សំបុត្រ​អ្នក​ម្ដាយ៖ ១០​​រឿង​បើ​កូន​ធ្វើ​បាន ពុក​ម៉ែ​ស្លាប់​បិទ​ភ្នែក​ជិត (កូន​​ៗ​ត្រូវ​អាន!)

  • 2018-04-02 08:55:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មូលហេតុ​ដែល​ម្ដាយ​​សរសេរ​សំបុត្រ​​​នេះ​ឲ្យ​កូន​គឺ​ដោយ​សារ៖

១. ​កូន​កំពុង​ស្ថិត​នៅ​វ័យ​ឈាម​រាវ ងាយ​ដើរ​ផ្លូវ​ខុស

២. មានរឿង​​ច្រើន​យ៉ាង​ដែល​ក្រៅ​ពី​ពុក​ម៉ែ​ គឺ​គ្មាន​អ្នណា​ហ៊ាន​និយាយ​ប្រាប់​កូន​ឡើយ

៣. ពាក្យ​សន្យា​រវាង​ពួក​យើង​គឺ ពុក​ម៉ែ​តាំង​ចិត្ត​ខំ​ប្រឹង​ធ្វើ​ការ​រក​លុយ ចំណែក​កូន​ត្រូវ​តាំង​ចិត្ត​ខិត​ខំ​រៀន​សូត្រ ដូច្នេះ​យើង​នឹង​មិន​ចាំ​បាច់​ខ្វល់ខ្វាយ​ពី​គ្នា​ច្រើន។

រឿង​ទី​១៖

មនុស្ស​យើង​មិន​ចាំបាច់​ទាល់​តែ​មាន​ការ​គិត​ធំ​ខ្ពស់ឡើយ ប៉ុន្តែ​មិន​អាច​គ្មាន​គោលដៅ​បាន​ទេ។ ចំពោះ​ការ​សិក្សា មិន​ថា​កន្លង​មក កូន​ព្យាយាម​ ឬ​ពូកែ​ខ្លាំង​កម្រិត​ណា ប៉ុន្តែ​បើ​ប្រឡង​មិន​ជាប់​ កូន​ក៏​ត្រូវ​ធ្លាក់។ ម៉ែ​សង្ឃឹម​ថា កូន​នឹង​យល់។ កិច្ចការ​សាលា​ច្រើន ឬ​​ត្រូវ​ទៅ​រៀន​​រាល់​ៗ​ថ្ងៃ មិន​​មែន​ពុក​ម៉ែ​ចង់​ធ្វើ​បាប​កូន​នោះ​ទេ ប៉ុន្តែ​វា​ជា​តួនាទី​របស់​កូន ដូច្នេះ​កូន​​ត្រូវ​ធ្វើ​វា​ឲ្យ​បាន​ល្អ។ ប៉ុននេះ​ ពុក​ម៉ែ​ក៏​សប្បាយ​ចិត្ត​ទៅ​ហើយ។

រឿង​ទី​២៖

កូន​គឺ​ជា​កូន​តែ​មួយ​របស់​ពុក​និង​ម៉ែ។​ ជា​ទូទៅ​ផ្ទះ​ណា​មាន​កូន​ទោល កូន​នោះ​ច្រើន​តែ​ក្លាយ​ជា​កូន​​ទេវតា (កូន​ទំនើង) ប៉ុន្តែ​នៅ​សាលា​មាន​កូន​ទេវតា​ច្រើន​ណាស់ គ្មាន​អ្នក​ណា​ចាប់​អារម្មណ៍​តែ​កូន​ឡើយ លុះ​ត្រា​តែ​​កូន​រៀន​បាន​ពិន្ទុ​ខ្ពស់​ៗ សមត្ថភាព​របស់​កូន​មាន​​ខ្លាំង​ជា​ង​អ្នក​ដទៃ ឬ​កូន​មាន​អ្វី​ពិសេស​ជាង​អ្នក​ដទៃ ទើប​លោក​គ្រូ​អ្នក​គ្រូ​មើល​ឃើញ​កូន​ជា​ពិសេស។ នៅ​ក្នុង​សង្គម​ក៏​ដូច​គ្នា ទៅ​អនាគត កូន​នឹង​ក្លាយ​ជា​សេដ្ឋី ឬ​អ្នក​ក្រ នៅ​ផ្ទះ​ខ្ទម ឬ​វីឡា​ស្កឹមស្កៃ ត្រូវ​អ្នក​ដទៃ​មើល​ងាយ ឬ​មិន​មើល​ងាយ គឺ​វា​អាស្រ័យ​លើ​ខ្លួន​របស់​កូន។

រឿង​ទី​៣៖

នៅ​ពេល​នេះ​កូន​គឺ​ជា​សិស្ស ការ​រៀន​គឺ​សំខាន់​បំផុត ប៉ុន្តែ​វា​មិន​មែន​​គ្រប់​យ៉ាង​នោះ​ទេ។ កូន​រៀន​បាន​ពូកែ​ប៉ុន្តែ​សុខភាព​មិន​សូវ​ល្អ ក៏​មិន​​កើត​​ដែរ​ណា​​កូន​ម្ដាយ។ គេ​​តែង​និយាយ​ថា ពេល​ជួបជុំ​មិត្ត​រួម​ជំនាន់​គឺ​តែង​និយាយ​អួត​គ្នា​រឿង​អស់​នេះ៖

អាយុ ២០ឆ្នាំ ​ប្រជែង​រឿង​​លទ្ធផល​សិក្សា

អាយុ ៣០​ឆ្នាំ ប្រជែង​រឿង​សមត្ថភាព​ធ្វើ​ការ

អាយុ ៤០ឆ្នាំ ប្រជែង​​រឿង​​បទពិសោធន៍

អាយុ ៥០ឆ្នាំ ប្រជែង​​រឿង​ទ្រព្យ​សម្បត្តិ

អាយុ ៦០ឆ្នាំ ប្រជែង​រឿង​កម្លាំង

អាយុ ៧០ឆ្នាំ ប្រជែង​រឿង​សំបុត្រ​ណាត់​ជួប​ពេទ្យ

អាយុ ៨០ឆ្នាំ ប្រជែង​គ្នា​រាប់​ថ្ងៃ​នៅ​រស់

រឿង​ទី​៤៖

អនាគត​របស់​​មនុស្ស​យើង ស្ថិត​នៅ​លើ​ចំណេះដឹង សមត្ថភាព និង​អត្តចរិត

ចំណេះដឹង បាន​មក​ពី​ការ​រៀន​សូត្រ

សមត្ថភាព បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ

អត្តចរិត ដុះដាល​មក​ពី​ទម្លាប់​​ជាប់​ខ្លួន​របស់​កូន។

ម៉ែ​ឃើញ​ថា​កូន​មិន​សូវ​មាន​ចិត្ត​អំណត់អត់ធន់​ប៉ុន្មាន​ទេ។ ឥលូវ​នេះ​នៅ​មិន​ទាន់​ហួស​ពេល​ទេ​ដែល​កូន​ត្រូវ​ហ្វឹកហាត់​ចិត្ត។ ម្ដាយ​សង្ឃឹម​ថា​ទៅ​អនាគត អ្វី​ដែល​កូន​ធ្វើ មិន​ថា​ជា​អ្វី​ក៏​ដោយ សូម​ឲ្យ​វា​ជា​ប្រយោជន៍​ចំពោះ​កូន​ខ្លួន​ឯង និង​អ្នក​ដទៃ​​ណា។

រឿង​ទី​៥៖

នៅ​សាលារៀន លោកគ្រូ​អ្នក​គ្រូ​មិន​បាន​មាន​តួនាទី​ត្រូវ​ធ្វើ​ល្អ​ជាមួយ​កូន​ទេ បើ​សិន​កូន​មិន​គោរព​ពួក​លោក​មុន។ មិត្តភ័ក្ដិ​របស់​កូន​ក៏​មិន​បាន​មាន​នាទី​ត្រូវ​ធ្វើ​ល្អ​ជាមួយ​កូន​ដែរ បើ​សិន​កូន​មិន​យក​ចិត្ត​ទុក​ដាក់​ជាមួយ​គេ ហើយ​នៅ​ក្នុង​ជីវិត​របស់​កូន ក៏​មិន​មាន​នរណា​ដែល​កើត​មក​ដើម្បី​ត្រូវ​ធ្វើ​ល្អ​ជាមួយ​កូន​ដែរ ក្រៅ​ពី​ពុក​ម៉ែ។ កុំ​គិត​ថា​នៅ​ថ្ងៃ​ណា​​ដែល​កូន​បាត់​មុខ​ពី​លោក​នេះ ពិភពលោក​នឹង​មិន​វិល​ទៅ​មុខ​ទៀត ប៉ុន្តែ​ក៏​កុំ​មើល​រំលង​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ឬ​គ្មាន​អ្វី​សំខាន់ រហូត​មិន​​ចាប់​អារម្មណ៍​ខ្លួន​ឯង​។

រឿង​ទី​ ៦៖

ការ​រាប់​អាន​មិត្តប្រៀប​បីដូច​ជា​ការ​បណ្ដាក់​ទុន។ នៅ​ពេល​បណ្ដាក់​ទុន​ក៏ត្រូវ​មាន​ផល​​កម្រៃ។ បើ​សិន​កូន​រាប់​អាន​នរណា​ម្នាក់​ហើយ​ ប៉ុន្តែ​ចុង​ក្រោយ​មិត្ត​ម្នាក់​នោះ​​ធ្វើ​ឲ្យ​កូន​ខាត​បង់ នោះ​ក៏​មាន​​ន័យ​ថា​ការ​បណ្ដាក់​ទុន​របស់​កូន​គឺ​បរាជ័យ។ ចូរ​កូន​ជ្រើសរើស​រាប់​អាន​មនុស្ស​ដែល​មាន​គុណធម៌ ហើយ​អ្វី​ដែល​សំខាន់ នៅ​ពេល​​មិត្ត​ល្អ​របស់​កូន​ធ្លាក់​ខ្លួន​លំបាក កូន​ត្រូវ​ហុច​ដៃ​ជួយ​គេ។ ព្រោះ​អ្វី? ព្រោះ​អ្នក​ដែល​សើច​សប្បាយ​ជាមួយ​យើង​​គឺ​ងាយ​នឹង​ភ្លេច ប៉ុន្តែ​អ្នក​ដែល​យំ​ជាមួយ​យើង​គឺ​មិន​ងាយ​នឹង​ភ្លេច​បាន​ទេ។

រឿង​ទី​៧៖

ថ្ងៃ​ណា​មួយ កូន​ក៏​ត្រូវ​មាន​ស្នេហា។ ម្ដាយ​ធ្លាប់​ឆ្លង​កាត់​រឿង​នេះ​​មក​មុន ចង់​តឿន​កូន​ថា “ស្រឡាញ់​ដំបូង​អ្វី​ៗ​ក៏​ល្អ អ្វី​ៗ​ក៏​ផ្អែម តែ​ដល់​យូរ​មែនទែន ទឹក​ឃ្មុំ​ផ្អែម​ក៏​អាច​ក្លាយ​ជា​ល្វីង”។ រឿង​ស្នេហា​​គ្មាន​អ្នក​ណា​ជៀស​ផុត​ទេ បង​ស្រឡាញ់​អូន អូន​ស្រឡាញ់​បង យើង​ទាំង​ពីរ​អ្នក​ស្រឡាញ់​គ្នា ប្រយោគ​ទាំង៣​នេះ​អ្នក​ណា​ៗ​ក៏​ចង់​ឮ ប៉ុន្តែ​វា​ជា​ភាគ​រយ​តិច​មែនទែន។ ដូច្នេះ​ហើយ​នៅ​ពេល​ ​ស្រឡាញ់​អ្នក​ណា​ម្នាក់ កូន​កុំ​ងប់​នឹង​គេ​ដល់​ថ្នាក់​ងើប​ក្បាល​មិន​រួច។

រឿង​ទី​៨៖

ជីវិត​របស់​មនុស្ស​យើង​មិន​អាច​ជោគជ័យ​​គ្រប់​ពេល​នោះ​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ត្រូវ​​បរាជ័យ​​មួយ​ជីវិត​ដែរ។ នៅ​ពេល​កូន​ជោគជ័យ កូន​ត្រូវ​មាន​សតិ ត្រូវ​ដឹង​ថា​លើ​លោក​នេះ​​មាន​អ្នក​ពូកែ​ជាង​កូន​ច្រើន​នាក់​ទៀត។ នៅ​ពេល​បរាជ័យ កូន​កុំ​បាក់​ទឹក​ចិត្ត ត្រូវ​ព្យាយាម​តស៊ូ​ឲ្យ​ដល់​ទី​បំផុត ពី​មុន​ខំ​​ដើរ​មក​យ៉ាង​ណា ពេល​នេះ​ក៏​ត្រូវ​ដើរ​ទៅ​មុខ​យ៉ាង​ហ្នឹង​ដូច​គ្នា។

រឿង​ទី​៩៖

មិន​ថា​ឪពុក​ម្ដាយ​អ្នក​ណា គឺ​សុទ្ធ​តែ​ចង់​ឲ្យ​កូន​នៅ​ក្បែរ​ខ្លួន​គ្រប់ពេល​វេលា ប៉ុន្តែ​កូន​ៗ​ក៏​ត្រូវ​ធំ​ឡើង​នៅ​ថ្ងៃ​ណា​មួយ។ ម្ដាយ​ជឿ​ថា លោក​របស់​កូន​នឹង​កាន់​តែ​​ធំ​ទូលាយ ហើយ​នៅ​ពេល​នោះ លោក​​របស់​កូន​នឹង​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​លោក​របស់​ពុក​ម៉ែ។ ប្រាកដ​ណាស់ អ្នក​ជា​ឪពុក​ម្ដាយ ក៏​ចង់​ឱបក្រសោប​កូន​ឲ្យ​បាន​ច្រើន​បំផុត។ ហេតុ​អ្វីមែន​ទេ? ព្រោះ​ថា​​អាយុ​កូន​កាន់​តែ​ច្រើន ពេល​វេលា​នៅ​សល់​សម្រាប់​ឪពូក​ម្ដាយ​កាន់​តែ​តិច តែ​ពុក​ម៉ែ​ក៏​​នៅ​មាន​អារម្មណ៍ មាន​បេះដូង​ដែរ​ណា​កូន។ ចំណុច​នេះ ម៉ែ​សង្ឃឹម​ថា​កូន​អាន​ហើយ​នឹង​យល់។

រឿង​ទី​១០៖

យើង​ជា​ឪពុក​ម្ដាយ​កូន​នឹង​គ្នា​តែ​ត្រឹម​ជាតិ​នេះ​ទេ បើ​ទោះ​បី​ជាតិ​នេះ​ម្ដាយ​មិន​អាច​ដើរ​ទៅ​ជាមួយ​កូន​អស់​មួយ​ជីវិត ប៉ុន្តែ​នៅ​ពេល​ណា​ដែល​​មាន​ព្យុះ​​មាន​ភ្លៀង ពុក​ម៉ែ​នឹង​រក​វិធី​ការពារ​កូន​ឲ្យ​បាន​ល្អ​បំផុត។ បើ​ទោះ​បី​មិន​អាច​​កៀក​ស្មា​តស៊ូ​ជាមួយ​កូន ប៉ុន្តែ​សុំ​ឲ្យ​កូន​ដឹង​ថា បើ​ពេល​​ណា​កូន​​មាន​ទុក្ខ មាន​ការ​ឈឺ​ចាប់ សូម​ងាក​មក​ពុក​និង​ម៉ែ​ ពុក​ម៉ែ​នឹង​ជួយ​បន្ធូ មិន​ថា​ពេល​វេលា​ក្នុង​ជាតិ​នេះ​របស់​ពុក​ម៉ែ​នៅ​សល់​ស្ដួចស្ដើង​ប៉ុណ្ណា​ក្ដី។ សូម​កូន​ថ្នម​រក្សា​ពេល​វេលា​ជាមួយ​ពុក​ម៉ែ​​ឲ្យ​បាន​ល្អ ព្រោះ​ពួក​យើង​នឹង​គ្មាន​ឱកាស​ក្លាយ​ជា​ឪពុក​ម្ដាយ​កូន​នឹង​គ្នា​​ម្ដង​ទៀត​ទេ ៕

ចុចអាន៖

ប្រភព៖ NusonBooks ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម