ចង់​ជោគជ័យ​ អ្នក​ត្រូវ​បង្ខំ​ខ្លួន​ឯង​ឲ្យ​ធំធាត់ មិន​មែន​នៅ​កន្លែង​ដដែល​ឡើយ

  • 2018-09-14 08:00:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​ជា​ច្រើន​តែ​ចង់​ប្រាថ្នា​ថា​រស់​នៅ​សុខស្រួល មិន​ចង់​ពិបាក​ មិន​ចង់​នឿយ​ហត់​ឡើយ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ទៅ​គេ​វិញ​ថា តើ​មាន​របស់​ណា​បាន​មក​ដោយ​មិន​ចំណាយ​កម្លាំង​ទៅ​យក​វា​ទេ?

បើ​អ្នក​ចង់​បាន​ជីវិត​សុខ​ស្រួល ហេតុ​មិន​ព្រម​ខំ មិន​ព្រម​ធ្វើ​ឲ្យ​ខ្លួន​ឯង​លូតលាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទៅ? ឬ​មួយ​អ្នក​ចង់​អង្គុយ​មួយ​កន្លែង​ហើយ​ភាព​សុខ​ស្រួល​នោះ​ហោះ​មក​រក​អ្នក?

រូបតំណាង

អ្នក​ធ្លាប់​តូច​ចិត្ត​នឹង​ជីវិត​ខ្លួន​ឯង​អត់​ នៅ​ពេល​ឃើញ​អ្នក​ផ្សេង​គេ​មាន​សេចក្ដី​សុខ មាន​លុយ​ចាយ​ពេញ​ដៃ មាន​តំណែង​ខ្ពស់ មាន​មុខ​មាន​មាត់ ខណៈ​អ្នក​គ្មាន​អី​មួយ​ឲ្យ​ធំដុំ​សោះ។ អ្នក​ប្រហែល​អង្គុយ​អន់​ចិត្ត​នឹង​ខ្លួន​ឯង អ្នក​ប្រហែល​អង្គុយ​គិត​ថា ហេតុអី​វាសនា​គេ​ល្អ​ម្ល៉េះ​ ហេតុ​អី​គេ​កើត​មក​សំណាង​ម្ល៉េះ? ប៉ុន្តែ​តើ​អ្នក​មាន​ធ្លាប់​គិត​អត់​ថា​ទម្រាំ​គេ​ដើរ​មក​ដល់​ចំណុច​នេះ​ គេ​ត្រូវ​ឆ្លង​កាត់​អី​ខ្លះ គេ​ត្រូវ​លំបាក​អី​ខ្លះ តស៊ូ​យ៉ាង​ម៉េច​ខ្លះ ឬ​ក៏​អត់?

អ្នក​ត្រូវ​ចាំ​ណា គ្មាន​អ្នក​ណា​​ម្នាក់​មិន​ប្រឹង​ដើរ មិន​ប្រឹង​រត់ អាច​ដល់​គោលដៅ​ដែល​គេ​ចង់​បាន​នោះ​ទេ ដូច្នេះ​គ្រប់​គ្នា​ដែល​អ្នក​ឃើញ​ថា​គេ​ជោគជ័យ​នោះ សុទ្ធ​តែ​ព្យាយាម​ តស៊ូ​ណាស់​ក្នុង​ជីវិត​របស់​គេ។

បើ​អ្នក​នៅ​តែ​មាន​គំនិត​ក្មេង​ ប្រកាន់​ចរិត​កូន​ក្មេង​ក្នុង​ការ​ធ្វើ​ការ​នោះ អ្នក​គ្មាន​ថ្ងៃ​ជោគ​ជ័យ​ឡើយ។ កូន​ក្មេង​គឺ​ប្រើ​អារម្មណ៍​មក​ធ្វើ​ការ កូន​ក្មេង​តែង​តែ​ចង់​នៅ​កន្លែង​ដែល​សុខ​ស្រួល កូន​ក្មេង​មិន​ដែល​គិត​អី​បាន​វែង​ឆ្ងាយ​នោះ​ទេ ដូច្នេះ​បើ​អ្នក​ចង់​សម្រេច​ក្ដី​ស្រមៃ​អ្នក ត្រូវ​ហ្វឹក​ហាត់​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​មនុស្ស​ធំ ឲ្យ​ខ្លួន​ឯង​លូតលាស់​ធំធាត់ មិន​មែន​នៅ​កន្លែង​ដដែល​នោះ​ទេ។

រូបតំណាង

​បើ​ខ្លួន​ឯង​មិន​ព្រម​ធំ​ធាត់​ទេ កុំ​សួរ​ថា​ហេតុ​អី​ជីវិត​អ្នក​គ្មាន​ការ​ផ្លាស់​ប្ដូរ? បើ​អ្នក​ពិត​ជា​ចង់​ផ្លាស់​ប្ដូរ​ទោះ​ចង់​ឬ​មិន​ចង់​អ្នក​ត្រូវ​បង្ខំ​ខ្លួន​ឯង​ឲ្យ​ផ្លាស់​ប្ដូរ​មុន​សិន បន្ទាប់​មក​គ្រប់យ៉ាង​នឹង​ប្រែប្រួល ហើយ​អ្នក​នឹង​មើល​ឃើញ​វា។

រៀប​ចំ​ជីវិត​ខ្លួន​ឯង​ឲ្យ​បាន​ល្អ មាន​របៀបរៀបរយ និង​ត្រូវ​បោះ​ជំហាន​ទៅ​មុខ​ជានិច្ច​ ព្រោះ​នៅ​មាន​របស់​ជា​ច្រើន​ដែល​អ្នក​ត្រូវ​ស្គាល់ ដែល​អ្នក​ត្រូវ​ធ្វើ ដូច្នេះ​មិន​អាច​ឲ្យ​ជីវិត​ខ្លួន​នៅ​នឹង​ថ្កល់​នោះ​ឡើយ៕​

ចុចអាន៖​សម្ដី​មាស​ខុងជឺ៖ ឧស្សាហ៍​ខុស​ក្បួន ៥ប្រការ​ដែល​ប្រឹង​យ៉ាង​ណា​ក៏​នៅ​តែ​ក្រ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម