មេដឹកនាំឆ្នើមដែល​កូន​ចៅ​គោរពស្រឡាញ់ តែង​មាន ៤ចំណុច

  • 2018-11-16 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​គ្រប់គ្រង​ ក៏​គឺ​ជា​បុគ្គលិក​ថ្នាក់​ក្រោម ដែល​បាន​អភិវឌ្ឍ​ខ្លួន​ និង​សន្សំ​បទ​ពិសោធន៍​រយៈ​ពេល​ជាយូរ រហូត​បាន​ទទួល​ការ​ទុក​ចិត្ត​ តម្លើង​តំណែង​ដើម្បី​គ្រប់គ្រង​ក្រុម​ការងារ។ ប៉ុន្តែ​អ្នក​ដែល​កំពុង​ធ្វើ​ជា​អ្នក​គ្រប់គ្រង​ អ្នក​ចាត់ការ ឬ​ម្ចាស់​អាជីវកម្ម​ដែល​ត្រូវ​មើល​ថែកូន​ចៅ​ក្រោម​បង្គាប់​ជា​ច្រើន​នាក់ អាច​នឹង​ភ្លេច​ពី​កាល​ដែល​ខ្លួន​នៅ​ជា​កូន​ចៅ​របស់​គេ​ពី​មុន ឬ​មានចរិត​ធ្វើ​ការ​ផ្ទាល់​ខ្លួន​ដែល​ផ្លាស់​ប្ដូរ​ខុស​ពី​មុន ដោយ​សារ​បន្ទុក​ការងារ​ និង​ទំនួល​ខុស​ត្រូវ​កាន់​តែ​ច្រើន ឬ​ភាព​តានតឹង​នៃ​ការងារ​កាន់​តែច្រើន ដែល​អាច​ជះ​ផល​ប៉ះពាល់​ដល់​ការ​គ្រប់គ្រង​មនុស្ស និង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ក្រុមការងារ​ដែល​ខ្លួនកំពុង​​មើល​ថែ។ ថ្ងៃ​នេះគេហទំព័រ Kanha មាន​វិធីសាស្ត្រ​ ៤​ចំណុច​ដើម្បី​ឲ្យ​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ដ៏​អស្ចារ្យ ដែល​កូន​ចៅ​​គោរព និង​ស្រឡាញ់​កាន់​តែ​ខ្លាំង។ មក​អាន​ទាំង​អស់​គ្នា​ថា​តើ​មាន​ចំណុច​អ្វី​ខ្លះ?

 

១. មាន​ទំនាក់ទំនង​ល្អ

មិន​ថា​ការងារ​របស់​អ្នក​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​គរ​ដូច​ភ្នំ​ក៏​ដោយ ប៉ុន្តែ​អត្តចរិត​ដែល​អាច​ឲ្យ​អ្នក​ដទៃ​ងាយ​នឹង​ចុះ​សម្រុង​ជាមួយ ញញឹម​ញញែម​ និង​មាន​អារម្មណ៍​ថា​ជា “គ្នា​ឯង” នឹង​ជា​ទ្វារ​ទី​មួយ​ដែល​បើក​ឲ្យ​កូន​ចៅ​របស់​អ្នក​អាច​ប្រឹក្សា​ជាមួយ​អ្នក​នូវ​បញ្ហា​នានា បាន​យ៉ាង​ងាយ​ស្រួល ដោយ​មិន​ចាំ​បាច់​រង់​ចាំ​ទាល់​តែ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ល្អ, ធ្វើ​ឲ្យ​ការងារ​ដំណើរការ​រលូន​យ៉ាង​មាន​ប្រសិទ្ធិភាព។ ការ​មាន​ទំនាក់ទំនង​ល្អ​មិន​មែន​មាន​ន័យ​ថា​បណ្ដោយ​ឲ្យ​កូន​ចៅ​​វាយ​ស្មើ ឬ​អ្វី​នោះ​ទេ ប៉ុន្តែ​គឺ​ការ​គ្រប់គ្រង​អត្តចរិត​ខ្លួន​ឯង​​កុំ​ឲ្យ​តឹង ឬ​ក៏​ធូរ​រលុង​ខ្លាំង​ពេក​ ដើម្បី​ឲ្យ​ការងារ​មាន​ភាព​រលូន។ អាច​និយាយ​បាន​ថា​នេះ​ជា​មន្តស្នេហ៍​មួយ​របស់​អ្នក​ដឹកនាំ​ដែល​អាច​យក​ជា​គំរូ ហើយ​ក៏​ជា​ការ​ផ្ដល់​តម្លៃ​ឲ្យ​កូន​ចៅ​ ដែល​ត្រលប់​មក​វិញ​ កូន​ចៅ​នឹង​​ផ្ដល់​តម្លៃ​ឲ្យអ្នក​វិញ​កាន់​តែ​ច្រើន។  

