញុំាបាយឲ្យសោះ ព្រោះមានតែទឹកដោះគោប៉ុណ្ណោះដែលអាចធានាបានថាកុមារទទួលបានកាល់ស្យូម និងវីតាមីនគ្រប់គ្រាន់សម្រាប់ការលូតលាស់ឆ្អឹង និងខួរក្បាលរបស់គេ។ ពិសេសគួរជ្រើសរើសទឹកដោះគោដែលមានសារជាតិ GOS-FOS និង Fiber ដើម្បីជួយសម្រួលដំណើរការប្រព័ន្ធរំលាយអាហារដ៏ក្មេងខ្ចីរបស់កុមារ ធ្វើឲ្យគេមិនមានបញ្ហាឆ្អល់ ឬឈឺពោះ និងមិនទល់លាមកជាដើម។

ដើម្បីហ្វឹកហាត់កូនតូចឲ្យមានទម្លាប់ញុំាត្រឹមត្រូវ ឪពុកម្តាយគួរអនុវត្តន៍ដូចខាងក្រោម៖

១.រៀបចំរបបអាហារត្រឹមត្រូវ៖

អាហារូបត្ថម្ភដើម្បីឲ្យកុមារមានសុខភាពល្អត្រូវផ្សំឡើងពី អាហារបីក្រុមគឺ៖

អាហារការពារ មានដូចជាផ្លែឈើ បន្លែពណ៌បៃតងគ្រប់មុខ

អាហារថាមពល ដូចជាបន្លែមើម បាយ ដំឡូង និងប្រេងធញ្ញជាតិ សាច់ដូង

និងអាហារសាងសង់ ដូចជាស៊ុត សាច់ត្រី សាច់ក្តាម សាច់បង្កង សាច់ជ្រូក សាច់មាន់ ជាដើម។ ត្រូវចម្អិនដោយមានអនាម័យ និងឲ្យបានឆ្អិនល្អ និងគួរកំណត់បរិមាណនៃការញុំាមួយលើកៗឲ្យបានត្រឹមត្រូវ និងគួរកាត់បន្ថយអាហារមានជាតិខ្លាញ់ និងស្ករ។

២. កំណត់ម៉ោងញុំាបាយឲ្យទៀងទាត់៖

ត្រូវទម្លាប់កុមារឲ្យញុំាទៀងម៉ោង មួយថ្ងៃ ៣ពេល។ ដល់ម៉ោងត្រូវឲ្យគេអង្គុយញុំាមួយកន្លែងឲ្យស្ងៀម ហើយកុំជេរស្តី ពេលគេញុំាជ្រុះ ឬកំពប់អាហារ និងកុំបង្ខំគេឲ្យញុំាឲ្យសោះ។

៣. កុមារគួរមានចានបាយ និងស្លាបព្រាផ្ទាល់ខ្លួន៖

ត្រូវឲ្យកុមារចេះចំណាំចានខ្លួនឯង និងទៅយកចានបាយ និងស្លាបព្រាសមដោយខ្លួនឯង។

៤. បង្រៀនកូនអ្នកឲ្យញ៉ាំយឺតៗ៖

ការញ៉ាំយឺតៗ មិនត្រឹមតែឲ្យមានការទំពារអាហារបានម៉ត់ល្អទេ កូនរបស់អ្នកនឹងអាចមានរៀនបែងចែកច្បាស់ ពីការឃ្លាន និងឆ្អែត។

៥.ផ្តល់ជម្រើសអាហារច្រើនមុខ៖

គួរមានការស្តុកទុកនូវប្រភេទអាហារដែលមានអត្ថប្រយោជន៍ដល់សុខភាព នៅផ្ទះឲ្យបានច្រើន នោះកូនរបស់អ្នកនឹង អាចរៀនជ្រើសរើស ស្គាល់ និងញ៉ាំតែអាហារណាដែលមានជីវជាតិត្រឹមត្រូវ។

៦. ញ៉ាំអាហារជុំគ្នា៖

ការអង្គុយញ៉ាំអាហារជុំគ្នាអាចឲ្យអាចអ្នកមានឱកាសជំរុញ និងលួងលោមកូនឲ្យញុំាបានកាន់តែច្រើន តែដាច់ខាតកុំបង្ខំក្មេងឲ្យសោះ។

៧.កំណត់ពេលសម្រាប់អាហារសម្រន់៖

គួរមានម៉ោងឲ្យកុមារញុំាអាហារសម្រន់ខ្លះ នៅចន្លោះម៉ោងបាយថ្ងៃត្រង់ និងល្ងាច ដូចជាញុំាទឹកផ្លែឈើ ឬទឹកផ្លែឈើស្រស់ នំចំណីផ្សេងៗដែលជួយបំពេញជីវជាតិគ្រប់គ្រាន់ និងគួរកំណត់ពេលសម្រាប់ញ៉ាំអាចជាផ្នែកផ្តល់ឲ្យកុមារនូវជីវជាតិកាន់តែប្រសើរ៕

អត្ថបទ៖ ដេត លីដា

អត្ថបទពេញនិយម