"ផ្កា​ស្រទាប់​ពេជ្រ" មេរៀន​មនុស្ស​ស្រី​ក្រោយ​លែងលះ​របស់ Aff ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សរសើរ​នាង​​ស្ទើរ​ពេញ​ប្រទេស

  • 2018-11-12 05:05:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ព័ត៌មាន​អំពីការ​បើក​ចំហ​​ទំនាក់ទំនង​ស្នេហា​រវាង​តារា​សម្ដែង​ស្រី Matt Peeranee និង​សេដ្ឋី​ពោះម៉ាយ Songkran ដែល​ជា​អតីត​ស្វាមី​របស់​តារា​សម្ដែង Aff Taksaorn បាន​ក្លាយ​ជា​ប្រធានបទ​ពេញនិយម​ជាង​គេ​ក្នុង​ប្រទេស​ថៃ​ថ្មី​ៗ​នេះ។ មាន​ការ​លើក​ឡើង​ជា​ច្រើន​ថា​ Matt និង Songkran បាន​ទាក់ទង​គ្នា​តាំង​ពី​ Songkran និង Aff មិន​ទាន់​លែងលះ ដែល​ធ្វើ​ឲ្យ​មហាជន​មាន​ការ​អាណិត​អាសូរ​ខ្លាំង​ដល់​ Aff ដែល​ត្រូវ​ចុះ​ចេញ​មក​រស់​នៅ​ម្នាក់​ឯង​ជាមួយ​កូន​តូច។ ខាង​ក្រោម​នេះ​ជា​អត្ថបទ​មួយ​ដែល​អ្នក​គាំទ្រ​ម្នាក់​បាន​សរសេរ​រៀបរាប់​ពាក់ព័ន្ធ​អំពី Aff Takasorn និង​ត្រូវ​បាន​ចែកចាយ​រាប់​សែន​ដង​លើ​បណ្ដាញ Facebook៖

មើល​ឃើញ​ស្នាម​ញញឹម​ស្រគត់ស្រគំ​របស់​មនុស្ស​ស្រី​ដែល​មាន​ឈ្មោះ Aff Taksaorn ហើយ​​ទឹក​ភ្នែក​ខ្ញុំ​ក៏​ហូរ។ ខ្ញុំ​​ស្រលាញ់​នារី​ម្នាក់​នេះ​ខ្លាំង​ណាស់ នារី​ដែល​មាន​លើស​ពី​ពាក្យ​ថា “រឹង​មាំ”។ នាង​ស្គាល់​ពី​តម្លៃ​របស់​ខ្លួន​ឯង អាច​នាំ​ខ្លួន​ឯង និង​បេះដូង​ខ្លួន​ឯង​មក​កន្លែង​សុវត្ថិភាព​ល្អ ពេល​ដឹង​ថា ទី​កន្លែង​ណា​មួយ​មិន​មែន​ជា​ទី​កន្លែង​សម្រាប់​នាង។ នាង​មិន​បាន​យំ​សោក​ នាង​គ្រាន់​តែ​ញញឹម​តិច​ៗ ហើយ​ដើរ​ចេញ​ពី​កន្លែង​ដែល​នាង​បាន​រក​ឃើញ​ថា មិន​មែន​ជា​កន្លែង​របស់​នាង​ ហើយ​ក៏​មិន​សក្ដិសម​​ឲ្យ​នាង​នៅ​ត​ទៀត​ដែរ។ ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ដែល​អ្នក​កាសែត​បាន​សួរ​ថា នៅ​ថ្ងៃ​ចុះ​ចេញ​ពី​ផ្ទះ​របស់​ស្វាមី​ Aff មាន​យំ​ឬ​អត់? Aff មាន​សម្ងំ​យំ​តែ​ឯង​អី​ឬ​អត់?

នាង​ឆ្លើយ​ត្រឹម​ថា “អត់​​ទេ! ខ្ញុំ​អត់​បាន​យំ​ទេ ​ធម្មតា​ខ្ញុំ​ត្រូវ​ទៅ​ផ្ទះ​ខ្ញុំ​​មួយ​អាទិត្យ​ម្ដង​ស្រាប់​ហើយ ​គ្រាន់​តែ​​ពេល​នេះ​ខ្ញុំ​​​ទៅ​ផ្ទះ​ខ្ញុំ​ ហើយ​លែង​​​ត្រលប់​​វិញ​ប៉ុណ្ណឹង​ឯង”។ ខ្ញុំ​មើល​ឃើញ​ភាព​រឹងមាំ​ដូច​ពេជ្រ​របស់​​នាង​តាម​រយៈ​ប្រយោគ​នេះ។​

គ្មាន​នរណា​​មិន​ចង់​​ជោគជ័យ​ក្នុង​ជីវិត​ស្នេហា​ទេ ជា​ពិសេស​ចំពោះ​ស្នេហា​ដែល​បាន​ឆ្លង​កាត់​អាពាហ៍ពិពាហ៍​ និង​មាន​បុត្រ​ទៅ​ហើយ។ វា​ជា​ស្នេហា​ដែល​មាន​លើស​ពី​មនុស្ស​ពីរ​នាក់។ អ្នក​ណា​ទៅ​ដែល​មាន​ចង់​មាន​គ្រួសារ​ពេញលេញ។ ក្នុង​នាម​ខ្ញុំ​ជា​ម្ដាយ​ដូច​គ្នា ខ្ញុំ​ដឹង​ថា​វា​ពិបាក និង​ហត់នឿយ​កម្រិត​ណា​ បើ​យើង​ត្រូវ​ចិញ្ចឹម​កូន​តែ​ម្នាក់​ឯង។ រាល់​ថ្ងៃ​នេះ ខ្ញុំ​ធ្លាប់​បិទ​ភ្នែក​ហើយ​ស្រមៃ​ថា បើ​គ្មាន​ប្ដី​នៅ​ជាមួយ តើ​យើង​អាច​ឆ្លង​កាត់​រាល់​ថ្ងៃ​បាន​ដោយ​របៀប​ណា?

Aff និង​ស្វាមីកាលមិនទាន់ចែកផ្លូវគ្នា

បើ​ទោះ​បី​ភាគ​ច្រើន​ខ្ញុំ​ជា​អ្នក​មើល​កូន ប៉ុន្តែ​ប្ដី​គឺ​ជា​ភាព​កក់​ក្ដៅ។ ការ​ដែល​មាន​គេ ធ្វើ​ឲ្យ​​គ្រួសារ​មាន​ភាព​ពេញលេញ​មិន​ខ្វះ​ខាត ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​យើង​មិន​បាន​ឯកោ យើង​មាន​ដៃ​គូ​គំនិត​ដែល​នឹង​រួម​សុខ រួម​ទុក្ខ​ជាមួយ​គ្នា។ គ្រប់​បញ្ហា​ពាក់ព័ន្ធ​នឹង​កូន យើង​មាន​អ្នក​ដែល​ជួយ​ចែក​រំលែក។ នេះ​ហើយ​ដែល​ហៅ​ថា “គូ​ជីវិត”។

អារម្មណ៍​បែប​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ដែល​មិន​សូវ​មាន​សំណាង​ក្នុង​ជីវិត​គូ​ជា​ច្រើន មិន​រឹងមាំ​គ្រប់គ្រាន់​នឹង​ដើរ​ចេញ​ពី​ជីវិត​ដែល​​គ្មាន​ក្ដី​សុខ​សម្រាប់​នាង ដោយ​គិត​ថា​ចង់​ថែ​រក្សា​ឲ្យ​គ្រួសារ​នៅ​ពេញលេញ ចង់​ឲ្យ​កូន​មាន​ឪពុក​ម្ដាយ​ជួបជុំ​គ្នា ដោយ​ភ្លេច​គិត​ថា​ភាព​ពេញលេញ​នៃ​គ្រួសារ​មិន​មែន​អាស្រ័យ​លើ​ចំនួន​សមាជិក​​នោះ​ទេ ប៉ុន្តែ​វា​អាស្រ័យ​លើ​ចង្វាក់​បេះដូង​របស់​យើង​ទៅ​វិញ។ នៅ​កន្លែង​ណា​មួយ​ហើយ​ធ្វើ​ឲ្យ​​បេះដូង​យើង​លោត​​ត្រូវ​ចង្វាក់ មិន​ឈឺចាប់ មិន​ប៉ះទង្គិច មិន​ធ្វើ​​​ឲ្យ​បេះដូង​អស់​កម្លាំង​រហូត​លែង​ចង់​​លោត​បន្ត ទី​នោះ​ហើយ​ដែល​យើង​គួរ​ផ្ញើ​ខ្លួន។ បេះដូង​របស់​កូន​បាន​ភ្ជាប់​ជាមួយ​បេះដូង​របស់​ម្ដាយ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ ដូច្នេះ​មាន​តែ​ម្ដាយ​ទេ​ដែល​ដឹង​ច្បាស់​ថា នឹង​ព្យាបាល​បេះដូង​របស់​កូន​​ដោយ​វិធី​បែបណា​ទើប​ល្អ​បំផុត។

មែន​ហើយ ម្ដាយ​គ្រប់​រូប​ដឹង​ច្បាស់ ហើយ​ម្ដាយ​ដូច​ជា Aff ក៏​ដូច​គ្នា។ យើង​មិន​ដឹង​ទេ​ថា ពី​ក្រោយ​ផ្ទៃ​មុខ​ស្រស់​ស្រទន់ និង​ស្នាម​ញញឹម​ស្រគត់​ស្រគំនោះ​ត្រូវ​ឆ្លង​កាត់​ស្នាម​ទឹក​ភ្នែក​ ​ភាព​លំបាកលំបិន​ ភាព​ឯកោ​កម្រិត​ណា ទម្រាំ​នាង​សម្រេច​ចិត្ត​ក្រោក​ឡើង​មក​ឱប​ខ្លួន​ឯង ឱប​កូន​តូច ហើយ​កាន់​ដៃ​គ្នា​ដើរ​ចេញ​មក​ដោយ​ខ្សែ​ភ្នែក​ជឿជាក់​ថា នឹង​គ្មាន​អ្វី​ដូចដើម​ត​ទៀត​ឡើយ។

នាង​មិន​​ដែល​និយាយ​អ្វី​ច្រើន​ក្រៅ​ពី​ឆ្លើយ​តប​សំណួរ​ដែល​នាង​អាច​ឆ្លើយ​តប​បាន សូម្បី​ការ​និយាយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​កិត្តិយស​ភាគី​ម្ខាង​ទៀត ក៏​នាង​មិន​ដែល​​ធ្វើ។ នាង​មិន​ចាប់​អារម្មណ៍​ទ្រព្យសម្បត្តិ មិន​ចាប់​អារម្មណ៍​ក្ដី​ស្រលាញ់​ដែល​ធ្លាប់​មាន ឬ​អតីតកាល​អ្វី​លើស​ពី​ថា​តើ​​ត្រូវ​​រក្សា​បេះដូង​ខ្លួន​ឯង និង​កូន​ស្រី​តូច​​​យ៉ាង​ណា​នោះ​ទេ។

នេះ​គឺ​ជា​មនុស្ស​ស្រី​ដ៏​មាន​តម្លៃ​ក្នុង​កែវ​ភ្នែក​របស់​ខ្ញុំ

មនុស្ស​ស្រី​ដែល​ “រឹងមាំ” ដោយ​មិន​បាច់​និយាយ​អួតអាង​ពី​តម្លៃ​របស់​ខ្លួន​ឯង។

មនុស្ស​ស្រី​ដែល "ស្រស់​ស្អាត" ទាំង​រូបរាង និង​បេះដូង​របស់​នាង។ នាង​មាន​គុណសម្បត្តិ​ជា "ផ្កា​ស្រទាប់​ពេជ្រ" ដែល​មាន​ទាំង​សម្រស់ និង​ភាព​រឹងមាំ។ នាង​មិន​បណ្ដោយ​ខ្លួន​រង​ទុក្ខ​តាម​បញ្ហា​ជីវិត នាង​មាន​​តែ​ក្រោក​ឡើង​ហើយ​តែង​ខ្លួន​ចេញ​ទៅ​ធ្វើ​ការ បំពេញ​តួនាទី​ជា​ម្ដាយ​ដោយ​មិន​ឲ្យ​ខ្វះ​ចន្លោះ។ នៅ​ពេល​មាន​ព័ត៌មាន​ផ្ទុះ​ឡើង​លើ​ជីវិត​នាង​ម្ដង​ទៀត នាង​ក៏​មិន​និយាយ​អ្វី​ក្រៅ​ពី​ញញឹម​និង​អរគុណ​សម្រាប់​គ្រប់​កម្លាំង​ចិត្ត​ចំពោះ​នាង ៕

ចុចអានបន្ត៖

ប្រភព៖ babybohemian ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម