ភាពខុសគ្នារវាងមនុស្ស​ល្អ​ពិត​ និង​មនុស្ស​ផ្លែ​ល្វា ល្អ​តែ​ក្រៅ

  • 2018-06-21 04:52:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​គ្នា​ប្រហែល​ជា​ធ្លាប់​ជួប​មនុស្ស​ល្អ​តែ​ពី​មុខ​អ្នក​តែ​ក្រោយ​ខ្នង​ស្អុយ​រលួយ​ដូច​ជា​ផ្លែ​ល្វា។​ អំពើ​ទាំង​នោះ​មិន​យូរ​មិន​ឆាប់​គង់​តែ​មាន​អ្នក​ដឹង​ព្រោះ​មនុស្ស​ល្អ​ពិត​និង​មនុស្ស​ល្អ​ក្លែង​ក្លាយ​គឺ​មិន​ដូច​គ្នា​ទេ។​ ចង់​ដឹង​ថា​មនុស្ស​ពីរ​ប្រភេទ​នេះ​ខុស​គ្នា​យ៉ាង​ម៉េច​ មាន​តែ​មើល​ចំណុច​ខាង​ក្រោម​នេះ៖

១.​ គោរព​មនុស្ស​គ្រប់​គ្នា Vs ​មើល​ងាយ​មនុស្ស​គ្រប់​គ្នា

មនុស្ស​ល្អ​ពិត​តែង​តែ​គោរព​និង​ឱ្យ​តម្លៃ​គ្រប់​គ្នា​ជុំ​វិញ​ខ្លួន​។ រី​ឯ​មនុស្ស​លាក់​ពុត​វិញ​គោរព​តែ​មនុស្ស​ដែល​មាន​អំណាច​និង​មាន​ផល​ប្រយោជន៍​ឱ្យ​ខ្លួន ​ហើយ​តែង​តែ​មើល​ងាយ​អ្នក​គ្រប់​គ្នា​ហើយ​គិត​ថា​គេ​មិន​ដល់​ខ្លួន​។​

២.​ មិន​ងាយ​នឹង​បញ្ចេញ​អារម្មណ៍​ Vs​ ងាយ​លន់​តួ​អង្វរ​

មនុស្ស​ល្អ​ពិត​មិន​ងាយ​នឹង​លន់​តួ​អ្នក​ណា​ឡើយ​ ទោះ​បី​ជា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។​ គេ​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​ជា​ខ្លួន​គេ​ដោយ​មិន​គិត​ពី​សម្តី​អ្នក​ដទៃ។​ ចំណែក​ឯ​មនុស្ស​ល្អ​លាក់​ពុត​វិញ​ច្រើន​តែ​ខ្វាយ​ខ្វល់​ខ្លាច​អ្នក​ដទៃ​មិន​ពេញ​ចិត្ត​ខ្លួន​ ហើយ​ងាយ​នឹង​លន់​តួ​ដើម្បី​ឱ្យ​គេ​អាណិត​និង​ចូល​ចិត្ត។

៣.​ ដាក់​ខ្លួន​ Vs ​អួត​អាង

មនុស្ស​គេ​ល្អ​ពិត​មិន​ដែល​និយាយ​ពី​ខ្លួន​គេ​ ឬ​និយាយ​ពី​អ្វី​ដែល​គេ​មាន​និង​បាន​ធ្វើ​នោះ​ទេ​។ គេ​តែង​លាក់​ទុក​ម្នាក់​ឯង​ ហើយ​គិត​ថា​រឿង​បែប​នេះ​មិន​ចាំ​បាច់​ប្រាប់​ឱ្យ​គេ​ដឹង​ទេ។ សម្រាប់​មនុស្ស​ល្អ​ក្លែង​ក្លាយ​វិញ​តែង​តែ​អួត​ប្រាប់​គេ​ពី​អ្វី​ដែល​ខ្លួន​មាន​ពេល​ខ្លះ​លើស​ពី​ការ​ពិត​ ដើម្បី​ឱ្យ​គេ​ចាប់​អារម្មណ៍​។

៤.​ និយាយ​ពី​មុខ​ Vs និយាយ​ពី​ក្រោយ​

បើ​សិន​ជា​មាន​អ្វី​ចង់​និយាយ​មនុស្ស​ល្អ​ពិត​ច្រើន​និយាយ​ចំ​ពី​មុខ​ដោយ​មិន​លាក់​បាំង​។ គេ​អាច​នឹង​សំដី​មិន​ល្អ​តែ​មនុស្ស​ប្រភេទ​នេះ​និយាយ​ពី​អ្វី​ដែល​គេ​មាន​នៅ​ក្នុង​ចិត្ត។​ ប៉ុន្តែ​មនុស្ស​ល្អ​ផ្លែ​ល្វា​វិញ​ច្រើន​តែ​មាន​មុខ​ពីរ​ នៅ​ពី​មុខ​អ្នក​គេ​និយាយ​ល្អ​រហូត​តែ​នៅ​ពី​ក្រោយ​វិញ​គេ​មិន​ដែល​និយាយ​ល្អ​នោះ​ទេ។

៥.​ កាយ​វិការ​ Vs សម្តី​

មនុស្ស​ល្អ​ពិត​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត​ជា​ជាង​ចំណាយ​ពេល​និយាយ​និង​សន្យា​ពី​នេះ​ពី​នោះ។​​ រី​ឯ​មនុស្ស​បាន​តែ​មាត់​គឺ​ជា​មនុស្ស​ប្រភេទ​ផ្លែ​ល្វា​ គេ​ចូល​ចិត្ត​សន្យា​ហើយ​ធ្វើ​មិន​បាន​និង​មាន​លេស​មិន​ចេះ​ចប់។

៦.​ សរសើរ​ Vs បង្អាប់​

មនុស្ស​គេ​ល្អ​ពិត​ច្រើន​តែ​សរសើរ​អ្នក​ដទៃ​ពី​អ្វី​ដែល​គេ​ទទួល​បាន​។​ គេ​គិត​ថា​គេ​មិន​ល្អ​គ្រប់​គ្រាន់​ និង​ត្រូវ​រៀន​ពី​អ្នក​ដទៃ​ដើម្បី​អភិវឌ្ឍ​ខ្លួន​។ ចំណែក​មនុស្ស​ផ្លែ​ល្វា​តែង​តែ​រិះ​គន់​អ្នក​ដទៃ​ ហើយ​សប្បាយ​ចិត្ត​ពេល​ឃើញ​គេ​បរាជ័យ។

៧.​ ជួយ​ឥត​ដែន​កំណត់​ Vs ​ ជួយ​តែ​ខ្លួន​ឯង

មនុស្ស​ល្អ​ពិត​គេ​តែង​តែ​ជួយ​មនុស្ស​គ្រប់​គ្នា​គ្រប់​ពេល​ដោយ​ឥត​លក្ខខណ្ឌ​។ រី​ឯ​មនុស្ស​ល្អ​លាក់​ពុត​តែង​តែ​ជួយ​អ្នក​ផ្តល់​ប្រយោជន៍​ឱ្យ​ខ្លួន​វិញ​ ហើយ​ជួយ​ខ្លួន​ឯង​ច្រើន​ជាង​អ្នក​ដទៃ៕

ប្រភព៖ curejoy ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម