តើ​ពេល​គេង​លក់ ​មាន​អ្វី​កើត​ឡើង​ចំពោះ​រាង​កាយ​?​

  • 2024-02-16 13:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ពេល​គេង​​លក់​​​​ទាំង​រាង​កាយ ​ទាំង​ខួរ​ក្បាល មាន​ពេល​ជួស​ជុល​ខ្លួន​ឯង​ និង​​ធ្វើ​ការ​ងារ​ចាំ​បាច់​មួយ​ចំនួន​ដូច​ជា​​​សម្អាត​កាក​សំណល់​ចេញ​ពី​រាង​កាយ និង​បញ្ចេញ​អ័រម៉ូន​ជា​ដើម​។

គេង​បាន​គ្រប់​គ្រាន់​ល្អ​សម្រាប់​សុខ​ភាព​ទូទៅ​។ ជាក់​ស្ដែង​យើង​ត្រូវ​ការ​គេង​ដើម្បី​រស់​រាន​មាន​ជីវិត ដូច​ទៅ​នឹង​ការ​ញ៉ាំ​អាហារ និង​ទឹក​​ដែរ​។ ដូច​នេះ គឺ​គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ទេ​ដែល​យើង​ត្រូវ​ចំណាយ​ពេល​​ប្រហែល​១​ភាគ​៣​នៃ​ជីវិត​សម្រាប់​តែ​ការ​គេង​។​

ដំណើរ​ការ​ជីវ​សាស្រ្ត​មួយ​ចំនួន​បាន​កើត​ឡើង​ពេល​យើង​គេង​លក់​​៖

  • ​ខួរក្បាល​​ស្តុក​ទុក​ព័ត៌មាន​ថ្មីៗ និង​​បំផ្លាញ​សារធាតុ​ពុល​​ផ្សេង​ៗ​
  • កោសិកា​ប្រសាទ​បង្កើត​ទំនាក់​ទំនង​ និង​រៀប​ចំ​ឡើង​វិញ ដែល​ជួយ​ឲ្យ​ខួរក្បាល​មាន​ដំណើរ​ការ​ល្អ​
  • រាង​កាយ​ជួសជុល​កោសិកា បង្កើន​ថាមពល​ឡើងវិញ ​និង​បញ្ចេញ​អ័រម៉ូន និង​ប្រូតេអ៊ីន​

ដំណើរ​ការ​ជីវសាស្រ្ត​នេះ​មាន​សារសំខាន់​សម្រាប់​សុខ​ភាព​ទូទៅ បើ​សិន​មិន​មាន​ដំណើរ​ការ​នេះ​រាង​កាយ​របស់​យើង​មិន​អាច​ដំណើរ​ការ​បាន​ល្អ​នោះ​ទេ​។​​​

តើ​​យើង​គួរ​គេង​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​​?

​បើ​តាម​ការ​ណែ​នាំ​របស់​ CDC អាមេរិក​​រយៈ​ពេល​នៃ​ការ​គេង​គឺ​អាស្រ័យ​ទៅ​តាម​អាយុ​ និង​អាច​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ផង​ដែរ​។ ​​

  • កូន​ទើប​កើត​ដល់​អាយុ​៣​ខែ៖ ១៤​ទៅ​១៧​ម៉ោង​​
  • អាយុ​៤ខែទៅ​១២​ខែ៖ ១២​ទៅ​១៦​ម៉ោង​​
  • ១ឆ្នាំទៅ​២ឆ្នាំ៖ ១១​ទៅ​១៤​ម៉ោង​
  • ៣ឆ្នាំ​ទៅ​៥​ឆ្នាំ​៖ ១០ទៅ​១៣​ម៉ោង
  • ៦ឆ្នាំ​ទៅ​១២​ឆ្នាំ៖ ៩​ទៅ​១២​ម៉ោង​
  • ១៣ឆ្នាំ​ទៅ​១៨​ឆ្នាំ៖ ៨​ទៅ​១០​ម៉ោង​
  • ១៨ឆ្នាំ​​ទៅ​៦០​ឆ្នាំ​៖ ៧​ម៉ោង​ឡើង​
  • ៦១​ឆ្នាំ​ទៅ​៦៥​ឆ្នាំ​៖ ៧​ទៅ​៩​ម៉ោង​
  • ៦៥​ឆ្នាំ​ឡើង​៖ ៧​ទៅ​៨​ម៉ោង​។

ប្រភព៖ healthline ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម