ប្រយ័ត្ន! នារី​ម្នាក់​ប៊ិះ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ព្រោះ​​ប្រើ​ទូរសព្ទ​២០​ម៉ោង​ជាប់​គ្នា​

  • 2018-03-21 08:19:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រភព​ពី​វិបសាយ​ Asiaone​ បាន​រាយការណ៍​ថា កាល​ពី​ពេល​ថ្មីៗ​នេះ នារី​ម្នាក់​ត្រូវ​ទទួល​ការ​វះ​កាត់​ខួរ​ក្បាល​ភ្លាមៗ ក្រោយ​រក​ឃើញ​ថា​មាន​ដុំ​ឈាម​កក​ក្នុង​ខួរ​ក្បាល។

នារី​ម្នាក់​នៅ​ប្រទេស​ចិន​បាន​​អង្គុយ​ចុច​ទូរសព្ទ​ប្រហែល​២០​ម៉ោង​ជាប់​គ្នា ក្នុ​ងពេល​កំពុង​ធ្វើ​ដំណើរ​តាម​រថភ្លើង ពី​ខេត្ត Henan ទៅ Guangzhou។ ក្នុង​ពេល​អង្គុយ​ក្នុង​រថភ្លើង នាង​គិត​តែ​​ពី​ឈ្ងោក​មើល​ទូរសព្ទ​ដោយ​មិន​កម្រើក ឬ​ងើប​ដើរ​ទៅ​ណា​ឡើយ។ លុះ​មក​ដល់​ចំណត ជន​រងគ្រោះ​ស្រាប់​តែ​អស់​កម្លាំង​ងើប​ដើរ​លែង​រួច ហើយ​ក៏​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​សាកលវិទ្យាល័យ​ Jinan​ ​ភ្លាម​ដើម្បី​សង្គ្រោះ​បន្ទាន់។

តាម​ការ​ពិនិត្យ ​ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​ថា នារី​រងគ្រោះ​មាន​សញ្ញាណ​នៃ​ជំងឺ​ដាច់​សរសៃ​ខួរ​ក្បាល​ ដោយ​សារ​តែ​រោគសញ្ញា​មួយ​ចំនួន​គួរ​ឱ្យ​កត់​សម្គាល់​ដូចជា និយាយ​មិន​ចេញ ​វង្វេងវង្វាន់​ និង​កម្រើក​មិន​បាន​។ ​ក្រោយ​ធ្វើ​ CT scan និង​ MRI រួច គ្រូពេទ្យ​ក៏​បាន​រក​ឃើញ​ថា​មាន​ដុំ​ឈាម​កក​នៅ​ផ្នែក​ខាង​ឆ្វេង​ខួរ​ក្បាល​របស់​នាង។ ការ​វះ​កាត់​ត្រូវ​ធ្វើ​ឡើង​ភ្លាមៗ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​នារី​រងគ្រោះ ហើយ​បន្ទាប់​ពី​ចំណាយ​ពេល​អស់​៣​ម៉ោង ដុំ​ឈាម​កក​ទំហំ​២​ស.ម ក៏​ត្រូវ​បាន​យក​ចេញ​បាន​សម្រេច។

លោក​វេជ្ជបណ្ឌិត Meng​ អនុ​ប្រធាន​ដេប៉ាត់ម៉ង់​​ប្រសាទ​សាស្ត្រ​នៃ​មន្ទីរ​ពេទ្យ​សាកលវិទ្យាល័យ Jinan បាន​ឱ្យ​ដឹង​ថា នារី​ខាង​លើ​មាន​ដុំ​ឈាម​កក​ក្នុង​ខួរ​ក្បាល​ច្រើន​ជាង​២​ដុំ​ឯណោះ។ ស្ថានភាព​សុខភាព​របស់​នាង​ពី​ដើម​ឡើយ គឺ​មាន​សភាព​ធម្មតា និង​មិន​ដែល​មាន​ប្រវត្តិ​ដាច់​សរសៃ​ឈាម​ពី​មុន​មក​ឡើយ។

លោក​ដុកទ័រ​បាន​ព្រមាន​ថា ការ​ឈ្ងោក​ក្បាល​ឱន​មើល​ទូរសព្ទ​យូរ​នឹង​បណ្ដាល​ឱ្យ​សរសៃ​ឈាម​នៃ​ត្រង់​ក​ទៅ​ជា​ស្ទះ​។ ហេតុ​នេះ​ហើយ បើ​បន្ត​យូរ​ទៀត វា​នឹង​ទៅ​ជា​ការ​កក​សរសៃ​ឈាម​។ គ្រូពេទ្យ​ជាច្រើន​ទៀត​ក៏​បាន​ផ្ដល់​ការ​សន្និដ្ឋាន​ស្រដៀង​គ្នា​នេះ​ដែរ​ថា បច្ចុប្បន្ន​នេះ​មនុស្ស​វ័យ​ក្មេង​ដែល​កើត​ជំងឺ​ដាច់​សរសៃឈាម​មាន​ការ​កើន​ឡើង​ៗ ដោយ​សារ​តែ​ការ​ប្រើ​ទូរសព្ទ​យូរៗ ។ ដូច្នេះ​ក្នុង​ពេល​ប្រើ​ទូរសព្ទ​ត្រូវ​រក​កន្លែង​អង្គុយ ឬ​សម្រួល​ឥរិយាបថ​ឱ្យ​បាន​ស្រួល​ដើម្បី​សម្រួល​សរសៃ​ឈាម​កុំ​ឱ្យ​ស្ទះ៕

ប្រភព៖ Asiaone ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម