លែង​រអ៊ូ​រឿង​អស់​ភ្លើង​ច្រើន​! នារី​វៃ​ឆ្លាត ដឹង​វិធី​​​សន្សំ​សំចៃ​ថ្លៃ​ភ្លើង ​ដោយ​វិធី​ទាំង​នេះ​​

  • 2018-04-21 01:59:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ចំណាយ​លើ​ថ្លៃ​អគ្គិសនី​គឺ​ជា​ការ​លំបាក​មួយ​ក្នុង​ចំណោម​ការ​លំបាក​ផ្សេង​ទៀត​របស់​គ្រួសារ។ ដូច្នេះ​ហើយ នារី​ដែល​ជា​ភរិយា ឬ​កូន​ស្រី​វៃ​ឆ្លាត​គួរ​ដឹង​ពី​វិធី​សន្សំ​សំចៃ​ការ​ប្រើ​ប្រាស់​ថាមពល​ទាំង​នោះ ជាពិសេស​សម្រាប់​ឧបករណ៍​អេឡិចត្រូនិច​មួយ​ចំនួន​មិន​គួរ​ដោត​ចោល​២៤​ម៉ោង​ទេ ព្រោះ​ក្រៅ​ពី​អាច​សន្សំ​សំចៃ​ថ្លៃ​ភ្លើង វា​ក៏​អាច​ជួយ​អ្នក​ឱ្យ​ចៀស​ផុត​ពី​គ្រោះថ្នាក់​ដោយ​អគ្គិភ័យ​បាន​ដែរ។

Laptop

បើ​កាល​ណា​បញ្ចូល​ថ្ម​ពេញ​ហើយ គួរ​ដក​ឌុយ​ចេញ​ពី​ព្រី​ភ្លើង ព្រោះ​វា​នឹង​ស៊ី​ភ្លើង​តិច​ឬ​ច្រើន​អាស្រ័យ​ទៅ​តាម​ម៉ូដែល​ Laptop។

ដុំ​ Wi-Fi

បើ​អ្នក​ភ្ជាប់​អ៊ីនធឺណិត​នៅ​ផ្ទះ អ្នក​ច្បាស់​ជា​ត្រូ​វប្រើ​ដុំ​នេះ​មិន​ខាន ហើយ​វា​នឹង​ស៊ី​ភ្លើង​រហូត​ពេញ​២៤​ម៉ោង។ ដូច្នេះ​បើ​អ្នក​មិន​នៅ​ផ្ទះ ឬ​ពេល​យប់​គេង គួរ​តែ​ដក​ឌុយ​វា​ចេញ ដើម្បី​អាច​សន្សំ​សំចៃ​ថ្លៃ​ភ្លើង​បាន​ខ្លះ។

ប្រដាប់​ប្រដា​ផ្ទះ​បាយ

ប្រដាប់ប្រដា​ដូច​ជា ឆ្នាំ​ដាំ​បាយ ម៉ាស៊ីន​ក្រឡុក ប្រដាប់​កៀប​នំប៉័ង ម៉ាស៊ីន​កម្ដៅ​ម្ហូប​ មិន​គួរ​ដោត​ឌុយ​ចោល​រហូត​ទេ គួរ​ដក​ចេញ​ក្រោយ​ប្រើ​រួច។ ទោះ​បី​វា​មិន​សូវ​ស៊ី​ភ្លើង​ដូច​ឧបករណ៍​ដទៃ តែ​វា​អាច​បណ្ដាល​ឱ្យ​មាន​អគ្គិភ័យ​បាន​ដោយ​ប្រការ​ណា​មួយ​។

ទូរទស្សន៍

ចំណុច​នេះ​ មាន​មនុស្ស​តិច​ណាស់​ដែល​សុខ​ចិត្ត​ដក​ឌុយ​ទូរទស្សន៍​ចេញ ក្រោយ​មើល​រឿង​ចប់​។ ប៉ុន្តែ​អ្នក​មាន​ដឹង​ទេ​ថា ឧបករណ៍​អេឡិចត្រូនិក​ប្រភេទ​នេះ ស៊ី​ភ្លើង​ខ្លាំង​ណាស់ ទោះ​បី​អ្នក​ចុច​បិទ​វា​ក៏​ដោយ​។

ក្រៅ​ពី​នេះ​នៅ​មាន​វិធី​មួយ​ចំនួន​ខាង​ក្រោម​ទៀត​នឹង​ជួយ​អ្នក​ឱ្យ​ប្រើ​ភ្លើង​អស់​តិច កាត់​ថ្លៃ​ចំណាយ​បាន​ច្រើន​៖

  • បើ​អ្នក​ដាក់​ម្ហូប​ក្នុង​ទូរ​ទឹក​កក​ពេញ វា​នឹង​ជួយ​កាត់​បន្ថយ​ថាមពល​ភ្លើង​ ជួយ​ឱ្យ​ម្ហូប​ក្នុង​នោះ​ត្រជាក់​បាន​យូរ

  • ចៀសវាង​ដាក់​ម្ហូប​ក្ដៅ​ក្នុង​ទូរ​ទឹក​កក ព្រោះ​វា​នឹង​ចូល​ទៅ​បញ្ឈប់​សីតុណ្ហភាព​ក្នុង​ទូរ​ មិន​ឱ្យ​ឡើង​ត្រជាក់​

  • គួរ​ប្រើ​កង្ហារ​ដែល​ស្វាន​ជាប់​ពិតាន ឬ​ជាប់​ជញ្ជាំង ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ម៉ាស៊ីន​ត្រជាក់​ ព្រោះ​កង្ហារ​ទាំង​នោះ​ស៊ី​ភ្លើង​តិច​ជាង

  • ខោ​អាវ​ដែល​បោក​រួច ត្រូវ​យក​មក​ហាល​ក្រោម​កម្ដៅ​ថ្ងៃ ព្យាយាម​កាត់​បន្ថយ​ការ​ប្រើ​វិធី​សម្ងួត​ដោយ​ម៉ាស៊ីន

  • ឧស្សាហ៍​ហៅ​ជាង​មក​សម្អាត​ម៉ាស៊ីន​ត្រជាក់​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ឆ្នាំ។ វា​អាច​ជួយ​ឱ្យ​ម៉ាស៊ីន​ដើរ​បាន​ល្អ និង​មិន​ប្រើ​ភ្លើង​ច្រើន៕​​

ប្រភព៖ fabiosa ប្រែ​សម្រួល៖ សរ សុគន្ធី