មារយាទ​ល្អ ៦​យ៉ាង​​​ដែល​មនុស្ស​ថ្លៃ​ថ្នូរ​​ម្នាក់​តែង​មាន​នៅ​កន្លែង​​ធ្វើ​ការ

  • 2018-12-07 07:21:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​មាន​មារយាទ​ល្អ​នៅ​កន្លែង​ធ្វើ​ការ​ចាត់​ទុក​ថា​ជា​អ្វី​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ មិន​ចាញ់​រឿង​ផ្សេង​ៗ​ឡើយ ព្រោះ​យើង​មិន​មែន​​មនុស្ស​សំខាន់​ជាង​គេ​លើ​លោក​នោះ​ទេ ដូច្នេះ​ហើយ​ធ្វើ​អ្វី​គឺ​ត្រូវ​គិតគូរ​រឿង​មារយាទ​សម​មិន​សម​មុន​ជានិច្ច។ ថ្ងៃ​នេះ​កញ្ញា​ចង់​នាំ​ប្រិយមិត្ត​ទាំង​អស់​គ្នា​មក​មើល​ថា មារយាទ​ល្អ​ថ្លៃ​ថ្នូរ​ដែល​​អ្នក​ធ្វើ​ការ​គួរ​តែ​ប្រកាន់​ខ្ជាប់​នៅ​កន្លែង​ធ្វើ​ការ​មាន​អ្វី​ខ្លះ ដែល​ធានា​ថា​បើ​សិន​ធ្វើ​បាន អ្នក​ណា​ៗ​ក៏​ស្រលាញ់​រាប់​អាន​អ្នក​ដែរ៖

រូបតំណាង

**១. មិន​និយាយ​កាត់​អ្នក​ដទៃ**

វា​មិន​មែន​ជា​រឿង​ល្អ​ទេ នៅ​ពេល​ការ​សន្ទនា ឬ​ការ​និយាយ​របស់​យើង​ត្រូវ​បាន​កាត់​ចង្វាក់​ដោយ​សារ​នរណា​ម្នាក់។ ការ​និយាយ​កាត់ ឬ​រំខាន​ការ​សន្ទនា​របស់​អ្នក​ដទៃ មិន​មែន​ជា​ទង្វើ​ប្រសើរ​នៅ​កន្លែង​ធ្វើ​ការ​ទេ ព្រោះ​ក្រៅ​ពី​​ធ្វើ​ឲ្យ​ដាច់​ចង្វាក់​សន្ទនា​របស់​គេ​ហើយ បរិយាកាស​នៃ​ការ​សន្ទនា​ក៏​ត្រូវ​បំផ្លាញ​តាម​នោះ​ដែរ ហើយ​មិត្ត​រួម​ការងារ​អាច​សម្លឹង​មក​អ្នក​ថា​ជា​មនុស្ស​គ្មាន​មារយាទ​ទៀត​ផង។ សាក​គិត​ល​មើល បើ​យើង​កំពុង​ធ្វើ​បទ​បង្ហាញ​ Idea សំខាន់​មួយ ប៉ុន្តែ​បែរ​ជា​មាន​មនុស្ស​ម្នាក់​និយាយ​កាត់ តើ​វា​នឹង​មាន​អ្វី​កើត​ឡើង? ក្នុង​ករណី​ជា​រឿង​បន្ទាន់​មែន​ទែន អ្នក​ក៏​គួរ​សុំ​អនុញ្ញាត​សិន​ដែរ​សឹម​និយាយ។

២. មិន​ញ៉ាំ​អាហារ​ដែល​មាន​ក្លិន​ខ្លាំង

បើ​ថ្ងៃ​ណា​មួយ​ អ្នក​អង្គុយ​ធ្វើ​ការ​ ដោយ​ត្រូវ​ហិត​ក្លិន​ទុរេន ក្លិន​ប្រហុក ឬ​ក្លិន​អ្វី​មួយ​ដែល​រំខាន​​សមាធិ​ការងារ​របស់​អ្នក​​​ តើ​អ្នក​នឹង​មាន​អារម្មណ៍​បែប​ណា​ដែរ? ដូច្នេះ​ហើយ​​ដើម្បី​គោរព​មិត្ត​រួម​ការងារ អ្នក​មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ក្លិន​ខ្លាំង​ៗ​ក្នុង​អូហ្វីស​ទេ ជា​ពិសេស​ក្នុង​ម៉ោង​ធ្វើ​ការ។

៣. ដឹង​របស់​ណា​របស់​រួម របស់​ណា​របស់​ឯកជន

អ្នក​ប្រាកដ​ជា​មិន​ចូល​ចិត្ត​ទេ បើ​មាន​មិត្ត​រួម​ការងារ​ទាញ​កាស​របស់​អ្នក​យក​ទៅ​ស្ដាប់ ឬ​យក​កែវ​ទឹក​របស់​អ្នក​ទៅ​ប្រើ​ដោយ​គ្មាន​ការ​អនុញ្ញាត។ ដូច្នេះ​ហើយ​អ្នក​ត្រូវ​បែង​ចែក​ឲ្យ​ដាច់​ថា អ្វី​ជា​របស់​ឯក​ជន អ្វី​គឺ​ជា​របស់​ប្រើ​រួម​គ្នា​បាន។ បើ​ចាំបាច់​ត្រូវ​ប្រើ​របស់​ឯកជន​របស់​អ្នក​ដទៃ គឺ​ត្រូវ​សុំ​អនុញ្ញាត​របស់​​ម្ចាស់​គេ​ជាមុន។

៤. តែង​ខ្លួន​សុភាព​រៀបរយ

ចំពោះ​ការ​តែង​ខ្លួន គួរ​រៀប​ចំ​ឲ្យ​មាន​ភាព​រៀបរយ និង​ឲ្យ​តម្លៃ​ដល់​កន្លែង​ធ្វើ​ការ​របស់​អ្នក។ ប្រាកដ​ជា​គ្មាន​អ្នក​ណា​ពេញ​ចិត្ត​ទេ​បើ​អ្នក​ពាក់​អាវ​វាល​ក្លៀក​​ហើយ​ស្លៀក​សំពត់​ឆែក​ជ្រៅ​ដល់​ណាណី​​មក​ធ្វើការ។ បើ​​ពិត​ជា​មិន​ដឹង​ថា​ត្រូវ​ស្លៀក​បែប​ណា​មែនទែន អាច​សាក​ល្បង​មើល​ទស្សនាវដ្ដី Search Google ឬ​វេបសាយ​នានា​បាន។ មិន​អីចឹង​ទេ​មើល​ផេក កញ្ញា ក៏​បាន។ មិន​ត្រឹម​តែ​រឿង​ស្លៀក​ពាក់ ប៉ុន្តែ​រឿង​ក្លិន​ខ្លួន ក្លិន​មាត់​អី ក៏​គួរ​ពិនិត្យ​ខ្លួន​ឯង​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ។  

រូបតំណាង

៥. រក្សា​អនាម័យ

មិន​ថា​នៅ​ទី​ណា អ្វី​ដែល​គ្រប់​គ្នា​ត្រូវ​ធ្វើ​គឺ​រក្សា​អនាម័យ​​ទីកន្លែង​។ បើ​អ្នក​តែង​ខ្លួន​ស្អាត​ ប៉ុន្តែ​តុ​ធ្វើ​ការ​រញ៉េរញ៉ៃ​គ្មាន​សណ្ដាប់​ធ្នាប់ ហើយ​មាន​ភាព​ខ្ជីខ្ជា​រឿង​សំរាម​ទៀត​នោះ វា​ក៏​មិន​មែន​ជា​រឿង​ល្អ​ដែរ​ក្នុង​ខ្សែ​ភ្នែក​មិត្ត​រួម​ការងារ។

៦. កុំ​ភ្លេច​ឲ្យ​ក្រេឌីត​មិត្ត​រួម​ការងារ

ការ​ធ្វើ​ការ​រួម​គ្នា រមែង​មាន​បញ្ហា​ចូល​មក​ជា​រឿង​ធម្មតា ប៉ុន្តែ​បើ​អ្នក​ចេះ​សរសើរ និង​និយាយ​ពាក្យ​អរគុណ​​ចំពោះ​មិត្ត​រួម​ការងារ​ដែល​ជួយ​អ្នក​ឲ្យ​អាច​ឆ្លង​កាត់​បញ្ហា​ទាំង​នោះ​បាន ក្រៅ​ពី​បង្ក​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ហើយ អ្នក​ក៏​ក្លាយ​ជា​មនុស្ស​គួរ​ឲ្យ​ស្រលាញ់​រាប់​អាន​ដែរ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​និយាយ​យក​មុខ​តែ​ម្នាក់​ឯង មិន​ឲ្យ​ក្រេឌីត​ដល់​អ្នក​ដទៃ អ្នក​នឹង​ក្លាយ​ជា​មនុស្ស​មិន​ល្អ ថែម​ទាំង​ធ្វើ​ឲ្យ​មិត្ត​រួម​ការងារ​ឈប់​រាប់​អាន ឬ​ឈប់​ចង់​ជួយ​ទៀត​ផង ៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន