៧មេរៀន​ជីវិត​​ដែល​គ្មាន​សាលាណា​បង្រៀន​ទាំង​អស់ ត្រូវ​រៀន និង​ចងចាំ​ដោយ​ខ្លួន​ឯង

  • 2018-09-09 04:15:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាលារៀន​គឺ​ជា​កន្លែង​ដែល​ផ្ដល់​ចំណេះដឹង​ឲ្យ​យើង តែ​មាន​រឿង​មួយ​ចំនួន​ គ្មាន​សាលា​ណា​អាច​បង្រៀន​យើង​បាន​ទេ តែ​អ្នក​ត្រូវ​ជួប​ផ្ទាល់ ទើប​ដក​ពិសោធន៍​បាន។

ពី​តូច​ដ៏​ធំ​ពេញ​វ័យ ពួក​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ឆ្លងកាត់​សាលា​ជា​ច្រើន។ រាល់​សាលា​និមួយ​ៗ​សុទ្ធ​តែ​បន្សល់​ឲ្យ​យើង​ចំណេះ​ដឹង​ជា​ច្រើន។ យ៉ាងណាក្ដី ដល់​ពេល​ពេញ​វ័យ​ មាន​មេរៀន​ជីវិត​ជាច្រើន​ដែល​មាន​តែ​យើង​ ទើប​អាច​បង្រៀន​ខ្លួន​ឯង​បាន ព្រោះ​ទោះ​ចង់​បង់​លុយ​ទៅ​រៀន​ក៏​មេរៀន​ទាំង​នេះ​មិន​អាច​រៀន​បាន​ដែរ។

រូបតំណាង

**១.** រាល់​ការ​ប្រៀបធៀប​រវាង​មនុស្ស​ម្នាក់ និង​ម្នាក់​ទៀត​គឺ​ខុស​ទាំង​អស់​ព្រោះ​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​មាន​គំនិត គោលដៅ និង​ការ​រស់​នៅ​ផ្សេង​គ្នា។ រស់​យ៉ាងម៉េច​ឲ្យ​តែ​ខ្លួន​មាន​សេចក្ដី​សុខ​ទៅ​បាន​ហើយ។

២. នៅ​លើ​លោក​នេះ គ្មាន​អ្នក​ណា​ដែល​បាត់បង់​អ្វី​ម្យ៉ាង​ហើយ​មិន​អាច​រស់​នៅ​បាន​នោះ​ទេ ដូច​នេះ​កុំ​រស់​ក្នុង​អតីតកាល​ទៀត ត្រូវ​រស់​នៅ​បច្ចុប្បន្នកាល។

៣. ជីវិត​នៅ​កន្លែង​ការងារ​ប្រៀបដូច​សង្គម​រួម​តូច​មួយ ជា​កន្លែង​ដែល​អ្នក​នឹង​ជួប​មនុស្ស​ជា​ច្រើន កន្លែង​ដែល​នឹង​កើត​ហេតុការណ៍​ជាច្រើន ហើយ​អ្នក​ត្រូវ​តែ​រឹងមាំ​បើ​មិន​ចង់​ត្រូវ​គេ​ជាន់​ទេ។ ចង់​ដឹង​ជីវិត​រស់​នៅ​ក្នុង​វាំង​របស់​ពួក​អ្នក​ម្នាង​ជំនាន់​មុន​យ៉ាងម៉េច មិនបាច់​វិល​ពេល​វេលា​ត្រលប់​ក្រោយ​ទេ ទៅធ្វើ​ការ​គឺ​ដឹង​ហើយ។ គ្មាន​ថ្ងៃ​ណាមួយ​ដែល​រំលង​ទៅ​ដោយ​គ្មាន​រឿង​ទេ។ អ្នក​នៅ​តែ​ម្នាក់ឯង​ មិន​ប្រាកដ​ថា​គេ​មិន​មក​រក​រឿង​អ្នក​ឡើយ។

រូបតំណាង

៤. មិន​ប្រាកដ​ថា​ធ្វើ​បុណ្យ​គឺ​នឹង​បាន​បុណ្យ​មក​វិញ​ឡើយ ព្រោះ​អ្នក​ខ្លះ ធ្វើ​បុណ្យ​ក៏​ត្រូវ​រន្ទះ​បាញ់ តែ​បើ​សាង​បាប​វិញ ប្រាកដ​ជា​ទទួល​បាន​បាប​មិន​ខាន។ ដូច​នេះ​ទោះ​បី​ជា​សង្គម​ធ្វើ​ឲ្យ​អ្នក​អស់​ចិត្ត​ប៉ុណ្ណា ក៏​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ល្អ​ជា​និច្ច។

៥. និយាយ​ត្រង់​ក៏​ត្រូវ​តែ​ដឹង​កាលៈទេសៈ​ដែរ មិន​មែន​គ្រប់​ពេល​និយាយ​ត្រង់​គឺ​ល្អ​ឡើយ ព្រោះ​បំណង​ល្អ​របស់​យើង គេ​អាច​មើល​មិន​ឃើញ តែ​គិត​ថា​យើង​មាន​គំនិង​ផ្សេង​ទៅវិញ។ និយាយ​តិច​គិត​ច្រើន ទើប​ចម្រើន​យូរ។

៦. មិន​ថា​មនោសញ្ចេតនា​ស្នេហា ឬ​មនោសញ្ចេតនា​មិត្តភ័ក្ដិ​នោះ​ឡើយ គឺ​ប្រៀប​ដូច​ជញ្ជីង​ដែរ គឺ​សង​ខាង​ត្រូវ​ដាក់​ចិត្ត​កសាង​រួម​គ្នា បើ​មាន​ចិត្ត​ចេញ​មក​ពី​តែ​ម្ខាង​នោះ មិន​យូរ​មិន​ឆាប់ មនោសញ្ចេតនា​នោះនឹង​លែង​ស្មើ ហើយឈាន​ដល់​ទី​បញ្ចប់។

៧. ត្រូវ​ចាំ​ថាមាន​តែ​ឪពុក​ម្ដាយយើង​​ប៉ុណ្ណោះ​ដែល​ស្រលាញ់​យើង​ឥត​ល័ក្ខខណ្ឌ ដូច​នេះ​កុំ​ដោយ​សារ​តែ​នរណាម្នាក់​យំ​សោក​បោក​ខ្លួន ចង់​សម្លាប់​ខ្លួន​នោះ។ ជីវិត​នេះ​គាត់​អ្នក​ផ្ដល់​ឲ្យ​យើង គាត់​មិន​ទារ​វិញ​ផង ម៉េច​ក៏​ដោយ​សារ​មនុស្ស​ក្រៅ​ម្នាក់ យើង​ចង់​បញ្ចប់​ជីវិត​ខ្លួន​ឯង​នោះ៕

រូបតំណាង

ចុចអាន៖

ប្រភព៖ Guu ប្រែសម្រួល៖ Caramel