  ២. ចេះ​ប្រើ​មនុស្ស ដឹង​និស្ស័យ​មនុស្ស

​ ការ​ដែល​ធ្វើ​ឲ្យ​ការងារ​មួយ​ជោគជ័យ​នឹង​មិនមែន​ជា​ការ​លំបាក​អ្វី​ឡើយ​ប្រសិន​បើ​អ្នក​ចេះ​ដាក់​មនុស្ស​ឲ្យ​ត្រូវ​នឹង​ការងារ ឬ​ហៅ​ថា Put the right man on the right job។ នៅ​ពេល​ដែល​អ្នក​បាន​យល់​ដឹង​ពី​សមត្ថភាព​របស់​កូន​ចៅ​ហើយ រឿង​មួយ​ទៀត​ដែល​អ្នក​គួរ​យល់​ដឹង​គឺ ឧបនិស្ស័យ​របស់​ពួក​គេ​ម្នាក់​ៗ ដែល​នឹង​អាច​ឲ្យ​អ្នក​កាន់​តែ​ជឿជាក់​ថា​អ្នក​អាច​ជ្រើសរើស​មនុស្ស​ឲ្យ​ត្រូវ​នឹង​ការងារ​បាន​ពិត​ប្រាកដ ព្រោះ​ការ​ដែល​អ្នក​កាន់​តែ​ស្គាល់​កូន​ចៅ​ដោយ​ការ​ ចេះ​យក​ចិត្ត​កូន​ចៅ​ដាក់​ក្នុង​ចិត្ត​អ្នក នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ងាយ​​ក្នុង​ការ​ចាត់ចែង​ការងារ មិន​ថា​ជា​ការ​ផ្ដល់​ការងារ ការ​ផ្ដល់​រង្វាន់ ការ​ផ្លាស់ប្ដូរ​តំណែង ឬការ​ដាក់​ទោស។  

៣. ជួយ​កូន​ចៅ​ឲ្យ​បាន​រីក​ចម្រើន  

​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​អភិវឌ្ឍ​ មិន​ចង់​នៅ​កន្លែង​ដដែល ហើយ​កូន​ចៅ​របស់​អ្នក​ក៏​ដូច​គ្នា។ បើ​ទោះ​ជា​គេ​អាច​នឹង​មិន​និយាយ​ចេញ​ឲ្យ​អ្នក​បាន​ឮ ប៉ុន្តែ​វា​​មិនមែន​ជា​ហេតុផល​ដែល​អ្នក​ត្រូវ​បង្ខាំង​គេ​នៅ​តំណែង​ដដែល​នោះ​ទេ។ បើ​សិន​បុគ្គលិក​របស់​អ្នក​មាន​សមត្ថភាព​ និង​ធ្វើ​ឲ្យ​អ្នក​បាន​ឃើញ​យ៉ាង​ច្បាស់​ហើយ​ថា​​គេ​អាច​នឹង​អភិវឌ្ឍ​ខ្លួន​ទៅ​មុខ​បាន​បន្ត​ទៀត អ្នក​គួរ​តែ​គាំទ្រ និង​បណ្ដុះបណ្ដាល​កូន​ចៅ​ឲ្យ​​បាន​ទទួល​ឱកាស​។ កត្តា​សំខាន់​ៗ​ដែល​អ្នក​អាច​ពិចារណា​មុន​នឹង​ដំឡើង​តំណែង​កូន​ចៅ​​មាន​ដូច​ជា មាន​សក្ដានុពល​អាច​ធ្វើ​ឲ្យ​ស្ថាប័ន​រីកចម្រើន មាន​ទស្សនៈវិស័យ​ល្អ​ក្នុង​ការ​គ្រប់គ្រង​មនុស្ស មាន​សមត្ថភាព​ដែល​អាច​វាស់​វែង​​តាម​លទ្ធផល​ការងារ និង​មាន​ភាព​ម៉ឺងម៉ាត់​ក្នុង​ការ​ធ្វើ​ការ​ឲ្យ​បាន​ជោគជ័យ​ជា​ដើម។  

៤. យល់​ដឹង​ពី​ជីវិត​កូន​ចៅ​ក្រៅម៉ោង​ធ្វើ​ការ និង​បង្កើន​ភាព​ស្និទ្ធស្នាល

  អត្តចរិត​ពេល​ធ្វើ​ការ និង​ក្រៅ​ពេល​ធ្វើ​ការ​របស់​​បុគ្គលិក ប្រាកដ​ជា​មាន​ភាព​ខុស​ប្លែក ទោះ​មិន​ច្រើន ក៏​តិច។ បើ​ទោះ​បី​ពេល​វេលា​ក្រៅម៉ោង​ធ្វើ​ការ​គឺ​ជា​ពេល​ឯកជន​ក៏​ពិត​មែន ប៉ុន្តែ​ប្រសិន​បើ​ក្នុង​ឋានៈ​អ្នក​ជា​មេ​ដឹកនាំ​មាន​ឱកាស​បាន​ស្គាល់ និង​បាន​ឃើញ​ពី​បុគ្គលិកលក្ខណៈ​តាម​ជ្រុង​មួយ​ទៀត​របស់​បុគ្គលិកខ្លះ វា​នឹង​បង្ក​ឲ្យ​មាន​ការ​ជឿជាក់​គ្នា និង​ការ​ធ្វើ​ការ​កាន់​តែសប្បាយរីករាយ ដូច​ជា​ការ​ណាត់​គ្នា​ញ៉ាំអី​​ក្រោយ​ចប់​ម៉ោង​ធ្វើ​ការ ឬ​ទៅ​ជប់លៀង​នៅ​តំបន់​រមណីយដ្ឋាន​ណា​មួយ​ជាមួយ​គ្នា ដែល​ធ្វើ​ឲ្យ​កូន​ចៅ​របស់​អ្នក​នឹង​អាច​បើក​ចិត្ត និង​ទទួល​យក​អ្នក​កាន់​តែ​ច្រើន។ ទោះ​យ៉ាង​ណា​ការ​ធ្វើ​បែប​នេះ​ក៏​ត្រូវ​ធ្វើ​ក្នុង​កម្រិត​ដែល​គួរ​សម ពុំ​ដូច្នោះ​ទេ​ការ​ដែល​ជប់លៀង​ច្រើន​ពេក ឬការ​សប្បាយ​រហូត​ភ្លេច​ខ្លួន ក៏​អាច​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ការ​ជឿជាក់​បាន​ដូច​គ្នា។ ការ​ស្គាល់​ពី​​បុគ្គលិក​អ្នក​កាន់​តែ​ច្រើន នឹង​ធ្វើ​ឲ្យ​អ្នក​និង​កូន​ចៅ​មាន​បទពិសោធន៍​រួម​គ្នា និង​បង្កើត​ភាព​រួម​គ្នា​ជា​ក្រុម ក្នុង​ក្រុម​ការងារ​អ្នក​បាន​ថែម​ទៀត​ផង។  

ការ​ធ្វើ​ជា​អ្នក​ដឹកនាំ​​គេ​នោះ​មិន​លំបាក​នោះ​ទេ ប៉ុន្តែ​ការ​ធ្វើ​ជា​អ្នក​ដឹកនាំ​ដែល​ទទួល​បាន​ការ​គោរព​ ឬ​ជឿជាក់​ពី​កូន​ចៅ​ទើប​ជា​រឿង​ពិបាក ដែល​ទាំង​នោះ​គឺ​ស្ថិត​នៅ​លើ​ខ្លួន​អ្នក​ផ្ទាល់​ថា​​រៀប​ចំ​ខ្លួន​ឲ្យ​ចូល​ជាមួយ​ពួក​គេ​​យ៉ាង​ណា​ឲ្យ​សមរម្យ ដើម្បី​ធ្វើ​ឲ្យ​បុគ្គលិក​របស់​អ្នក​ព្រម​ទទួល​ស្គាល់​អ្នក និង​ធ្វើ​ការ​ឲ្យ​អ្នក​បាន​យ៉ាង​ពេញ​ប្រសិទ្ធិភាព​ដោយ​ពេញចិត្ត​ខ្លាំង​បំផុត ៕

ប្រភព៖ yengobuzz ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម