តិចនិក​គ្រប់គ្រង​ពេល​វេលា​​ដ៏​ល្អ សម្រាប់​​ស្ត្រី​មាន​កូន​ផង​​រវល់​ការងារ​ក្រៅ​ផង​​

  • 2018-01-12 01:59:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​ដ៏​អយុត្តិធម៌​របស់​នារី​សម័យ​ថ្មី​មួយ​ចំនួន​ គឺ​​ក្រោយ​ពី​រៀបការ​រួច ពួកគាត់​​ត្រូវ​​បំពេញ​តួនាទី​ពីរ​ក្នុង​ពេល​តែ​មួយ​ គឺ​ជា​​​​​មេផ្ទះ​ដ៏​ល្អ​ផង ព្រម​ទាំង​​ត្រូវ​ធ្វើ​ការ​ក្រៅ​ផ្ទះ ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​​បន្ថែម​​ផង​។ វា​ពិត​ជា​រឿង​​ដ៏​ពិបាក​ និង​ហត់នឿយ​ខ្លាំង​ណាស់ ព្រោះ​​ក្រោយ​ពី​ចំណាយ​ពេល​ពេញ​​មួយ​ថ្ងៃ​នៅ​កន្លែង​ធ្វើ​ការ​ អ្នក​ត្រូវ​ថែម​ម៉ោង​ក្នុង​ការ​ចាត់ចែង​ការងារ​ផ្ទះ ជា​ម្ដាយ​​ល្អ ប្រពន្ធ​ល្អ​សម្រាប់​គ្រួសារ​ទៀត​។ ដូច្នេះ​បើ​អ្នក​កំពុង​តែ​ជួប​ឧបសគ្គ​ក្នុង​ការ​គ្រប់គ្រង​ពេល​វេលា តិចនិក​ទាំង​៥​ខាង​ក្រោម​​​អាច​ជួយ​អ្នក​បាន​៖​

រូបតំណាង

**១. រៀបចំ​គម្រោង​ប្រចាំ​សប្ដាហ៍​**

ល្ងាច​ថ្ងៃ​អាទិត្យ​ជា​ពេល​វេលា​ដ៏​ល្អ សម្រាប់​អ្នក​ក្នុង​ការ​រៀប​គម្រោង​ប្រចាំ​សប្ដាហ៍​ថ្មី​។ វា​មិន​មែន​ជា​គម្រោង​របស់​អ្នក​ម្នាក់​ឯង​ទេ តែ​សម្រាប់​សមាជិក​គ្រប់​គ្នា ដូច្នេះ​វា​ត្រូវ​តែ​បញ្ចូល​គ្រប់​ព័ត៌មាន​សំខាន់ៗ​ កាលវិភាគ​សម្អាត ក៏​ដូចជា​កំណត់​ចំណាំ និង​កម្មវិធី​នានា​ដែល​អ្នក​​​ត្រូវ​រំលឹក​ខ្លួន​ឯង និង​សមាជិក​ដទៃ​ទៀត​​ឲ្យ​ចងចាំ​។ បើ​អ្នក​បរាជ័យ​ក្នុង​ការ​រៀប​គម្រោង មាន​​ន័យ​ថា​​អ្នក​កំពុង​រៀប​គម្រោង​​ទៅ​រក​ភាព​បរាជ័យ​ហើយ​។​

២. បង្កើត​​​គម្រោង​សម្អាត​ប្រចាំ​សប្ដាហ៍​

កុំ​ស្ពាយ​ការងារ​ផ្ទះ​តែ​ម្នាក់​ឯង រៀប​កាល​វិភាគ​​​បែងចែក​វា​ដល់​កូនៗ និង​ប្តី​​​របស់​អ្នក​ផង​ដែរ​។ សុំ​ការ​សហការ​ ពន្យល់​​ពួកគេ​ឲ្យ​យល់​ពី​​ការ​ចេះ​ជួយ​គ្នា និង​បង្កើត​ទម្លាប់​ល្អ​​​​ប្រចាំ​គ្រួសារ​។ បើ​អ្នក​មិន​ធ្វើ​បែប​នេះ​ទេ អ្នក​​ប្រាកដ​ជា​​ត្រូវ​ក្លាយ​ជា​ទាសករ​ជីវិត ដែល​គ្មាន​ពេល​​សម្រាក និង​រីករាយ​​​​សម្រាប់​ខ្លួន​ឯង​សោះ​ឡើយ​។​

៣. ធ្វើ​ការ​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ​

រូបតំណាង

អ្នក​ត្រូវ​ហ្វឹកហាត់​​ធ្វើ​ការ​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ​ ព្រម​ទាំង​បង្កើន​ល្បឿន​វា​​តាម​តែ​អាច​ទៅ​រួច​។ កំដរ​កូនៗ​ធ្វើ​កិច្ចការ​ផ្ទះ​របស់​ពួកគេ​ផង ហើយ​ក៏​ឆ្លៀត​ពេល​រៀន​មេរៀន​​ត្រៀម​ប្រឡង​ខ្លួន​ឯង​ផង ឬ​​ក្នុង​ពេល​ចម្អិន​ម្ហូប អ្នក​​ក៏​ត្រូវ​​ឆ្លៀត​ពេល​បោស​សំអាត រៀបចំ​​ផ្ទះ​​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ផង​ដែរ​។​ ដំបូង​វា​អាច​លំបាក​ខ្លាំង ប៉ុន្តែ​​ឲ្យ​តែ​អ្នក​មាន​ចិត្ត​តស៊ូ ​អ្នក​ប្រាកដ​ជា​ក្លាយ​ជា​មាតា​ដៃ​មួយ​រយ​បាន​​​ដោយ​ជោគជ័យ​​។​

៤. តាម​ឲ្យ​ជាប់​ជាមួយ​​កាលវិភាគ​

ទម្លាប់​ខ្លួន​ឯង ឲ្យ​ប្រកាន់​​ខ្ជាប់​ជាមួយ​​គ្រប់​សកម្មភាព​ដែល​ខ្លួន​បាន​គ្រោង​ទុក​រួច​។ ក្រោក​ពី​ព្រលឹម ឲ្យ​ទៀង​ម៉ោង រៀបចំ​អាហារ​ពេល​ព្រឹក និង​ខ្ចប់​អាហារ​ថ្ងៃ​ត្រង់​សម្រាប់​សមាជិក​គ្រប់​គ្នា​ជា​រៀង​រាល់​ថ្ងៃ​។ កុំ​ដំអក់ ឬ​ឲ្យ​ការ​ខ្ជិល​ច្រអូស​​អូសទាញ គ្រប់គ្រង​បាន​​។ ជីវិត​ជា​អ្នក​​ជា​ប្រពន្ធ និង​អ្នក​ម្ដាយ គឺ​រវល់​យ៉ាង​នេះ​ហើយ ដូច្នេះ​អ្នក​ត្រូវ​តែ​ព្យាយាម​សម្រប​ខ្លួន​ជាមួយ​វា​ឲ្យ​បាន​។​

៥. រៀន​​​ឆ្លើយ​​បដិសេធ​

អ្នក​​មិន​អាច​ផ្គាប់​ចិត្ត​មនុស្ស​​គ្រប់​គ្នា​​បាន​ទេ​។ ដូច្នេះ​អ្នក​ត្រូវ​ហ៊ាន​​​និយាយ​បដិសេធ​ចំពោះ​ការ​ថែម​ម៉ោង​​ដែល​មេ​របស់​អ្នក​ស្នើ​សុំ ឬ​​ការ​អញ្ជើញ​ទៅ​វិធី​ខួប​កំណើត​របស់​មិត្តភក្ដិ​កូនៗ​​អ្នក​។​ កុំ​ខ្លាច​​ពួកគេ អន់​ចិត្ត រួច​ទ្រាំ​លំបាក​តែ​ម្នាក់​ឯង​។ អ្នក​ត្រូវ​ហ៊ាន​និយាយ​​តតាំង ដោយ​ពន្យល់​ហេតុផល​ឲ្យ​ពួកគេ​យល់ នោះ​ទើប​​ជា​រឿង​ត្រឹមត្រូវ​ដែល​គួរ​ធ្វើ​ ៕

ចុចអាន៖

ប្រភព៖ Careergirldaily ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម