ទម្លាយ​ប្រវត្តិរូបសាហាវកប់របស់​អគ្គនាយក​ស្រី Huawei ដែល​កំពុង​ត្រូវ​គេ​ចាប់

  • 2018-12-13 02:23:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿងរ៉ាវ​លោក​ស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) អគ្គនាយកហិរញ្ញវត្ថុ​របស់​សហព័ន្ធ​ទូរសព្ទ​ធំ​ទី​២​ពិភពលោក Huawei ដែល​ទើបតែ​ត្រូវ​បាន​ចាប់​​ខ្លួន​កាល​ពី​ថ្មី​ៗ​នេះ បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។

លោក​ស្រី Meng Wanzhou ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​មិន​ត្រឹម​តែ​មាន​សមត្ថភាព​នោះ​ទេ ថែម​ទាំង​មាន​សម្រស់​ទៀត​ផង។ ក្នុង​វ័យ​ទើប​តែ​៤៦​ឆ្នាំ លោក​ស្រី​បាន​ក្លាយ​ជា​ CFO (អគ្គនាយកហិរញ្ញវត្ថុ) របស់​ក្រុមហ៊ុន​យក្ស Huawei ហើយ។ លោក​ស្រី​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា អាច​ជា​បេក្ខភាព​ស្នង​តំណែង​ដ៏​មាន​សក្ដានុពល​បំផុត ពី​ឪពុក​របស់​ខ្លួន។

និយាយ​ពី​កម្រិត​វប្បធម៌វិញ នារី​មាន​ឥទ្ធិពល​រូប​នេះ បាន​បញ្ជប់​ថ្នាក់​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នៃ​មហាវិទ្យាល័យ​ប៉េកាំង។ លោក​ស្រី ចាប់​ផ្ដើម​ចូល​ធ្វើ​ការ​ឲ្យ Huawei នៅ​ឆ្នាំ​១៩៩៣។ គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​ស្រី Meng គឺ​ជា​កូន​ស្រី​បង្កើត​របស់​នាយក​ក្រុមហ៊ុន Huawei ផ្ទាល់​គឺ​លោក Ren Zhengfei។ ក្នុង​ឆ្នាំ​២០០៥ និង​២០១៣ ឪពុក​របស់​លោក​ស្រី​ត្រូវ​បាន​ទស្សនាវដ្ដី Time ជ្រើស​រើស​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោមមនុស្ស​១០០​នាក់​ដែល​ជះ​ឥទ្ធិពល​ខ្លាំង​ជាង​គេ​លើ​ពិភពលោក។

មូលហេតុ​ដែល​កូន​ៗ​របស់​អគ្គនាយក Huawei មិន​ព្រម​យក​ត្រកូល​ឪពុក តែ​យក​ត្រកូល​ម្ដាយ​នោះ​គឺ ជៀសវាង​ការ​ចាប់​អារម្មណ៍​របស់​អ្នក​ដទៃ​លើ​ត្រកូល​មួយ​នេះ។ ក្រៅ​ពី​មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស នារី​កើត​ឆ្នាំ​១៩៧២ ក៏​មាន​ទឹក​មាត់​ប្រៃ​លើ​ឆាក​អន្តរជាតិ​ដូច​គ្នា ដោយ​លោក​ស្រី​តែង​តំណាងក្រុមហ៊ុន​ខ្លួន​ទៅ​ប្រជុំ​ជាមួយ​ថ្នាក់​កំពូល​ពិភពលោកក្នុង​រាល់​សន្និសីទ​ធំ​ៗ​ទាំង​ឡាយ។

គួរ​រំឭក​ថា លោកស្រី ត្រូវ​បាន​ចាប់ខ្លួន​តាម​សំណើ​របស់​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី១​ខែ​ធ្នូ នៅ​ពេល​ដែល​លោកស្រី​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​កាណាដា។ ​មកទល់​​ពេលនេះ ទាំង​កាណាដា ទាំង​អាមេរិក​​មិន​បាន​បញ្ជាក់​ឲ្យដឹង​នៅឡើយទេ​ថា តើ​លោកស្រី​ត្រូវ​​ចាប់ខ្លួន ដោយ​ជាប់ចោទ​ពី​បទល្មើស​អ្វី​ពិតប្រាកដ។ យ៉ាងណា​មិញ កាល​ពី​ខែ​មេសា​កន្លងទៅនេះ បណ្តាញ​សារព័ត៌មាន​​ធំៗ​​អាមេរិក​បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន​ Huawei កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ​អាមេរិក ជុំវិញ​ការ​សង្ស័យ​ពី​ការ​រំលោភ​ទណ្ឌកម្ម​ ដែល​អាមេរិក​ដាក់​លើ​អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង ៕  

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម