ចង់ឲ្យថ្ងៃចុងសប្តាហ៍ បើកភ្នែកឡើងស្រស់ស្រាយភ្លាមដោយអនុវត្ត៧ចំណុចនេះ

  • 2018-07-22 02:30:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃចុងសប្តាហ៍ចូលមកដល់ហើយ តើអ្នកចង់ឲ្យថ្ងៃនេះពោរពេញទៅដោយភាពស្រស់ស្រាយមែនដែរអត់? បើពិតជាអីចឹងមែន កុំភ្លេចការអនុវត្ត ៧ចំណុចខាងក្រោមនេះ។

១. គិតរឿងល្អៗហើយញញឹម

បើកភ្នែកឡើងភ្លាម ទុក្ខទាំងប៉ុន្មានដាក់នៅមួយឡែកសិន។ គិតតែរឿងល្អៗ ហើយញញឹមទទួលថ្ងៃថ្មី ប្រៀបបានដូចជាអ្នកផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង និងនាំលាភសំណាងបានពេញមួយថ្ងៃ។

២. មិនគេងជ្រុលម៉ោង

អ្នកណាក៏ចង់គេងឲ្យបានយូរស្កប់ស្កល់ដែរ ព្រោះភាគច្រើនអាចឆ្លៀតពេលបានតែថ្ងៃចុងសប្តាហ៍នេះផង ប៉ុន្តែប្រសិនបើអ្នកគេងយូរពេករហូតដល់ថ្ងៃរះខ្លាំង ហួសម៉ោងបាយ វាពិតជាមិនល្អសម្រាប់សុខភាពទាល់តែសោះ ព្រោះរាងកាយមិនបានទទួលយកជាតិទឹកនិងចំណីអាហារដែលត្រូវការជាចាំបាច់នៅពេលព្រឹក។ ម្យ៉ាងវិញទៀត ការគេងយូរពេក អាចបណ្តាលឲ្យឈឺក្បាល និងមានអារម្មណ៍មិនល្អ។

៣. ហាត់ប្រាណ

បើសិនអ្នកជាមនុស្សរវល់ខ្លាំងមិនសូវមានពេលហាត់ប្រាណ ត្រូវព្យាយាមកុំឲ្យខាននៅថ្ងៃចុងសប្តាហ៍នេះ ព្រោះការហាត់ប្រាណមិនត្រឹមតែជួយធ្វើឲ្យសុខភាពល្អនោះទេ វាថែមទាំងអាចកាត់បន្ថយភាពតានតឹងបានទៀតផង។

៤. ធ្វើកិច្ចការផ្ទះនិងរៀបចំរបស់របរឲ្យមានរបៀប

ចង់ឲ្យអារម្មណ៍ស្រឡះ ដំបូងត្រូវរៀបចំផ្ទះឲ្យស្រឡះសិន ព្រមទាំងធ្វើកិច្ចការផ្សេងៗដែលត្រូវបញ្ចប់ឲ្យហើយដូចជា បោកខោអាវ សម្អាតបន្ទប់គេងជាដើម។ កុំទុកចោលនាំស្មុគស្មាញ អ្វីត្រូវធ្វើគួរធ្វើឲ្យរួចរាល់ មុនចេញទៅណាមកណា ទើបមិនខ្វល់ចិត្ត។

៥. គិតពីគម្រោងឬកន្លែងដែលត្រូវលំហែខួរក្បាលឲ្យហើយ

មុនថ្ងៃចុងសប្តាហ៍ចូលមកដល់ អ្នកគួរគិតពីអ្វីដែលខ្លួនឯងចង់ធ្វើ កន្លែងដែលចង់ទៅ មនុស្សដែលចង់ទៅជាមួយ ដើម្បីអាចសម្រាកលំហែខួរក្បាលឲ្យបានសប្បាយរីករាយ សមតាមបំណង។

៦. ធ្វើអ្វីដែលថ្មី

កុំធ្វើរឿងដដែលៗពេក ត្រូវចេះស្វែងរកនូវអ្វីថ្មីៗ ជួបមនុស្សថ្មីៗ ដែលអាចជួយអភិវឌ្ឍអ្នកឲ្យបានល្អប្រសើរជាងមុន មិនថាជាការងារសង្គម ការអានសៀវភៅ ឬការរៀនពីឧបករណ៍ភ្លេងក៏ដោយ គឺសុទ្ធតែមានប្រយោជន៍ ហើយវាគ្រាន់បើជាងការដែលអ្នកមិនធ្វើអ្វីទាល់តែសោះ។

៧. ចំណាយពេលជាមួយគ្រួសារ

ក្រៅពីការចំណាយពេលសម្រាប់ខ្លួនឯង ជាមួយមិត្តភ័ក្តិឬអ្នកដទៃរួចហើយ កុំភ្លេចដាច់ខាតគឺគ្រួសារ ព្រោះគ្រួសារជាដ៏ផ្នែកសំខាន់មួយនៅក្នុងជិវិត។ អ្នកគួរចេះបែងចែកពេលវេលាឲ្យបានត្រឹមត្រូវ ថាតើសប្តាហ៍ណាគួរទៅដើរលេងជាមួយមិត្តភ័ក្តិ ហើយសប្តាហ៍ណាគូរនៅជាមួយគ្រួសារ។ ធ្វើបែបនេះ មិនថាថ្ងៃចុងសប្តាហ៍មួយណាឡើយ អ្នកនឹងក្រោកមកដោយភាពស្រស់ស្រាយ និងមិនធ្វើឲ្យវា​អសារបង់៕

សូមឲ្យអ្នក​ទាំង​អស់​គ្នារីករាយនៅ​ថ្ងៃ​ចុងសប្តាហ៍!

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម