Janie ​បញ្ចេញ​​រូប​ផ្អែមល្ហែម​ជាមួយ​អនាគត​ប្ដី​ក្មេង​លើក​ទី​មួយ ក្រោយ​​ធ្លាយ​ដំណឹង​រៀបការ

  • 2018-06-11 08:09:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រយៈ​ពេល​ប្រហែល​ពីរ​​សប្ដាហ៍​កន្លង​ទៅ ព័ត៌មាន​លេចឮ​​​អំពី​​គម្រោង​​រៀប​ការ​របស់​តារា​សម្ដែង Janie Tienphosuwan និង​គូ​ស្នេហ៍​វ័យ​ក្មេង Mickey អតីត​ប្រុស​ស្អាត​ក្នុង​កម្មវិធី The Face បាន​ល្បី​សុសសាយ​តែ​ម្ដង​លើ​សារព័ត៌មាន និង​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​ថៃ។

​​ក្រោយ​ពី​លេចឮ​ដំណឹង​នេះ Janie មិន​បាន​​បដិសេធ ឬ​បក​ស្រាយ​អ្វី​ច្រើន​ឡើយ បើ​ទោះ​ជាមាន​អ្នក​កាសែត​ជជែក​សួរ​អំពី​ជីវិត​ស្នេហា​ថ្មី​នេះ​យ៉ាង​ណា​ក្ដី ដោយ​គ្រាន់​តែ​និយាយ​ថា​ពេល​នេះ​ខ្លួន​មាន​ក្ដី​សុខ​​ចំពោះ​គ្រប់​យ៉ាង ចំណែក​រឿង​ផ្សេង​នោះ​គួរ​តែ​ទៅ​សួរ​ខាង​ប្រុស​វិញ​ល្អ​ជាង ព្រោះ​​នាង​ជា​ខាង​ស្រី​មិន​ចង់​និយាយ​អ្វី​ច្រើន​ទេ។

យ៉ាង​ណា​មិញ​ នៅ​ព្រឹក​ថ្ងៃច័ន្ទ​នេះ តារា​សម្ដែង​ស្រី​ក្នុង​រឿង “ភ្លើងបុណ្យ” បាន​បង្ហោះ​រូប​គូ​ជាមួយ​​គូ​ស្នេហ៍​​ខ្លួន​លើក​ដំបូង​បន្ទាប់​ពី​មាន​ព័ត៌មាន​រៀបការ​នេះ។ មិន​ខុស​ពី​សម្ដី​ដែល​នាង​បាន​ផ្ដល់​សម្ភាស រូប​ថត​ពីរ​សន្លឹក​បាន​បង្ហាញ​ពី​ស្នាម​ញញឹម​​យ៉ាង​មាន​ក្ដី​សុខ​​របស់​ តារា​ស្រី​វ័យ ៣៦​ឆ្នាំ និង​គូ​ស្នេហ៍​វ័យ ២៤​ឆ្នាំ។

ផ្អែក​តាម​ប្រភព​ព័ត៌មាន តារា​ទាំង​ពីរ​ដួង នឹង​ត្រូវ​ចូល​រោងការ​នៅ​ថ្ងៃ​ទី ១៨ ខែ​តុលា ឆ្នាំ​២០១៨​នេះ​។ គួរ​បញ្ជាក់​ថា តារា​សម្ដែង Janie ធ្លាប់​រៀប​ការ​ម្ដង​ហើយ​កាល​ពី​ឆ្នាំ​​២០១៣ ជាមួយ​ស្វាមី​​វ័យ​ចាស់​ជាង​ខ្លួន ១៣ឆ្នាំ ប៉ុន្តែ​ក៏​បាន​លែងលះ​វិញ​ក្រោយ​រៀប​ការ​បាន​មួយ​ឆ្នាំ ៕

ប្រភព៖ Sanook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម