ខ្ញុំ​មិន​ត្រូវ​ការ​បុរស​​ឥតខ្ចោះ​នោះ​ទេ គ្រាន់​តែ​ស្រឡាញ់​ខ្ញុំ​ឲ្យ​ដូច​ខ្ញុំ​ស្រឡាញ់​គេ​ទៅ​បាន​ហើយ

  • 2018-11-26 07:40:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​សួរ​ខ្ញុំ​ថា​ស្រឡាញ់​មនុស្ស​ប្រុស​ប្រភេទ​ណា? ខ្ញុំ​អាច​នឹង​រៀបរាប់​មនុស្ស​ប្រុស​ដែល​មាន​ចំណុច​សុទ្ធ​តែ​ល្អៗ ព្រោះ​ខ្ញុំ​ជឿ​ថា​គ្មាន​មនុស្ស​ស្រី​ណា​ចង់​បាន​មនុស្ស​ប្រុស​មិន​ស្អាត មិន​ល្អ​នោះ​ទេ។

តែ​អ្វី​ទាំង​នោះ​ក្នុង​ជីវិត​ពិត​តើ​អាច​មាន​ទេ? មនុស្ស​ប្រុស​ដែល​ល្អ​ឥតខ្ជោះ អាច​មាន​នៅ​លើ​លោក​នេះ​ទេ? ហើយ​បើ​មាន​តើ​គេ​អាច​មក​ស្រឡាញ់​ខ្ញុំ​ដែរ​មែន​ទេ? នេះ​ពិត​ជា​យល់សប្ដិ​ទាំង​ថ្ងៃ​ហើយ។

ការ​ពិត​ចំពោះ​ខ្ញុំ​មិន​ប្រាថ្នា​បុរស​ឥតខ្ចោះ​អី​នោះ​ទេ ខ្ញុំ​សុំ​ត្រឹម​តែ​មនុស្ស​ប្រុស​ដែល​អាច​ស្រឡាញ់​ខ្ញុំ​ដូច​ដែល​ខ្ញុំ​ស្រឡាញ់​គេ​ទៅ​បាន​ហើយ។ ខ្ញុំ​ជឿ​ថា​នៅ​ពេល​មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា​ស្មើ​ដៃ​ស្មើ​ជើង​គ្នា​នោះ ស្នេហា​នោះ​នឹង​ទៅ​មុខ​យ៉ាង​រលូន​ដោយ​មិន​បាច់​ឲ្យ​ម្ខាង​ណា​ប្រឹង​ស្រឡាញ់​ម្ខាង​ណា​នោះ​ឡើយ។

បើ​ខ្ញុំ​ខ្វល់​ពី​គេ សុំ​ឲ្យ​គេ​ខ្វល់​ពី​ខ្ញុំ​ដូច​គ្នា។ បើ​ខ្ញុំ​ឆ្លៀត​ពេល​សម្រាប់​គេ សុំ​ឲ្យ​គេ​ឆ្លៀត​ពេល​សម្រាប់​ខ្ញុំ​ដូច​គ្នា។ បើ​ខ្ញុំ​ព្យាយាម​រត់​មក​រក​គេ សុំ​ឲ្យ​គេ​រត់​មក​រក​ខ្ញុំ​ដូច​គ្នា ដូច្នេះ​ពួក​យើង​នឹង​នៅ​ចំណុច​កណ្ដាល​ជាមួយ​គ្នា ហើយ​អាច​បន្ត​ក្ដី​ស្រឡាញ់​ជាមួយ​គ្នា​ហើយ​មិន​មាន​អារម្មណ៍​ថា​ហត់។

មិន​បាច់​ស្រឡាញ់​ខ្ញុំ​លើស​ពី​ខ្ញុំ​ស្រឡាញ់​គេ​ទេ ព្រោះ​​ពេល​ដែល​គេ​ស្រឡាញ់​ខ្ញុំ​លើស​ពី​ខ្ញុំ​ស្រឡាញ់​គេ នោះ​គេ​នឹង​ត្រូវ​ទទួល​អារម្មណ៍​ឈឺចាប់។

មិន​បាច់​ស្អាត​ពេក​ មិន​បាច់​សង្ហាពេក​អី​ទេ ព្រោះ​ខ្ញុំ​ក៏​មិន​សូវ​ស្អាត​ដូចគ្នា។ មិន​បាច់​ត្រឹម​ត្រូវ​អី​ប៉ុន្មាន​ទេ ព្រោះ​ខ្ញុំ​ក៏​ចូលចិត្ត​ចរិត​កូនក្មេង​ពេល​ខ្លះ​ដែរ។ មិន​បាច់​ល្អ​ពេក​នោះ​ទេ ព្រោះ​ខ្ញុំ​មិន​ចូលចិត្ត​ភាព​ឥតខ្ចោះ​ឡើយ។ អ្វី​ដែល​សំខាន់​គឺ​ស្រឡាញ់​ខ្ញុំ​ឲ្យ​ដូច​ខ្ញុំ​ស្រឡាញ់​អ្នក​ទៅ​បាន​ហើយ។ ស្រឡាញ់​គ្រួសារ​ខ្ញុំ​ឲ្យ​ដូច​ខ្ញុំ ស្រឡាញ់​គ្រួសារ​អ្នក​ទៅ​បាន​ហើយ។

ខ្ញុំ​មិន​សន្យា​ថា​អាច​ធ្វើ​ជា​ប្រពន្ធ​ល្អ​នោះ​ទេ តែ​ខ្ញុំ​អាច​សន្យា​បាន​ថា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​ឲ្យ​ដូច​ពេល​ចាប់​ផ្ដើម៕​

ចុចអាន៖មនុស្ស​ស្រី ៦ប្រភេទ​ដែល​​មនុស្ស​ប្រុស​ប្រាថ្នាចង់បាន​ជាគូ​អនាគត

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម