បើធ្លាប់​ច្រណែន​គេ​ដែល​ល្អ​ជាង​ខ្លួន​ គួរ​កែ​ប្រែ​ចេញ​តាម​វិធី​នេះ​មុន​ពេល​ជីវិត​អាប់អួ​លើសមុន

  • 2018-04-13 02:35:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដែល​សួរ​ខ្លួន​ឯង​ថា​ច្រណែន​គេ​បាន​អី​មក​វិញ​អត់ ក្រៅ​ពី​ក្ដៅ​ក្រហាយ​ខ្លួន​ឯង? បើ​ធ្លាប់​ច្រណែន​គេ​ដែល​ល្អ​ជាង​ខ្លួន​ គួរ​កែ​ប្រែ​ចេញ​តាម​វិធី​នេះ​មុន​ពេល​ជីវិត​អាប់អួ​លើស​មុន ព្រោះ​បើ​អ្នក​នៅ​តែ​បន្ត​ជីវិត​គ្មាន​អី​ក្រៅ​ពី​ដេក​ពិបាក​ចិត្ត ដេក​កើតទុក្ខ​ព្រោះ​តែ​គេ ហើយ​ស្អប់​ខ្លួន​ឯង​នោះ​ទេ ៖​

១. ឈប់​ប្រៀប​ធៀប

ឲ្យ​តែ​ការ​ប្រៀបធៀប​លេច​ចេញ​មក​ ការ​ច្រណែន​ក៏​តោង​មក​តាម​ដែរ ដូច្នេះ​អ្វី​ដែល​សំខាន់​បំផុត​អ្នក​ត្រូវ​ឈប់​ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​អ្នក​ដទៃ។ បើ​អ្នក​នៅ​តែ​ប្រៀបធៀប​ជីវិត​អ្នក​គ្មាន​សេចក្ដី​សុខ​ទេ​ព្រោះ​មនុស្ស​មាន​បុណ្យ​វាសនា មាន​ការ​តស៊ូ​ប្រឹងប្រែង​ខុស​គ្នា។

រូបតំណាង

**២. ចាប់​ផ្ដើម​មើល​ពី​ចំណុច​ល្អ​របស់​ខ្លួន**

មនុស្ស​ម្នាក់​ៗ​តែង​មាន​ចំណុច​ល្អ ចំណុច​ខ្លាំង​រៀង​ខ្លួន ហេតុ​អី​អ្នក​មិន​ព្រម​មើល​ឃើញ បែរ​ជា​មើល​ឃើញ​តែ​របស់​គេ​ទៅ​វិញ? ចាប់​ផ្ដើម​មើល​ពី​អ្វី​ដែល​ខ្លួន​ឯង​មាន​ ហើយ​ឈប់​មើល​ពី​គេ​ក្នុង​ន័យ​បង្អាប់​ខ្លួន​ឯង។

៣. ចេះ​ទទួល​យក​ និង​ផ្លាស់​ប្ដូរ

បន្ទាប់​ពី​មើល​ពី​ចំណុច​ដែល​ខ្លួន​ឯង​មាន​ហើយ អ្នក​ត្រូវ​ចេះ​ទទួល​យក​ចេះ​ស្រឡាញ់ រីឯ​ចំណុច​ខ្វះ​ខាត​វិញ​អ្នក​ត្រូវ​ចេះ​ផ្លាស់​ប្ដូរ និង​អភិវឌ្ឍ​វា​ទៅ​មុខ។ បើ​អ្នក​មិន​សូវ​មាន​លុយ​ដូច​គេ អ្នក​ត្រូវ​ប្រឹង​រក បើ​អ្នក​ស្អាត​ដូច​គេ​​អ្នក​ត្រូវ​ប្រឹង​ថែ​ខ្លួន ហើយ​បើ​អ្នក​មិន​សូវ​ចេះ​អ្នក​ត្រូវ​ប្រឹង​រៀន មិន​មែន​ដេក​តែ​ច្រណែន​គេ​អ្នក​ទទួល​បាន​អ្វី​ដូច​គេ​នោះ​ទេ។

៤. កុំ​សេពគប់​ជាមួយ​អ្នក​ដែល​ចូលចិត្ត​និយាយ​ដើម​គេ

គេ​ថា​ដើរ​ជាមួយ​បណ្ឌិត​យើង​នឹង​ក្លាយ​ជា​បណ្ឌិត ដើរ​ជាមួយ​ចោរ​យើង​នឹង​ក្លាយ​ជា​ចោរ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ជំងឺ​ច្រណែន​ឈ្នានីស​គេ​ចូល​ខ្លួន​ អ្នក​ក៏​ត្រូវ​មើល​មនុស្ស​មុន​ដែរ​មុន​ពេល​រាប់​អាន​គ្នា។ បើ​គេ​ជា​មនុស្ស​ដែល​ចូលចិត្ត​និយាយ​ដើម ច្រណែន​គេ អ្នក​ត្រូវ​ដើរ​ចេញ​ឲ្យ​ឆ្ងាយ។

៥. បណ្ដុះ​ចិត្ត​ឲ្យ​ត្រេកអរ​ជាមួយ​ជោគជ័យ​របស់​អ្នក​ដទៃ

កុំ​ឃើញ​គេ​មាន​ គេ​បាន គេ​ជោគជ័យ​ឲ្យ​ច្រណែន​គេ ស្អប់​គេ តែ​ត្រូវ​ចេះ​អបអរ​ជំនួស​គេ​នោះ​ទើប​ផ្លូវ​ចិត្ត​អ្នក​មិន​តានតឹង។ ឃើញ​គេ​ល្អ ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា​ប្រឹង​បន្តិច​ទៅ​យើង​នឹង​ល្អ​ដូច​គេ​ហើយ​កុំ​ច្រណែន​គេ​អី​ព្រោះ​នោះ​ជា​បុណ្យ ជា​ការ​ប្រឹងប្រែង​របស់​គេ៕

រូបតំណាង

ចុចអាន៖រាល់ថ្ងៃ​មនុស្ស​សប្បាយ​រីករាយ​តែង​ធ្វើ​រឿង​ ៦ យ៉ាង​នេះ ដើម្បី​សុភមង្គល​ខ្លួនឯង និង​អ្នក​ដទៃ

អត្ថបទ៖ ផេង ផលធិតា