គាថា​មាស​ទាំង ៧ដែល​ធ្វើ​ឲ្យ​ជីវិត Ann Thongprasom ពោរពេញ​ដោយ​ជោគជ័យ​និង​ក្ដី​សុខ

  • 2018-09-12 08:07:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ឈ្មោះ​ជា​កំពូល​តារា​ស្រី​ក្នុង​វិស័យ​សិល្បៈ​ថៃ Ann Thongprasom ក្រៅ​ពី​មាន​រូបរាង​ស្រស់​ស្អាត និង​សមត្ថភាព​ពេញ​ខ្លួន​ហើយ ថាមពល​នៃ​ការ​ធ្វើ​ការ​របស់​តារា​រូប​នេះ​ក៏​មិន​ដែល​ថមថយ ដោយ​ស្ទើរ​តែ​គ្មាន​នរណា​ម្នាក់ ឬ​អ្វី​មួយ​ដែល​អាច​ធ្វើ​ឲ្យ​នាង​ចុះចាញ់ និង​ហត់​នឿយ​ងាយ​ៗ​ឡើយ។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​ចែក​រំលែក​របស់ Ann Thongprasom អំពី​​រូបមន្ត​ចំនួន ៧​ដែល​អាច​ចាត់​ទុក​ថា​ជា​គាថា​មាស​ដែល​ធ្វើ​ឲ្យ​ជីវិត​នាង​ពោរពេញ​ដោយ​ក្ដី​សុខ និង​ជោគជ័យ៖

១. ស្រលាញ់​អ្វី​ដែល​ខ្លួន​ធ្វើ

Ann ដឹង​ថា​ខ្លួន​មាន​សំណាង​ណាស់​ដែល​បាន​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់​បំផុត។ ​ខ្ញុំ​​ជឿ​ថា បើ​យើង​ស្រលាញ់​អ្វី​ យើង​នឹង​ធ្វើ​វា​បាន​ផល​ល្អ។ បើ​យើង​ធ្វើ​ការ​ចេញ​ពី​ចិត្ត ទោះ​បី​ហត់​នឿយ​ប៉ុណ្ណា ក៏​យើង​មាន​កម្លាំង​ក្រោក​ពី​គេង​លឿន​រាល់​ព្រឹក​ដើម្បី​ធ្វើ​វា​ដែរ។

២. ​បើ​ធ្វើ​អ្វី​គឺ​ធ្វើ​​អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត

ក្នុង​ការ​ធ្វើ​ការ Ann កំណត់​ខ្លួន​ឯង​ថា ត្រូវ​បំពេញ​តួនាទី​ និង​ការងារ​ដែល​ខ្លួន​ទទួល​បាន​​ឲ្យ​ល្អ​បំផុត និង​ត្រូវ​ធ្វើ​ដោយ​​អស់​ពី​កាយ​ពី​ចិត្ត​​របស់​ខ្លួន។ បើ​យើង​ធ្វើ​អ្វី​អស់​ពី​សមត្ថភាព យើង​ក៏​មិន​បាច់​ខ្លាច​ថា​អ្នក​ណា​គិត​យ៉ាង​ម៉េច​ៗ​ឡើយ ហើយ​លទ្ធផល​យ៉ាង​ណា​គឺ​យើង​រីករាយ​នឹង​ទទួល​យក។

៣. មើល​ថែ​រាងកាយ និង​ផ្លូវ​ចិត្ត​ឲ្យ​បាន​រឹង​មាំ

សម្រាប់​រាង​កាយ Ann នឹង​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ឯង​រឹងមាំ​បំផុត ដើម្បី​មាន​កម្លាំង​ធ្វើ​ការ​ពេញ​ដៃ​ពេញ​ជើង។ ខ្ញុំចូល​ចិត្ត​លេងយូហ្កា​ណាស់ ព្រោះ​គ្រប់​ពេល​ដែល​ហាត់​ គឺ​មាន​អារម្មណ៍​ថា​ស្រួល​ខ្លួន និង​ធូរ​ស្រាល​អារម្មណ៍។ ចំណែក​ខាង​ផ្លូវ​ចិត្ត ​ខ្ញុំ​​​គិត​​​ថា​នៅ​កន្លែង​នីមួយ​ៗ​តែង​មាន​ទាំង​មនុស្ស​ល្អ និង​មនុស្ស​អាក្រក់ ប៉ុន្តែ​បើយើង​​មើល​ឃើញ​ថា​វា​ជា​បច្ច័យ​ខាង​ក្រៅ ដែល​យើង​មិន​អាច​គ្រប់គ្រង​បាន យើង​​ក៏​ត្រូវ​ត្រលប់​មក​ចាត់​ការ​ផ្លូវ​ចិត្ត​ខ្លួន​ឲ្យ​រឹងមាំ ដោយ​ការ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​ឲ្យ​បាន​ល្អ មាន​សតិ ចិត្ត​ត្រជាក់​ មិន​ត្រចៀក​ស្រាល។

៤. មិន​បៀតបៀន​អ្នក​ណា

Ann ជឿ​លើ​កម្ម​ផល​ច្រើន។ ខ្ញុំ​ជឿ​ថា​​បើ​យើង​ធ្វើ​អ្វី​មិន​ល្អ រឿង​មិន​ល្អ​នឹង​ត្រលប់​មក​រក​យើង។ កាល​នៅ​ក្មេង ​ខ្ញុំ​មាន​ឱកាស​តាម​យាយ​ទៅ​ស្ដាប់​ធម៌​ក្នុង​វត្ត​ញឹកញាប់ និង​ត្រូវ​អាន​សៀវភៅ​ធម៌​ឲ្យ​លោក​យាយ​ស្ដាប់​រហូត ហើយ​លោក​យាយ​ក៏​និយាយ​រឿង​ផ្សេង​ៗ​ឲ្យ​ស្ដាប់ និង​បង្រៀន​ឲ្យ​​​ខ្ញុំ​ធ្វើ​តាម។ ត្បិត​តែ​ពេល​នេះ​​ខ្ញុំ​​មិន​សូវ​បាន​ទៅ​វត្ត​ញឹកញាប់​ដូច​មុន ប៉ុន្តែ​​ខ្ញុំ​តែង​យក​អ្វី​ដែល​​ខ្លួន​បាន​រៀន​សូត្រ​មក​ប្រើ​ក្នុង​ជីវិត​ ដែល​ធ្វើ​ឲ្យ​ខ្លួន​មាន​ក្ដី​សុខ​ច្រើន។

៥. មិន​រត់​គេច​ពី​ការ​ផ្លាស់​ប្ដូរ

Ann មិន​ធ្វើ​អ្វី​ដដែល​ៗ​យូរ​ឡើយ ថែម​ទាំង​តែង​បង្វឹក​ឲ្យ​ចិត្ត​ខ្លួន​ទទួល​យក​ការ​ផ្លាស់​ប្ដូរ ដែល​នឹង​កើត​ឡើង​ក្នុង​អនាគត​ផង។ អនាគត​ជីវិត​យើង​នឹង​កាន់​តែ​ល្អ ឬ​កាន់​តែ​លំបាក​ ក៏​យើង​មិន​ដឹង ប៉ុន្តែ​ខ្ញុំ​ជឿ​ថា បើ​យើង​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ប្រឈម​ជាមួយ​អ្វី​ដែល​កើត​ឡើង និង​ធ្វើ​វា​ឲ្យ​ល្អ​បំផុត វា​ក៏​ប្រៀប​ដូច​ជា​យើង​មាន​ប្រព័ន្ធ​ការពារ​រឹងមាំ​មួយ​ដែរ។

៦. មិន​បោកប្រាស់​អ្នក​ដទៃ

Ann មិន​ដែល​កុហក​អ្នក​ណា​ឡើយ​ចំពោះ​រឿង​ដែល​ខ្លួន​កើត​មក​ក្នុង​គ្រួសារ​មិន​ពេញលេញ ជីវភាព​ក៏​លំបាក ព្រោះ​ Ann ពេញ​ចិត្ត​ដែល​បាន​រស់​នៅ​ជាមួយ​លោក​យាយ​ក្នុង​ផ្ទះ​តូច​ៗ។ ប្រសិន​បើ​លោក​យាយ​មិន​បាន​ផ្ដល់​ការ​អត់ធ្មត់ ភាព​រឹងមាំ និង​ភាព​ក្លាហាន​ក្នុង​ការ​ប្រឈម​​មុខ​នឹង​ការ​ពិត​ទាំង​អស់​នេះ ម្ល៉េះ​ Ann ប្រហែល​ជា​ត្រូវ​ដួល​យូរ​ហើយ នៅ​ពេល​ត្រូវ​ប្រឡូក​ក្នុង​សង្គម​ដែល​ពោរពេញ​ដោយ​ការ​តស៊ូ​ប្រកួតប្រជែង​បែប​នេះ។  

៧. ចេះ​អរគុណ​ក្ដី​សុខ​ដែល​ខ្លួន​មាន

Ann ត្រូវ​អរគុណ​លោក​យាយ​ដែល​បាន​ផ្ដល់​ជីវិត​ដ៏​មាន​ក្ដីសុខ ដែល​ជា​ឬស​គល់​ដ៏​ល្អ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ខ្ញុំ​នៅ​ពេល​នេះ។ Ann តែង​សម្លឹង​មើល​គ្រប់​យ៉ាង​ជុំវិញ​ខ្លួន​ថា​ជា​ក្ដី​សុខ ងាក​ទៅ​ខាង​ឆ្វេង​ដៃ​បាន​មើល​ភាព​យន្ត​ក៏​មាន​ក្ដីសុខ ងាក​ទៅ​ខាង​ស្ដាំ​ដៃ​បាន​អាន​សៀវភៅ ឬ​និយាយ​ជាមួយ​អ្នក​ដទៃ​ក៏​មាន​ក្ដីសុខ ដូច្នេះ​ហើយ​នៅ​ពេល​យើង​មាន​ក្ដី​សុខ យើង​គួរ​តែ​អរគុណ​វា​ទៅ។ ជីវិត​មនុស្ស​មាន​ច្រើន​រសជាតិ ទុក្ខ​ខ្លះ​សុខ​ខ្លះ​ខុស​ៗ​គ្នា ដូច្នេះ​ហើយ​យើង​គួរ​ផ្ដោត​លើ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​សុខ​វិញ​ប្រសើរ​ជាង មិន​ចាំ​បាច់​យក​ខ្លួន​ឯង​ទៅ​ប្រៀបធៀប​ជាមួយ​នឹង​អ្នក​ដទៃ កុំ​គិត​ថា​ខ្លួន​ឯង​ខុស​ពី​អ្នក​ដទៃ នោះ​ចិត្ត​យើង​នឹង​អស់​ទុក្ខ​កង្វល់ ហើយ​នៅ​ពេល​ចិត្ត​យើង​អស់​ទុក្ខ​កង្វល់ វា​ក៏​ស្មើ​នឹង​មាន​ក្ដី​សុខ​ហើយ ៕

ចុចអាន៖

ប្រភព៖ rugyim ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម