ទម្លាប់​កំពូល​អាត្មា​និយមសំខាន់ៗចំពោះ​ខ្លួន​ឯង ជា​ពិសេស​ស្រីៗ ធ្វើ​ឲ្យ​​ឆ្អឹង​មាន​បញ្ហា​កែ​លេង​កើត

  • 2018-03-26 05:00:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធម្មជាតិ​របស់​មនុស្ស​ទូទៅ ចូល​ចិត្ត​របស់​​ងាយ​ស្រួល ខ្ជិលច្រអូស ហើយ​ចូល​ចិត្ត​សប្បាយ រហូត​ដល់​ថ្នាក់​អាត្មា​និយម​ភ្លេច​គិត​ពី​ខ្លួន​ឯង​ទៀត​ផង។ ភាគ​តិច​ណាស់​ ដែល​ចេះ​គិត​គូរ​ពី​សុខភាព​ល្អ​ឯង ខណៈ​ភាគ​ច្រើន​ចូល​ចិត្ត​រឿង​ផឹក​ស៊ី​សប្បាយៗ បង្កើត​ជា​ទម្លាប់​មិន​ល្អ បង្ក​ឲ្យ​មាន​ជំងឺ​ប្រចាំ​កាយ​ស្រោច​ស្រង់​លេង​រួច​ក៏​មាន។

ថ្ងៃ​នេះ Sabay លើក​ពី​ទម្លាប់​អាត្មា​និយម​របស់​មនុស្ស​សំខាន់ៗ ដែល​បង្កើត​បាន​ជំងឺ​មួយ​ស្រោច​ស្រង់​លែង​បាន​ បើ​ទោះ​មាន​លុយ​ប៉ុណ្ណា​ក៏​ដោោយ។ នោះ​គឺ​ជំងឺ​ពុក​ឆ្អឹង ឬ​ឆ្អឹង​ស្ពោត ដែល​កើត​ឡើង​លើ​មនុស្ស​គ្រប់​គ្នា​មិន​ថា​​មាន-ក្រ​ឡើយ ដោយ​ធ្វើ​ឲ្យ​អ្នក​ជំងឺ ពិការ ព្រម​ទាំង​ការ​ធ្វើ​ចលនា​រាងកាយ​មាន​កម្រិត។

១៥% នៃ​ទម្ងន់​រាង​កាយ​សរុប​របស់​មនុស្ស គឺ​ឆ្អឹង ហើយ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ផ្ដល់​ទម្រង់​រូបរាង​កាយ ការពារ​សរីរាង្គ​សំខាន់ៗ និង​រក្សា​ទុក​សារធាតុ​រ៉ែ និង​ជាតិ​ខ្លាញ់។ វា​ក៏​ផ្ទុក​ខួរ​ឆ្អឹង​ដែល​ផលិត​កោសិកា​ឈាម​ក្រហម កោសិកា​ឈាម​ស និង​ប្លាកែត​ទៀត​ផង។

ប៉ុន្តែ ស្ត្រី​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង​ខ្ពស់​ជាង​បុរស ដោយសារ​តែ​ការ​ថយ​ចុះ​អ័រម៉ូន​អ៊ឹស្ត្រូសែន​របស់​ស្ត្រី ពេល​អស់​រដូវ។ ការ​ថយ​ចុះ​កម្រិត​អ័រម៉ូន​អ៊ឹស្ត្រូសែន ធ្វើ​ឲ្យ​ដង់ស៊ីតេ [កំហាប់] ឆ្អឹង​របស់​ស្ត្រី​បាត់​បង់​បន្តិច​ម្តងៗ។ បើ​ស្ត្រី​មាន​អាយុ​លើស​ពី ៥០ ឆ្នាំ ឬ​ជា​មនុស្ស​ដែល​ក្រ​មក​រដូវ ឆាប់​អស់​រដូវ មាន​ទម្ងន់​ខ្លួន​ស្រាល ឬ​រាង​កាយ​តូច និង​ស្តើង នោះ​នឹង​ស្ថិត​ក្នុង​ចំណោម​អ្នក​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ពុក​ឆ្អឹង។

កាន់​តែ​សំខាន់​ជាង​នេះ​ គឺ​ការ​ទទួល​ជាតិ​កាល់ស្យូម និង​វីតាមីន D បាន​តិច ជក់បារី ផឹក​ស្រា​ច្រើន​ហួស​ប្រមាណ និង​មិន​ហាត់​ប្រាណ ជា​មូល​ហេតុ​សំខាន់ៗ​ធ្វើ​ឲ្យ​កំហាប់​ឆ្អឹង​ថយ​ចុះ។

យ៉ាង​ណា​ក៏​ដោយ ស្ត្រី​អាច​ការពារ ឬ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ពុក​ឆ្អឹង​ដោយ៖

  • កុំ​ផឹកស្រា៖ ការ​ស្រាវជ្រាវ​រក​ឃើញ​ថា គ្រឿង​ស្រវឹង​បង្កើន​ហានិភ័យ​បាក់​ឆ្អឹង​ត្រគាក និង​បាក់​ឆ្អឹង​ដោយ​សារ​ឆ្អឹង​ពុក។
  • ឈប់​ជក់​បារី៖ ជក់​បារី​អាច​ប៉ះពាល់​ដល់​កោសិកា​ឆ្អឹង និង​ប្រឈម​ខ្ពស់​នឹង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ពុក​ឆ្អឹង។
  • ហាត់​ប្រាណ
  • ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម និង​វីតាមីន D (ទឹក​ដោះ​គោ គ្រាប់​ធញ្ញជាតិ ស៊ុត ត្រី​សាលម៉ុង ត្រី​ធូណា បន្លែ​ស្លឹក​បៃតង)។

ជា​ទូទៅ មនុស្ស​ត្រូវ​ការ​ជាតិ​កាល់ស្យូម​ពី ១០០០ ទៅ ១២០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ដើម្បី​រក្សា​ឆ្អឹង​ឲ្យ​មាន​សុខភាព​ល្អ។ មនុស្ស​ក៏​ត្រូវ​ការ​វីតាមីន D ដើម្បី​ជួយ​រាងកាយ​ស្រូប​យក​កាល់ស្យូម​ក្នុង​អាហារ​ឲ្យ​បាន​ល្អ​ដែរ។

ជា​ធម្មតា ជំងឺ​ពុក​ឆ្អឹង​គ្មាន​រោគ​សញ្ញា​ឡើយ ហើយ​អ្នក​ជំងឺ​អាច​ដឹង​ថា​គេ​មាន​ជំងឺ​ឆ្អឹង​ពុក ពេល​មាន​ឆ្អឹង​បាក់។ ប៉ុន្តែ អ្នក​ក៏​អាច​មាន​អាការៈ ឈឺ​ឆ្អឹង​ខ្នង ចង្កេះ កម្ពស់​ទាប​ជាង​មុន ឬ​ខ្នង​កោង ជាដើម។ អ្នក​គប្បី​ពិនិត្យ​កំហាប់​ឆ្អឹង​ជា​ប្រចាំ ដើម្បី​ជៀសវាង​ជំងឺ​ពុក​ឆ្អឹង។

បើ​មាន​សំណួរ​ពាក់ព័ន្ធ​នឹង​អត្ថបទ​នេះ ឬ​ការ​ថែរក្សា​សុខភាព អាច​ទាក់​ទង​តាម៖

ចំណាំ៖ រាល់​សប្ដាហ៍ កញ្ញា នឹង​ចេញ​ផ្សាយ​អត្ថបទ​សុខភាព​ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​របស់​ទស្សនាវដ្ដី Healthwise Digest ពី DKSH

ដោយ៖ សុផាត

អត្ថបទពេញនិយម