ហេតុអីពិបាកចិត្តច្រើនបើរឿងអនាគតអ្នកមើលមិនឃើញផង?
- 2018-09-23 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអីពិបាកចិត្តច្រើនបើរឿងអនាគតអ្នកមើលមិនឃើញផង?
មនុស្សមិនតិចនាក់ទេកំពុងព្រួយបារម្ភជាមួយអនាគតដែលមិនទាន់មកដល់។ មិនសំដៅថាមិនឱ្យអ្នកគិតពីវាទេ ព្រោះដំណើរជីវិតទាមទារឱ្យមានការរៀបចំគោលដៅពីបច្ចុប្បន្នទុកមុន ព្រមទាំងប្រមើលមើលលទ្ធផលដែលអាចកើតឡើងក្នុងពេលអនាគត គ្រាន់ថាបើសិនអ្នកច្របូកច្របល់ព្រោះតែអ្វីដែលមិនទាន់កើតនោះខ្លាំងពេកក៏មិនមែនជាការល្អប៉ុន្មានដែរ។ ខាងក្រោមនេះជាហេតុផលដាស់ស្មារតីមួយចំនួន ឱ្យអ្នកឈប់ពិបាកចិត្តព្រោះរឿងរ៉ាវដែលមិនទាន់កើតឡើងនោះ៖
**១. បច្ចុប្បន្នទើបជាអ្វីដែលពិតប្រាកដ៖** ស្ថានភាពនៅចំពោះមុខពេលនេះគឺ «បច្ចុប្បន្ន» វាជាអ្វីដែលអ្នកកំពុងប្រឈមមុខពិតប្រាកដ។ អ្នកអាចទទួលដឹងអារម្មណ៍គ្រប់រសជាតិស្របជាមួយនឹងអ្វីដែលកំពុងកើតឡើង ចំណែកឯអនាគតវិញគ្រាន់តែជាការស្រមើលស្រមៃ ប្រឌិតឡើងតាមគំនិតរបស់អ្នកតែប៉ុណ្ណោះ ទោះបីអ្នកមានអារម្មណ៍សប្បាយឬកើតទុក្ខព្រោះតែរឿងអនាគតក៏ដោយ វាក៏មិនមែនជាអារម្មណ៍ពិតដែរ។ អារម្មណ៍បែបនោះលេចឡើងស្របតាមគំនិតដែលអ្នករំពឹងទុក មិនដូចជាអារម្មណ៍ដែលបានមកពីស្ថានភាពពិតទេ។
២. ពេលវេលាជាអ្នកនាំផ្លូវ៖ អាចនិយាយបានថាអនាគតជារឿងកើតឡើងដោយអព្ភូតហេតុក៏បាន ព្រោះវាមិនបានផ្ញើសារឱ្យដំណឹងជាមុនទេ ហើយអ្នកក៏មិនអាចដឹងមុនដែរ ប៉ុន្តែពេលវេលានឹងធ្វើជាអ្នកនាំផ្លូវទៅកាន់អ្វីដែលមិនទាន់់កើតឡើងនោះ។ អ្វីដែលគួរកើតវាគង់នឹងកើតប្រសិនបើពេលវេលាសមគួរមកដល់ យ៉ាងណាក្តីយើងក៏មិនលើកទឹកចិត្តឱ្យអ្នកដេកចាំអព្ភូតហេតុដោយយកពេលវេលាធ្វើជាលេសរហូតដែរ។
៣. បារម្ភច្រើនធ្វើឱ្យច្របូកច្របល់៖ នរណាៗក៏ប្រាថ្នាចង់ឱ្យអនាគតខ្លួនត្រចះត្រចង់ដែរ ហើយហេតុផលបែបនោះហើយដែលធ្វើឱ្យអ្នកច្របូកច្របល់ និងបារម្ភច្រើន។ ដូចដែលបានរៀបរាប់នៅចំនុចទីមួយអ៊ីចឹង អនាគតគ្រាន់តែជាការស្រមើលស្រមៃដែលបំភាន់ភ្នែកប៉ុណ្ណោះ បើអ្នករវល់តែខ្វល់ខ្វាយពីអនាគតពេកធ្វើម្តេចនឹងអាចកសាងបច្ចុប្បន្នភាពបានល្អទៅ ម្យ៉ាងទៀតអ្នកក៏មិនមែនជាទេវតាទាយដឹងពីអនាគតច្បាស់ដូចការរំពឹងទុកមួយរយភាគរយដែរ៕
ចុចអាន៖ហេតុផលដែលធ្វើឲ្យមនុស្សម្នាក់ៗ ចាំបាច់ខំប្រឹងធ្វើអ្វីថ្មីៗជារៀងរាល់ថ្ងៃ
ចុចអាន៖តារាស្រី ៥ ដួងខំតស៊ូតាំងពីក្មេងទម្រាំល្បីឈ្មោះដូចពេលនេះ