ស៊ី​លុយ​​១​រឿង ៤៣​លាន​ដុល្លារ​​​ Angelababy ត្រូវ​រិះគន់​លាន់​ព្រោះ​សម្ដែង​អន់​ពេក

  • 2018-10-22 04:07:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មាន​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក និង​ច្រើន​ជាង​មិត្ត​រួម​សម្ដែង​របស់​ខ្លួន​ដាច់ តែ​ក្នុង​ខ្សែភាពយន្ត​ភាគ “Entrepreneurial Age” តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Angelababy ត្រូវ​គេ​បញ្ចេញ​មតិ​អវិជ្ជមាន​យ៉ាង​ខ្លាំង​ពេល​គ្មាន​ធ្វើ​អ្វី​ក្រៅ​ជ្រួញ​ចិញ្ចើម និង​បើ​ក​ភ្នែក​ឲ្យ​ធំ​ៗ។

ខ្សែ​ភាពយន្ត​ភាគ “Entrepreneurial Age” គឺ​ជា​វណ្ណកម្ម​​ថ្មី​បំផុត​របស់​តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Angelababy ក្រោយ​ពេល​នាង​សម្រាល​កូន​ដំបូង​រួច។ ដោយ​ទទួល​រង​ការ​រិះគន់​ពី​រឿង​មុន​ៗ​ច្រើន​ពេក សម្រាប់​រឿង​ថ្មី​នេះ ស្រី​ស្អាត​វ័យ​២៩​ឆ្នាំ​បាន​ជួល​គ្រូ​សម្ដែង​មក​បំប៉ន​បន្ថែម​ដល់​ផ្ទះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ កំឡុង​ពេល​ថត ប្រពន្ធ​របស់ Huang Xiaoming បាន​ឈឺ​ពោះ និង​ក្ដៅ​ខ្លួន​ដល់​៤០​អង្សារ​តែ​នៅ​តែ​ប្រឹង​ថត​ដល់​ចប់។

ខ្សែ​ភាពយន្ត​ថ្មី​នេះ គឺ​និយាយ​ពី​ជីវិត​យុវវ័យ​ដែល​ចេញ​ពី​សាលា​ហើយ​ចាប់​ផ្ដើម​អាជីព​សម្រាប់​ខ្លួន​ឯង។ រ៉ាប់រង​តួ​អគ្គនាយក​ស្រស់​ស្អាត វ័យ​ក្មេង និង​មាន​ឥទ្ធិពល Angelababy បាន​ធ្វើ​ឲ្យ​គេ​មិន​សរសើរ​មិន​បាន​ជាមួយ​រូប​សម្បត្តិ​របស់​ខ្លួន។ យ៉ាងណាក្ដី ការ​សម្ដែង​របស់​នាង​ត្រូវ​គេ​វាយ​តម្លៃ​ថា​គ្មាន​ទៅ​មុខ​សូម្បី​បន្តិច នៅ​តែ​ជ្រួញ​ចិញ្ចើម ហើយ​ប្រឹង​ក្រឡឹង​ភ្នែក​ដូច​មុន​ដដែល។ ទស្សនិកជន​តាម​ដាន​រឿង​បាន​បញ្ចេញ​មតិ​ថា សម្រាប់​តម្លៃ​ខ្លួន​៥​លាន​យាន់​១​ភាគ ហើយ​រឿង​មាន​ប្រវែង​៦០​ភាគ​នោះ អ្នក​ម្ដាយ​កូន​១​បាន​យក​លុយ​របស់​អ្នក​វិនិយោគ​ដល់​ទៅ​ ៣០០​លាន​យាន់ (៤៣​លាន​ដុល្លារ) តែ​នាង​មិន​ស័ក្ដិសម​នឹង​តម្លៃ​នេះ​សោះ ព្រោះ​នៅ​មាន​តារា​ផ្សេង​ដែល​ស៊ី​តិច​ជាង​ហើយ​សម្ដែង​បាន​ល្អ​ជាង​ឆ្ងាយ​ណាស់។

ទន្ទឹម​នឹង​គ្នា​នោះ​ដែរ ចំនួន​អ្នក​ទស្សនា​របស់​រឿង​ក៏​ធ្លាក់​ចុះ​ដែរ ដោយ​ភាគ​ថ្មី​បំផុត​មាន​អត្រា​តែ​០,២% តែ​ប៉ុណ្ណោះ។ រីឯ​ពិន្ទុវិញ​បាន​ធ្លាក់​ពី​៣,៩ មក​សល់​ត្រឹម​ ៣,៦ តែ​ប៉ុណ្ណោះ ដោយ​ភាគ​​ដែល​មាន​ពិន្ទុ​ទាប​ជាង​គេ​គឺ​២​ពិន្ទុ​គត់​លើ​១០​ពិន្ទុ។ មុន​នោះ​ដែរ រឿង​របស់​តារា​ស្រី​កើត​ឆ្នាំ ១៩៨៩ ក៏​មិន​ដែល​ទទួល​បាន​ពិន្ទុ​លើ​សពី​៥​នោះ​ដែរ៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម